(ភ្នំពេញ)៖ លោក វង្សី វិស្សុត អនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំក្របខ័ណ្ឌគោលនយោបាយ សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ក្រោមប្រធានបទ «ការប្រមើលមើលពីការប្រែក្លាយសេដ្ឋកិច្ចនៅកម្ពុជា»៖ ក្របខណ្ឌយុទ្ធសាស្រ្តសម្រាប់សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ដែលសហការរៀបចំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា វិទ្យាស្ថាន ODI និង CDRI នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ភ្នំពេញ។
លោក វង្សី វិស្សុត បានលើកឡើងថា ការរៀបចំកិច្ចប្រជុំពិគ្រោះយោលបល់នេះ គឺជាព្រឹត្តិការណ៍ថ្មីមួយទៀត បន្ទាប់ពីក្រុមការងារបានធ្វើទស្សនកិច្ចសិក្សា ទៅតំបន់ស៊ីលីខុនវ៉ាលេ និងការរៀបចំកិច្ចប្រជុំតុមូលជាមួយ WB នៅសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការរៀបចំក្របខណ្ឌសេដ្ឋកិច្ចកម្ពុជា, ដើម្បីបន្តផ្តល់នូវវេទិកាសម្រាប់គ្រប់តួអង្គ ពាក់ព័ន្ធទាំងអស់ ធ្វើការពិភាក្សា និងផ្លាស់ប្តូរគំនិតទស្សនៈ ក្នុងគោលដៅកំណត់ ឱ្យបាននូវក្របខណ្ឌគោលនយោបាយ និងយុទ្ធសាស្រ្តដ៏ត្រឹមត្រូវមួយ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ក្នុងរយៈពេលវែង។
លោកបន្តថា បច្ចុប្បន្នយើងកំពុងតែរស់នៅ ក្នុងយុគ្គសម័យនៃបដិវត្តបច្ចេកវិទ្យា ព័ត៌មាន និងទំនាក់ទំនង ឬហៅថា បដិវត្តន៍ឧស្សាហកម្មទី៤ (IR 4.) ដែលមានបច្ច័យយ៉ាង ធំធេង មកលើការអភិវឌ្ឍ និងការរស់នៅរបស់មនុស្សជាតិក្នុងគ្រប់ទិដ្ឋភាព ។ ពិតណាស់ថា បដិវត្តន៍ឧស្សាហកម្មទី៤ នឹងផ្តល់នូវកាលានុវត្តន៍ យ៉ាងច្រើនដល់បណ្តាប្រទេស កំពុងអភិវឌ្ឍន៍ដូចកម្ពុជា ក្នុងការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ធ្វើការពង្រួញផ្លូវ និងពន្លឿនការអភិវឌ្ឍប្រទេស, ការបង្តើនផលិតភាព, ប្រសិទ្ធភាព និងភាពប្រកួតប្រជែង។ ក៏ប៉ុន្តែបដិវត្តន៍ឧស្សាហកម្មទី៤នេះ ក៏នឹងនាំមកនូវបញ្ហាប្រឈមថ្មីៗ បន្ថែមពីលើបញ្ហាប្រឈមនានា ដែលមានស្រាប់ថែមទៀត។ ក្នុងបរិបទនេះ កម្ពុជាចាំបាច់ត្រូវគិតគូរ ឱ្យបានគ្រប់ជ្រុងជ្រោយនូវយុទ្ធសាស្រ្ត នៃការអភិវឌ្ឍរបស់ខ្លួន ដើម្បីសម្រេចបាននូវកំណើន សេដ្ឋកិច្ចខ្ពស់ ប្រកបដោយបរិយាប័ន្ន និងធន់នឹងរឹងមាំ ពិសេសការ សម្រេចបាននូវឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
លោក វង្សី វស្សុត បានថ្លែងថា រាជរដ្ឋាភិបាលបាន និងកំពុងដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីលើកស្ទួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសហគ្រិនភាពនៅកម្ពុជា ដូចជា៖
*ទី១៖ ការបង្កើតនិងដាក់ឱ្យដំណើរការ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)
*ទី២៖ ការបង្កើតនិងដាក់ឱ្យដំណើរ ការមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ
*ទី៣៖ ការបង្កើត និងដាក់ឱ្យដំណើរការ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (EDF) និងមជ្ឈមណ្ឌលលើកកម្ពស់សហគ្រិនភាព (EPC)
*ទី៤៖ ការរៀបចំបង្កើតធនាគារ សហគ្រាសធុនតូច និងមធ្យម (SMEs Bank) ជាដើម។
ជាលទ្ធផលជាក់ស្តែង, ការរៀបចំថ្នាល និងប្រព័ន្ធអេកូឡូស៊ីសម្រាប់ការបង្កើតធុរកិច្ចថ្មី និងសហគ្រិនភាព កំពុងតែមានវឌ្ឍនភាពទៅមុខគួរឱ្យកត់សម្គាល់ ដោយក្នុងនោះ វប្បធម៌សហគ្រិនភាពកាន់តែត្រូវបានលើកកម្ពស់, ក្រុមហ៊ុនមួយចំនួនចាប់ផ្តើមជំរុញនវានុវត្តន៍ និងធ្វើឌីជីថលភាវូបនីយកម្ម នៅក្នុងអាជីវកម្មរបស់ខ្លួន ហើយក៏មានគ្រឹះស្ថានបណ្តុះបណ្តាល និងសកលវិទ្យាល័យខ្លះបានដំណើរការ កម្មវិធីបណ្តុះបណ្តាលជំនាញ និងសហគ្រិនភាពជាបណ្តើរៗផងដែរ។
លោក វង្សី វិស្សុត បានស្នើដល់អង្គប្រជុំធ្វើពិភាក្សា ឱ្យកាន់តែស៊ីជម្រៅ ដោយផ្តោតលើអាទិភាព និងយុទ្ធសាស្រ្តចំនួន ០៥ សម្រាប់ជាមូលដ្ឋាន ក្នុងការរៀបចំក្របខណ្ឌគោល នយោបាយអភិវឌ្ឍន៍ សេដ្ឋកិច្ចឌីជីថលកម្ពុជា ដែលរួមមាន៖
*ទី១៖ ការរៀបចំ និងដាក់ឱ្យដំណើរការរដ្ឋាភិបាល ឌីជីថលគ្រប់ជ្រុងជ្រោយ ដើម្បីម្យ៉ាងពង្រឹងការផ្តល់សេវា សាធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាព និងតម្លភាពផង និងម្យ៉ាងវិញទៀត ដើម្បីបង្កើតនូវបរិស្ថាន និងជាឃ្នាស់សម្រាប់ជំរុញសេដ្ឋកិច្ចឌីជីថល និងនវានុវត្តន៍ផងដែរ
*ទី២៖ ការជំរុញវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដូចជា ខែ្សកាបអុបទិច ខ្សែកាបអុបទិកតាមបាតសមុទ្រ មជ្ឈមណ្ឌលទិន្នន័យ និងការតភ្ជាប់បណ្តាញសេវាដល់អ្នកប្រើប្រាស់ និងធុរកិច្ច ដើម្បីធ្វើឱ្យសេវាអ៊ិនធឺណែត កាន់តែមានល្បឿនលឿន ហើយថ្លៃកាន់តែថោកជាមុន និងមានវិសាលភាពអាចគ្របដណ្តប់ទូទាំងប្រទេស
*ទី៣៖ ការបង្កើនសមត្ថភាព និងអក្ខរកម្មឌីជីថល ពិសេសជូនដល់ស្រទាប់យុវជន ដើម្បីទាញយកប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ និងពីទីផ្សារឌីជីថល តាមរយៈការបង្កើនគុណភាពអប់រំ, ការលើកកម្ពស់ ការបណ្តុះបណ្តាល STEAM និងការអភិវឌ្ឍជំនាញឌីជីថល ព្រមទាំងការស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D)
*ទី៤៖ ការបង្កើតក្របខណ្ឌ គោលនយោបាយ, ច្បាប់បទប្បញ្ញតិ្ត និងបទដ្ឋានស្តង់ដា ក្នុងគោលដៅ ធានាសន្តិសុខផ្នែកឌីជីថល ដូចជាការពង្រឹងការគ្រប់គ្រងទិន្នន័យ, ការការពារទិន្នន័យឯកជន និងការទប់ស្តាត់បទល្មើស ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន ជាដើម ។ ល។
*ទី៥៖ ការជំរុញអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ី សម្រាប់លើកស្ទួយសហគ្រិនភាព និងការបង្កើតធុរកិច្ចថ្មី (Startup)ក្នុងវិស័យឌីជីថល។
លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា សេដ្ឋកិច្ចឌីជីថលនឹងក្លាយជាឃ្នាស់ថ្មី (New leverage) នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើនសមត្ថភាពប្រកួតប្រជែង ផលិតភាព និងតម្លៃបន្ថែម ដូចមានចែងក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ ប៉ុន្តែវាក៏អាចមានបច្ច័យអវិជ្ជមាន ដល់ទីផ្សារការងារបច្ចុប្បន្នផងដែរ ដោយសារតែនវានុវត្តថ្មីៗ អាចនឹងជំនួសឱ្យការងារដែលប្រើប្រាស់កម្លាំងពលកម្មរូបវ័ន្ត ។ ដូច្នេះកម្ពុជាត្រូវធ្វើយ៉ាងណា ដើម្បីធានាឱ្យកម្លាំងពលកម្ម របស់ខ្លួនអាចសម្របខ្លួន និងទទួលយកនូវការធ្វើឌីជីថលភាវូបនីយកម្មនេះ ឱ្យបានជាប្រព័ន្ធ និងប្រកបដោយភាពរស់រវើក ក៏ដូចជាការអប់រំផ្នែកទស្សនៈ និងផ្នត់គំនិត។ ក្នុងន័យនេះ កម្ពុជាត្រូវតែផ្តល់ការបណ្តុះបណ្តាលនូវជំនាញពាក់ព័ន្ធសម្រាប់ថ្ងៃនេះ និងថ្ងៃអនាគត ជូនដល់កម្លាំងពលកម្ម នៅក្នុងវិស័យសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះ នៃការផ្លាស់ប្តូរឆ្ពោះទៅរកការធ្វើឌីជីថលភាវូបនីយកម្ម៕