(បាងកក, ថៃ)៖ កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី៧ បានប្រារព្ធធ្វើឡើងហើយនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី០៧ ដែលធ្វើឡើងនៅប្រទេសថៃនាឆ្នាំនេះ ត្រូវបានធ្វើឡើងដោយគ្មានវត្តមានប្រធានាធិបតីអាមេរិកនោះឡើយ គឺបញ្ជូនត្រឹមអ្នកតំណាងមកប៉ុណ្ណោះ លោក រ៉ូប៊ែរ អូប្រៀន។
ប្រទេសសមាជិកអាស៊ាន មានតែនាយករដ្ឋមន្ត្រីថៃ ឡាវ និងវៀតណាមប៉ុណ្ណោះ ដែលចូលរួម ដោយឡែកសមាជិកចំនួន៧ផ្សេងទៀតរួមទាំងកម្ពុជាផង បញ្ជូនត្រឹមរដ្ឋមន្ត្រីការបរទេស និងមន្ត្រីជាន់ខ្ពស់ចូលរួមប៉ុណ្ណោះ។
បើទោះបីអវត្តមានប្រធានាធិបតីអាមេរិក និងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានមួយចំនួនយ៉ាងណាក្តី តែកិច្ចប្រជុំនៅតែដំណើរការទៅតាមរបៀបវារៈបានគ្រោងទុក។
ក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-សហរដ្ឋអាមេរិកលើកទី៧ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន និងបេសកកជនពិសេសតំណាងប្រធានាធិបតីសហរដ្ឋអាមេរិក បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់លើរបៀបវារ:ដែលបានគ្រោងទុក។ ជាពិសេសបានធ្វើការពិនិត្យនិងពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហរដ្ឋអាមេរិកឱ្យកាន់តែរឹងមាំរីកចម្រើនទ្វេឡើងថែមទៀត។
ក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក។ មេដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក ក៏បានសង្កត់ធ្ងន់នូវសារ:សំខាន់ នៃការជំរុញភាពជាដៃគូជាមួយដៃគូសន្ទនា ដៃគូសន្ទនាតាមវិស័យ ដៃគូអភិវឌ្ឍ និងភាគីខាងក្រៅដទៃទៀត តាមរយ:ក្របខណ្ឌនីមួយៗ និងការអនុវត្តផែនការសកម្មភាពទាំងឡាយ នៃកិច្ចសហប្រតិបត្តិការនានា។
មេដឹកនាំអាស៊ាន បានលើកទឹកចិត្តឱ្យសហរដ្ឋអាមេរិក បន្តគាំទ្រការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ និងគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន ដំណាក់កាលទី៣ ដែលផ្តោតសំខាន់លើការតភ្ជាប់ ដើម្បីជួយកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេសសមាជិកអាស៊ាន និងជំរុញការតភ្ជាប់តំបន់ សំដៅសម្រេចឲ្យបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។
មេដឹកនាំអាស៊ានក៏បានវាយតម្លៃខ្ពស់ ចំពោះកម្មវិធីជំនួយបច្ចេកទេសថ្មី រវាងអាស៊ាន និងភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក ស្តីពីកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ក្នុងតំបន់អាស៊ាន តាមរយ:នវានុវត្តន៍ពាណិជ្ជកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិក សម្រាប់ឆ្នាំ២០១៩-២០២៣ ដែលនឹងបន្តជួយលើកកម្ពស់ការកសាងសហគមន៍អាស៊ាន។
នៅក្នុងកិច្ចប្រជុំកំពូលនេះដែរ មេដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក បានឈានទៅចេញផ្សាយសេចក្តីប្រកាសរបស់ ប្រធានកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៧ និងបានអនុម័តសេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ាន-សហរដ្ឋអាមេរិក ស្តីពីសន្តិសុខថាមពល៕