(ស្វាយរៀង)៖ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង (CDX) សហការជាមួយគណៈកម្មការមូលបត្រកម្ពុជា និងរដ្ឋបាលខេត្តស្វាយរៀង បានរៀបចំសិក្ខាសាលាមួយ នៅខេត្តស្វាយរៀងក្រោមប្រធានបទ «អ្វីជាការជួញដូរឧបករណ៍និស្សន្ទ៖ ការត្រៀមខ្លួន ការវិនិយោគ និងការយល់ដឹងពាក់ព័ន្ធ?» ដោយបានរួមចំណែកចែករំលែកចំណេះដឹង ពីការជួញដូរឧបករណ៍និស្សន្ទដល់សាធារណជនផងដែរ។
សិក្ខាសាលានេះជាគោលដៅទី៩ នៃសិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩ និងរៀបចំឡើងក្រោមការចូលរួមពីលោក សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា និងលោក សុខ រស់ អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង។
សិក្ខាសាលាតាមបណ្ដាខេត្តនេះ មានគោលបំណងចែករំលែកចំណេះដឹង, ជំនាញ, បទពិសោធន៍, បទប្បញ្ញាត្តិ និងឱកាសវិនិយោគដល់សាធារណជន នៅប្រទេសកម្ពុជា។
លោក សុខ រស់ បានលើកឡើងពីសក្ដានុពលនៃខេត្តស្វាយរៀង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច ដែលស្ដែងឱ្យឃើញតាមរយៈការធ្វើកំណែទម្រង់សេដ្ឋកិច្ច ដែលជួយឱ្យប្រទេសកម្ពុជា បាននិងកំពុងមានកំណើនសេដ្ឋកិច្ច នៅក្នុងរង្វង់៧%ក្នុងមួយឆ្នាំ។
លោក សុខ រស់ ក៏រំពឹងថា សិក្ខាកាមនឹងទទួលបានចំណេះដឹង ផ្នែកហិរញ្ញវត្ថុបន្ថែម ជាពិសេសលើទីផ្សារឧបករណ៍និស្សន្ទ។
លោក សុខ ដារ៉ា ក៏បានបង្ហាញពីស្ថានភាពបច្ចុប្បន្ននៃ ទីផ្សារឧបករណ៍និស្សន្ទ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាគោលជំហររបស់គណៈកម្មការមូលបត្រកម្ពុជា ក្នុងការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទបន្ថែមទៀត។ ក្នុងនោះលោកបានលើកទឹកចិត្ត ឱ្យវិនិយោគិនបង្កើនចំណេះដឹង និងត្រៀមខ្លួនរួចរាល់ សម្រាប់ការវិនិយោគលើឧបករណ៍និស្សន្ទ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោក សុខ ដារ៉ា បានបញ្ជាក់ថា «ទីផ្សារឧបករណ៍និស្សន្ទ ផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតឱកាសការងារ សម្រាប់និស្សិតដែលបានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យ ការបង្កើតឱកាសរកប្រាក់ចំណូលពីការវិនិយោគ ការផ្លាស់ប្តូរទម្លាប់ពីការសន្សំមកជាការវិនិយោគ ការបង្កើតជម្រើសថ្មីនៃការវិនិយោគ ការបង្វែរការវិនិយោគពីក្រៅស្រុកមកក្នុងស្រុក និងការបង្កើនចំណូល ជូនរដ្ឋតាមរយៈការបង់ពន្ធជាដើម»។
លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង បានបង្ហាញពីក្ដីរំពឹងខ្ពស់ លើសិក្ខាសាលាតាមបណ្ដាខេត្ត និងជឿជាក់ថា នឹងផ្ដល់អត្ថប្រយោជន៍ច្រើន ដល់វិនិយោគិនវិនិយោគលើ ផលិតផលឧបករណ៍និស្សន្ទទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។
លោក Lawrence Kook ក៏បានប្ដេជ្ញាអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរ និងមានការទទួលស្គាល់នៅទូទាំងពិភពលោក។ លោក Lawrence បញ្ជាក់ថា «មុនបំណាច់ឆ្នាំ២០១៩នេះ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា បានផ្ដល់ចំណេះជំនាញវិនិយោគ ដល់សាធារណៈជននៅគ្រប់ខេត្តក្រុងទាំងអស់នៃប្រទេសកម្ពុជា មិនតែប៉ុណ្ណោះនឹងបន្តផ្សព្វផ្សាយពី ប្រទេសកម្ពុជា និងទាក់ទាញវិនិយោគិនបរទេសឱ្យមកវិនិយោគ ក្នុងដែនដីសុវណ្ណភូមិនេះតាមរយៈពិព័រណ៍ London Summit 2019 នៅប្រទេសអង់គ្លេស ក្នុងខែវិច្ឆិកាខាងមុខនេះ»។
សូមបញ្ជាក់ថា ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា បានសហការជាមួយរដ្ឋបាលខេត្ត ក្នុងការរៀបចំសិក្ខាសាលាតាមបណ្ដាខេត្ត ក្នុងខេត្តចំនួន១៤រួចមកហើយ រួមមាន៖ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តស្វាយរៀងនេះតែម្ដង។
សម្រាបព័ត៌មានលម្អិត ឬចុះឈ្មោះចូលរួមសិក្ខាសាលាតាមបណ្ដាខេត្តនេះ សូមលោកអ្នកទំនាក់ទំនង មកក្រុមហ៊ុនតាមរយៈគេហទំព័រ www.cdx.com.kh ឬទំព័រហ្វេសប៊ុក Cambodian Derivatives Exchange ឬទូរស័ព្ទមកលេខ ០២៣ ២២ ៧៧ ៧៧៕