(កំពង់ចាម)៖ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម បានប្រាប់ឲ្យក្រុមការងារចុះជួយខេត្តទាំងអស់ ត្រូវបន្តបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរដោយមិនមានការរើសអើង។
លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះ កាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០១៩ ជាមួយក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាម។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ក្រៅពីសមិទ្ធផលច្រើនដែលក្រុមការងារធ្វើបានក្នុង ៩ខែ ឆ្នាំ២០១៩កន្លងទៅនេះ មន្ត្រីទាំងអស់ត្រូវបន្តពង្រឹង និងប្រកាន់ខ្ជាប់តួនាទី ភារកិច្ចរបស់អង្គ ភាពខ្លួន ដើម្បីត្រួតពិនិត្យ និងវាយតម្លៃអំពីសមិទ្ធផល បញ្ហាប្រឈម និងដោះស្រាយបញ្ហាប្រឈមទាំងនោះ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនសំដៅអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាព»។
លោកបន្តថា «ត្រូវបន្តលើកកម្ពស់ទទួលខុសត្រូវ ក្នុងការផ្តល់សេវាសាធារណៈនានា ជាពិសេស វិស័យសុខាភិបាល វិស័យអប់រំ វិស័យអគ្គិសនី និងវិស័យទឹកស្អាត ជូនប្រជាពលរដ្ឋប្រកបដោយ តម្លាភាព គណនេយ្យភាព និងមិនប្រកាន់និន្នាការនយោបាយ និងត្រូវប្រកាន់អាកប្បកិរិយាប្រាស្រ័យទាក់ទងជាមួយនឹងប្រជាជន ប្រកបដោយកាយវិការគោរព ស្រឡាញ់ រួសរាយរាក់ទាក់ និងមិនត្រូវមានការរើសអើងគ្នាឡើយ»។
ឧបនាយករដ្ឋមន្ត្រីបានបន្តទៀតថា ឆ្នាំ២០១៩នេះ ជាឆ្នាំដំបូង នៃការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ ដោយផ្អែកតាមបញ្ជីបញ្ហាប្រឈម និងសំណើរយៈ ពេល ៩ខែ ក្នុងនាមលោកជាប្រធានក្រុមការងារកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ពិសេសការអប់រំផ្សព្វផ្សាយទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យបានសកម្មក្នុងសហគមន៍ សាលារៀន និងមជ្ឈដ្ឋាននានាដើម្បីទប់ស្កាត់ចៀសឆ្ងាយពីគ្រឿងញៀន ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ បន្តទប់ស្កាត់ការដាក់កុងត្រូលជជុះ និងផ្សព្វផ្សាយពីស្ថាន ភាពនយោបាយ និងការអភិវឌ្ឍពិតៗផងដែរ។
លោកបានណែនាំឲ្យត្រូវបន្តកិច្ចសហការគ្នាឲ្យបានល្អ រវាងក្រុមការងារថ្នាក់ជាតិ និងក្រុមការងារថ្នាក់ខេត្តស្រុកក្រុង សហការគ្នារៀបចំវេទិកាសាធារណៈនៅមូលដ្ឋាន ដោយជួបប្រា ស្រ័យដោយផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋតាមផ្ទះ តាមគ្រួសារ និងសហគមន៍ ដើម្បីស្តាប់នូវកង្វល់សំណូមពរ និងសំណើរបស់ប្រជាជនដោះស្រាយ ក្តីកង្វល់ និងបញ្ហាទាំងនោះដោយផ្អែកលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា៕