(ត្បូងឃ្មុំ)៖ នៅចំពោះមុខកងទ័ពទាំងអស់ដែលមានស្មារតី និងជំហរយ៉ាងរឹងមាំនោះលោក ជាម ច័ន្ទសោភ័ណ បានដាក់បទបញ្ជាត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបឱ្យបានរាល់ជនអគតិទាំងឡាយ ដែលប៉ុនប៉ងប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត ដោយត្រៀមខ្លួនជាស្រេចដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ។
ថ្លែងយ៉ាងមុតស្រួចបែបនេះក្នុងឱកាសលោក ជាម ច័ន្ទសោភ័ណ និងលោកស្រី ព្រមទាំងអភិបាលរងខេត្ត មន្ទីរជុំវិញខេត្តនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយកងកម្លាំងកងយោធពលខេមរភូមិន្ទ នៅបន្ទាយតំបន់ប្រតិបត្តិការសឹងរងត្បូងឃ្មុំជាង ៧០០នាក់ និងនាំយកអំណោយជាគ្រឿងឧបភោបបរិភោគ និងថវិកាផ្តល់ជូនក្នុងម្នាក់ៗ ៥ម៉ឺនរៀលផងដែរ ដើម្បីជាការលើកទឹកចិត្ត និងបង្កើនភាពស្និទ្ធស្នាលកៀកជាប់ជាមួយកងម្លាំងដែលជាអ្នកការពារបូរណភាពទឹកដី លះបង់សាច់ស្រស់ឈាមស្រស់ ជូនជាតិមាតុភូមិ។
ថ្លែងទៅកាន់កងកម្លាំងក្នុងឱកាសនោះ លោកអភិបាលខេត្ត បានលើកឡើងថា បងប្អូនកងកម្លាំងទាំងអស់ គឺពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការការពារបូរណភាពទឹកដី និងសុខសន្តិភាព ស្ថេរភាពនយោបាយ ជូនប្រទេសជាតិ និងប្រជាជនដែលកំពុងរស់នៅ ក្នុងដំបូលសុខសន្តិភាពក្រោម ការដឹកនាំរបស់រាជរដ្ឋាភិបាលតាមលទ្ធិប្រជាធិបតេយ្យ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
លោក ជាម ច័ន្ទសោភ័ណ គូសបញ្ជាក់ថា «ជាការពិតប្រទេសជាតិយើងកំពុងតែរីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាងក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត និងប្រតិបត្តិតាម ជំនឿសាសនារៀងៗខ្លួន ប៉ុន្តែផ្ទុយទៅវិញក្រុមមនុស្សមួយចំនួនតូច ដែលមានជនក្បត់ជាតិ សម រង្ស៊ី ជាមេក្លោង បានដើរបរិហាបង្ខូចជាតិខ្លួនឯង និងបានព្យាយាមធ្វើរដ្ឋប្រហារ របបរាជានិយម និងរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យម្តងហើយម្តងទៀត ដែលសកម្មភាពនេះគឺជាចេតនាចង់ឲ្យប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាមដូចអតីតកាល ដែលទង្វើនេះ យើងត្រូវតែរួមគ្នាប្រឆាំងដាច់ខាត»។
លោក ជាម ច័ន្ទសោភ័ណ បានថ្លែងប្រកាសជាថ្មីទៀតថា ជាមួយនឹងការប្រកាសវិលចូលស្រុកបង្កចលាចលរបស់ទណ្ឌិត សម រង្ស៊ីនេះ ពិសេសចូលមកតាមច្រកព្រំដែនខេត្តត្បូងឃ្មុំ ច្បាស់ណាស់រដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ និងប្រជាជនទូទាំងខេត្តនៅស្វាគមន៍ ដោយចាត់វិធានការផ្លូវច្បាប់ និងរៀបចំបន្ទប់ពន្ធនាគាររង់ចាំទទួល៕