(កោះកុង)៖ លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ ត្រូវបានទទួលការតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកបូទុមសាគរ ក្រោមវត្តមានលោក កាយ សំរួម សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានគណៈប្រចាំការអចិន្ត្រៃយ៍គណៈខេត្តកោះកុង និងលោក មាស ប៊ុនលី អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកបូទុមសាគរ ព្រមទាំងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាសរុប ១១០រូប នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបូទុមសាគរ។
លោក ហាក់ ឡេង ដែលទទួលភារកិច្ចថ្មី បានថ្លែងថា លោក និងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីបំរើបក្សបំរើប្រជាជនគ្រប់មូលដ្ឋាន និងខិតខំពង្រឹងតាមមូលដ្ឋានឲ្យមានរចនាសម្ព័ន្ធ ដើម្បីជីវភាពប្រជាពលរដ្ឋ ដើម្បីវិស័យទេសចរណ៍និងធនធានមនុស្ស។
លោកបានបន្តថា លោកនឹងខិតខំចូលរួមគៀគរ និងបង្កើតភាពស្និតស្នាលជាមួយប្រជាពលរដ្ឋ ដើម្បីរួមសាមគ្គីគ្នាដោះស្រាយរាល់ទុក្ខកង្វល់របស់ពួកគាត់ ដោយមិនប្រកាន់និន្នាការបក្សនយោបាយ ឬពូជសាសន៍ណាមួយឡើយ។ លោកនឹងខិតខំរក្សាភាពផ្ទៃក្នុងឲ្យបានរឹងមាំ សាមគ្គីជាមួយសមាជិកសមាជិកាបក្សឲ្យបានល្អ ហើយរួមដៃគ្នាបំរើប្រជាពលរដ្ឋ បំរើប្រទេសជាតិជានិច្ច ដោយមិនលំអៀងឡើយ។
លោក កាយ សំរួម បានថ្លែងថា មិនថាអ្នកទទួលភារកិច្ចថ្មីនេះឡើយ តែសម្រាប់សមាជិកសមាជិកាបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវតែធ្វើការងារជាមួយប្រជាពលរដ្ឋឲ្យបានច្រើន ជួយដោះទុក្ខធុរៈពួកគាត់នៅពេលជួបបញ្ហាណាមួយ។
លោកថា «យើងត្រូវចូលរួមសហការជាមួយប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ដើម្បីអភិវឌ្ឍន៍មូលដ្ឋានភូមិ-ឃុំ ឲ្យមានសក្តានុពលទេសចរណ៍ ដើម្បីជីវភាពប្រជាពលរដ្ឋឲ្យបានធូរធាកាត់បន្ថយភាពក្រីក្រ និងសុវត្ថិភាពភូមិឃុំជូនប្រជាពលរដ្ឋ ព្រោះប្រទេសជាតិយើងមានសន្តិភាពសេរីភាពពេញលេញ ក្នុងដំណើរទេសចរណ៍កំសាន្តក្នុង និក្រៅប្រទេស»។
លោកបានបញ្ជាក់ថា «មានតែគណបក្សប្រជាជនកម្ពុជា១គត់ ដែលធ្វើឲ្យប្រទេសជាតិឈានរកសន្តិភាព និងដោះស្រាយរាល់ទុក្ខកង្វល់ជូនប្រជាជន ដូច្នេះយើងមិនត្រូវជឿលើសម្តីញុះញង់របស់ ជនក្បត់ជាតិ ទណ្ឌិត សម រង្ស៊ី ឡើយ ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីបេះដូងប្រជាពលរដ្ឋក្នុងការបោះឆ្នោត»៕