(ចិន)៖ តបតាមការអញ្ជើញ របស់លោកសាស្ត្រាចារ្យ លី ចុងមីង (Li Jiongming) សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យវិជ្ជសាស្រ្តគុនមីង តាមរយៈលោកសាស្ត្រាចារ្យវេជ្ជ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងលោកទន្តបណ្ឌិត ចាន់ វិចិត្រ ជានាយករង លោកវេជ្ជបណ្ឌិត សូត្រ ភារម្យ ឯកទេសវះកាត់ប្រព័ន្ធតម្រងទឹកនោម ត្រូវបានចាត់ឲ្យទៅចូលរួម ក្នុងកិច្ចប្រជុំអន្តរជាតិលើកទី៦ ស្តីពីផ្នែកវះកាត់ប្រពន្ធ័តម្រងទឹកនោម «The 6th Golden Bridge International Urology Conference» ដែលបានប្រព្រឹត្តទៅពីថ្ងៃទី០១ ដល់ទី៣ ខែវិច្ឆិកា ២០១៩ នៅទីក្រុងគួនមីង ខេត្តយូណាន ប្រទេសចិន។
កិច្ចប្រជុំអន្តរជាតិនេះ មានការចូលរួមពីវេជ្ជបណ្ឌិតឯកទេស ប្រមាណ៣៥០នាក់ ក្នុងនោះមានវេជ្ជបណ្ឌិតឯកទេសវះកាត់ ប្រព័ន្ធតម្រងទឹកនោមអន្តរជាតិចំនួន៥០រូប មកពីបណ្តាប្រទេសផ្សេងៗគ្នា ប្រមាណ២០ប្រទេស និងវេជ្ជបណ្ឌិតឯកទេសក្នុងស្រុក របស់ប្រទេសចិន ប្រមាណ៣០០នាក់។
កិច្ចប្រជុំបានប្រព្រឹត្ត ទៅក្នុងគោលបំណងចែករំលែកបទពិសោធន៍ ឲ្យគ្នាទៅវិញទៅមកពីការអនុវត្តបច្ចេកទេសទំនើប ក្នុងការវះកាត់ប្រព័ន្ធតម្រងទឹកនោម ដែលអនុញ្ញាតឲ្យវេជ្ជបណ្ឌិតឯកទេសទាំងអស់ ដែលបានចូលរួមទទួលបាន នូវបទពិសោធន៍ថ្មីល្អៗ ពីបណ្តាប្រទេស ដែលបានចូលរួម ជាពិសេសបទពិសោធន៍ នៃប្រទេសជាម្ចាស់ផ្ទះចិន។
បន្ទាប់ពីវិលត្រលប់ពីចូលរួម ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ លោកវេជ្ជ សូត្រ ភារម្យ ដែលជាវេជ្ជបណ្ឌិតខ្មែរមួយរូប ឆ្លងកាត់ការសិក្សាផ្នែកវេជ្ជសាស្រ្ត នៅប្រទេសបារាំង បានសម្តែងនូវការចាប់អារម្មណ៍ខ្ពស់ ទៅលើបច្ចេកវិទ្យានៃការព្យាបាលក្នុងប្រទេសចិន ដោយលោកវេជ្ជបណ្ឌិត បានលើកឡើងដូច្នេះថា «ខ្ញុំបានឆ្លងកាត់នៅការសិក្សានិង ការធ្វើកម្មសិក្សានៅប្រទេសបារាំង។ កាលនោះខ្ញុំគិតថា មានតែប្រទេសបារាំងទេ ដែលពូកែលើផ្នែកវេជ្ជសាស្ត្រ។ ប៉ុន្តែ ពេលនេះខ្ញុំបានឃើញ នូវអ្វីដែលជាការវិវត្តជឿនលឿនរបស់ប្រទេស ក្នុងទ្វីបអាស៊ីរបស់យើង ធ្វើបានលើសពីអ្វីដែលខ្ញុំធ្លាប់បានគិត និងធ្លាប់បានដឹងពីមុនមក»។
លោកវេជ្ជ សូត្រ ភារម្យ បានបន្ថែមទៀតថា «ក្នុងបច្ចេកទេសវះកាត់ទំនើបប្រទេសចិន ធ្វើបានទាំងអស់ ក៏ប៉ុន្តែបទពិសោធន៍ទាំងនេះ ត្រូវបានចែករំលែកមិនសូវបានច្រើន ទៅដល់ប្រទេសក្នុងតំបន់ និងពិភពលោក ដោយសារតែពួកគេប្រើប្រាស់ភាសាចិន ហើយភាសាអង់គ្លេស ដែលប្រើប្រាស់សម្រាប់ទំនាក់ទំនងនោះ មិនសូវបានទូលំទូលាយ»។
លោកវេជ្ជបណ្ឌិតខ្មែរ ឯកទេសវះកាត់ប្រព័ន្ធតម្រងទឹកនោមរូបនេះ បានបន្តទៀតថា ប្រទេសចិន បានស្វាគមន៍យ៉ាងកក់ក្តៅ ដល់វេជ្ជបណ្ឌិតមកពីប្រទេសកម្ពុជា ដោយលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត លី ចុងមីង បានសម្តែង នូវការរីករាយយ៉ាងខ្លាំង ដោយបានឃើញវត្តមានវេជ្ជបណ្ឌិតកម្ពុជា មកចូលរួមកិច្ចប្រជុំនេះ ជាលើកទី១ ហើយនៅឆ្នាំក្រោយលោក នឹងធ្វើការអញ្ជើញវេជ្ជបណ្ឌិតខ្មែរ ឲ្យបានចំនួន៣ នាក់ដើម្បីបង្កើតទំនាក់ទំនងល្អ ជាលក្ខណៈប្រពៃណី។
លើសពីនេះ លោកសាស្រ្តាចារ្យ បានសន្យានឹងផ្តល់វគ្គបណ្តុះបណ្តាលរយៈពេលខ្លី លើផ្នែកវះកាត់ប្រព័ន្ធតំរងនោមដល់និស្សិត និងក្រុមវេជ្ជបណ្ឌិតកម្ពុជា ដែលមានបំណងមកសិក្សា និងទទួលបទពិសោធន៍ លើផ្នែកវះកាត់ប្រព័ន្ធតំរងទឹកនោម នៅទីក្រុងគួនមីង។
នៅក្នុងឱកាសចូលរួមកិច្ចប្រជុំ នៅប្រទេសចិននេះដែរ លោកវេជ្ជ សូត្រ ភារម្យ បានពាំនាំនូវសេចក្តីនឹករលឹករបស់លោកសាស្ត្រាចារ្យនាយក និងនាយករងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងបានគោរពអញ្ជើញ លោកសាស្រ្តាវារ្យវេជ្ជ លី ចុងមីង និងក្រុមការងារអញ្ជើញមកទស្សនកិច្ចផ្ទាល់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ជាកិច្ចឆ្លើយតបលោកសាស្រ្តាចារ្យ បានសន្យាថា នឹងអញ្ជើញមកក្នុងពេលឆាប់ៗខាងមុខនេះ។
ឆ្លៀតក្នុងឱកាសនេះ លោកវេជ្ជ សូត្រ ភារម្យ បានធ្វើការផ្តាំដល់ប្អូនៗ និស្សិតវេជ្ជសាស្ត្រ និង ប្អូនៗវេជ្ជបណ្ឌិតជំនាន់ក្រោយ មិនត្រូវឲ្យតម្លៃលើការសិក្សា តែបណ្តាប្រទេសនៅអឺរ៉ុបដូចជា អាមេរិក និងអូស្រ្តាលីនោះទេ គួរងាកមកមើលប្រទេស ក្នុងតំបន់អាស៊ី ជាពិសេសប្រទេសចិន ដែលមានការអភិវឌ្ឍលើផ្នែកវេជ្ជសាស្ត្រ មិនចាញ់ប្រទេសល្បីៗដទៃទៀតនោះទេ។
លោកវេជ្ជបណ្ឌិត ក៏បានសម្តែងនូវអំណរគុណដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានខិតខំអភិវឌ្ឍទាំងផ្នែកធនធានមនុស្ស និងសម្ភារ និងជាពិសេសការខិតខំប្រឹងប្រែង របស់ក្រសួងសុខាភិបាល ក្នុងការអភិវឌ្ឍយ៉ាងលឿនវិស័យសុខាភិបាល របស់ប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕