(ថៃ)៖ ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ដែលជាធនាគារឈានមុខគេ ក្នុងការផ្តល់សេវាធនាគារចល័តនៅកម្ពុជា ត្រូវបានផ្តល់កិត្តិយស ជាមួយពានរង្វាន់ធុរកិច្ចអាស៊ាន (ABA) ប្រចាំឆ្នាំ ២០១៩ ក្នុងប្រភេទ «សហគ្រាសសង្គមដែលមាននិរន្តភាព» នៅទីក្រុងបាងកក ប្រទេសថៃ។ នេះជាឆ្នាំទីបីហើយ ដែលក្រុមហ៊ុនដ៏ឆ្នើមមួយនេះ បានទទួលពានរង្វាន់ធុរកិច្ចអាស៊ាន។
ពិធីប្រគល់ពានរង្វាន់នេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឧបនាយករដ្ឋមន្រ្តីថៃ លោក Anutin Charnvirakul ដោយមានចូលរួមពីប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍រួមគ្នា ស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) លោក Kalin Sarasin ប្រធានសហព័ន្ធឧស្សាហកម្មថៃ, លោក Supant Mongkolsuthree ក៏ដូចជាប្រធានសមាគមធនាគារិកថៃ លោក Predee Daochai នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
ក្នុងនោះ ក៏មានការចូលរួមពី លោកស្រី ម៉ៅ ចំណាន អគ្គនាយកប្រតិបត្តិការ នៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានចូលរួមទទួលពានរង្វាន់ នៅក្នុងកម្មវិធីនេះផងដែរ។
លោកស្រីបានថ្លែងថា «យើងខ្ញុំពិតសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះអតិថិជនទាំងអស់ និយោជិក និងដៃគូអាជីវកម្មជាច្រើនទៀត។ បើគ្មានការចូលរួមគាំទ្រដ៏ធំធេង របស់អ្នកទាំងអស់គ្នានោះទេ ចក្ខុវិស័យរបស់វីង នឹងមិនត្រូវបានទទួលស្គាល់ ព្រមទាំងមានការរីកចម្រើនមកដល់ពេលនេះទេ»។
អ្នកឧកញ៉ា គិត ម៉េង ប្រធានកុ្រមបឹ្រក្សាភិបាលនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានថ្លែងថា «សមិទ្ធិផលថ្ងៃនេះ ពិតជាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការខិតខំរបស់យើង នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុង តំបន់ទាំងមូល។ ការទទួលស្គាល់មួយនេះ គឺជាការជំរុញទឹកចិត្តយើងឲ្យខិតខំដើរទៅមុខទៀត និងបន្តនាំមកនូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត តាមរយៈផលិតផលថ្មីដែលបំពេញតំរូវការអតិថិជនរបស់យើង»។
អ្នកឧកញ៉ា បន្ដទៀតថា ពានរង្វាន់ធុរកិច្ចអាស៊ាន ត្រូវបានផ្តួចផ្តើមដោយ ASEAN-BAC ក្នុងឆ្នាំ ២០០៧ ហើយជារៀងរាល់ឆ្នាំ ពួកគេទទួលស្គាល់សហគ្រាសសង្គមឆ្នើម ដែលមានលក្ខណៈច្នៃប្រឌិត និងបានចូលរួមវិភាគទានយ៉ាងសំខាន់ ដល់អ្នកខ្សត់ខ្សោយនៅក្នុងសហគមន៍នានា របស់ពួកគេ។
លោក Manu Rajan អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានថ្លែងដោយមោទនភាពថា «ខ្ញុំពិតជាមាននូវត្រេកអរ និងសប្បាយរីករាយឥតឧបមា ដែលអាចគាំទ្របេសកកម្មរបស់ក្រុមហ៊ុនយើង ប្រកបដោយប្រសិទ្ធភាព ដែលការធ្វើបែបនេះ ជះឥទ្ធិពលជាវិជ្ជមានដល់ការទទួលបានសេវាហិរញ្ញវត្ថុ តាមទូរស័ព្ទចល័តសម្រាប់ប្រជាជនកម្ពុជា នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ»។
សូមជម្រាបថា កាលពី១០ឆ្នាំមុន វីង បានចាប់ផ្តើមផ្ដល់សេវាផ្ទេរប្រាក់ ហើយក៏បានបន្តអភិវឌ្ឍន៍ខ្លួនរហូតមក ដើម្បីផ្តល់ជូននូវផលិតផល រួមទាំងសេវាកម្មជាច្រើន ដែលកំពុងជំរុញកំណើននៃសង្គមនៃការទូទាត់ ដោយមិនប្រើប្រាស់ ក្រដាសប្រាក់ នៅក្នុងប្រទេសកម្ពុជា។
វីងនៅតែឈរនៅជួរមុខគេ នៃទីផ្សារសេវាផ្ទេរប្រាក់តាមទូរស័ព្ទ និងអេឡិចត្រូនិចនៅក្នុងប្រទេស ដែលមានសេវាគ្របដណ្តប់តាមស្រុក១០០ភាគរយ ជាមួយភ្នាក់ងារវីងជាង៧,០០០កន្លែងទូទាំងប្រទេស។ អតិថិជនវីង អាចបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទរបស់ពួកគេ ទូទាត់វិក័យប័ត្រ ផ្ទេរប្រាក់ ទិញទំនិញពីហាងតាមអ៊ីនធឺណេតនៅក្រៅប្រទេស កក់សំបុត្រយន្តហោះ ទូទាត់ថ្លៃអាហារតាមរយៈសេវាកម្ម WingPay ដែលជាសេវាកម្មទូទាត់ប្រាក់ ដោយស្កេន QR កូដ ហើយក៏អាចទទួលបានការផ្ញើប្រាក់ពីប្រទេសជាង ២០០ នៅទូទាំងពិភពលោក៕