(ភ្នំពេញ)៖ លោក ជួន មុំថុល ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានគូសបញ្ជាក់ថា គិតមកត្រឹមពេលនេះ សហភាពសហព័ន្ធសហជីពជាតិកម្ពុជា មានសមាជិកសរុបប្រមាណចំនួន៣២ម៉ឺននាក់។
ការគូសបញ្ជាក់យ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល លោក ជួន មុំថុល ប្រធាន CCTU ជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូជាន់ខ្ពស់ សហភាពសហព័ន្ធសហជីពចិន (ACFTU) នៅកម្ពុជា ដែលរៀបចំធ្វើឡើងនៅការិយាល័យ របស់សហភាពសហព័ន្ធសហជីពជាតិកម្ពុជា។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបពិភាក្សាការងារ លោក ជួន មុំថុល បានឲ្យដឹងទៀតថា ក្នុងជំនួបនេះ សហភាពសហព័ន្ធសហជីពជាតិកម្ពុជា បានសិក្សារៀនសូត្រអំពីគោលនយោបាយ របស់សេចក្ដីសម្រេចមហាសន្និបាតចិន ដែលដាក់ចេញអំពីប្រតិបត្ដិការនានាតាម «ផ្លូវមួយខ្សែក្រវ៉ាត់មួយ»។
លោកបានគូសបញ្ជាក់ថា សហភាពសហព័ន្ធសហជីពចិន និងសហភាពសហព័ន្ធសហជីពជាតិកម្ពុជា បានសហការគ្នាយូរហើយ តាំងពីឆ្នាំ១៩៩៨ ទើបតែពេលនេះចិន បើកគោលនយោបាយ «ផ្លូវមួយខ្សែក្រវ៉ាត់មួយ» ដើម្បីបង្កើតទំនាក់ទំនងគ្នាទៅវិញទៅមក រវាងសហជីពជាតិកម្ពុជា និងសហជីពចិន។
ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា ក៏បានកត់សម្គាល់ថា សហជីពចិនមានការវិវឌ្ឍន៍ខ្លាំង និងមានការបង់វិភាគទានច្រើន ហើយសហជីពចិន មានការគាំទ្រច្រើន ដែលក្នុងនោះ មានច្រើនណាស់ ដែលសហជីពកម្ពុជា ត្រូវរៀនសូត្រពីគេ ដែលយើងត្រូវយកកន្លែងណា ដែលអាចមកអនុវត្ដនៅកម្ពុជា យើងត្រូវយកមកអនុវត្ដ។
ជាមួយគ្នានោះ លោក ជួន មុំថុល ក៏បានលើកឡើងថា សហភាពសហព័ន្ធសហជីពជាតិកម្ពុជា និងសហភាពសហព័ន្ធសហជីពចិន មានគម្រោងពិភាក្សាគ្នា នៃការចងក្រងសមាជិកបន្ថែមទៀត មិនត្រឹមតែវិស័យកាត់ដេរ សម្លៀកបំពាក់ប៉ុណ្ណោះទេ គឺមានវិស័យផ្សេងៗជាច្រើនទៀត ដោយគ្រាន់តែត្រូវការថវិកា និងគម្រោង។
ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្ដិការ នៃសហជីពចិន-កម្ពុជា, យើងទទួលបានការសិក្សាពីគ្នាទៅវិញទៅមក និងកសាងទំនាក់ទំនងវិជ្ជាជីវៈល្អ កិច្ចសហប្រតិបត្ដិល្អ និងសន្ដិភាព នៅក្នុងកន្លែងការងារ។
គូសបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់សហជីពចិន (ACFTU) ដែលមកទស្សនកិច្ចនៅកម្ពុជា មានចំនួន៦រូប ដឹកនាំដោយ លោក វៃ ទីជុន អនុប្រធានសហភាពសហព័ន្ធសហជីពចិន (ACFTU) សមាជិកខុទ្ទកាល័យ, លោក អាន ជៀនហួម អគ្គនាយកនៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃសហភាពសហព័ន្ធសហជីពចិន (ACFTU), និងលោកស្រី ស៊ូ វៃ អគ្គនាយកនៃនាយកដ្ឋាននិយោជិតស្ត្រី នៃសហភាពសហព័ន្ធសហជីពចិន (ACFTU)៕