(ភ្នំពេញ)៖ នៅក្នុងពិធីបើក «សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០» របស់ក្រសួងបរិស្ថាន លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើង បានលើកឡើងថា ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម មានឥទ្ធិពលទៅលើកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះនៅកម្ពុជា។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព នឹងមិនអាចទទួលបានជោគជ័យឡើយ ប្រសិនបើពុំមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរឹងមាំ។ ដូច្នេះអាទិភាពសម្រាប់ក្រសួងបរិស្ថាន គឺត្រូវធ្វើយ៉ាងណាបន្តរក្សាឱ្យបាននូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងអធិបតេយ្យជាតិ ព្រមទាំងការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងកំណើនសេដ្ឋកិច្ចខ្ពស់ ជាមធ្យមក្នុងរង្វង់៧% ទើបអាចបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្រ បង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនបន្ថែមទៀត និងធានាមិនឱ្យភាពក្រីក្រត្រឡប់មកវិញបាន។
លោក សាយ សំអាល់ បានបញ្ជាក់បន្តថា «ខ្ញុំមានជំនឿយ៉ាងមុតមាំថា គោលដៅទាំងនេះនឹងអាចសម្រេចបានយ៉ាងប្រត្យក្ស អាស្រ័យដោយយើងមានមាគ៌ានយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសក៍ដ៏ឆ្នើម ប្រកបដោយគតិបណ្ឌិត។ ជាក់ស្តែង ក្នុងអាណត្តិនេះ រាជរដ្ឋាភិបាលបានដាក់ចេញ «យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤» ដែលឈរលើសមិទ្ធិផលនៃយុទ្ធសាស្ត្រចតុកោណដ៏ជោគជ័យទាំង ៣ដំណាក់កាលកន្លងមក ក៏ដូចជាគោលនយោបាយនានា ជាពិសេសគោលនយោបាយ ឈ្នះ-ឈ្នះ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ជាបន្តបន្ទាប់ ដែលជាការបុកគ្រឹះសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ»។
ពិសេសជាងនេះទៀត លោករដ្ឋមន្រ្តី បានចាត់ទុកថា យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤នេះ បានគូសបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ចំពោះការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្ន ព្រមទាំងការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
លោក សាយ សំអាល់ បានបន្ថែមថា ការងារបរិស្ថានអាចសម្រេចជោគជ័យទៅបាន លុះត្រាតែមានកិច្ចសហប្រតិបត្តិការល្អ និងការចូលរួមយ៉ាងសកម្មពីអ្នកពាក់ព័ន្ធទាំងអស់ ទាំងក្នុងវិស័យសាធារណៈ វិស័យឯកជន គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងសង្គមស៊ីវិល ទាំងកម្រិតជាតិ និងអន្តរជាតិ។ នៅត្រង់ចំណុចនេះ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ទោះបីក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ត្រូវការការគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍ ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមក៏ដោយ ក៏យើងបានប្រកាន់ខ្ជាប់នូវគោលការណ៍ «ភាពជាម្ចាស់» និង«អធិបតេយ្យភាពជាតិ» ដើម្បីធានាឱ្យកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងស្ថិតក្នុងឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជនកម្ពុជាជានិច្ច។
បើតាមលោក សាយ សំអាល់ ភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព គឺអាស្រ័យជាចាំបាច់លើកត្តាធនធានមនុស្ស ហិរញ្ញវត្ថុ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ដែលទាមទារឱ្យមានការចូលរួមគាំទ្រ និងវិនិយោគឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។ ពាក់ព័ន្ធនឹងចំណុចទី៣នេះ លោកបានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ទាំងអស់ សូមមេត្តាបន្តការចូលរួម និងគាំទ្រដល់ក្រសួងបរិស្ថានបន្ថែមទៀត ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ ទាំងធនធានមនុស្ស ហិរញ្ញវត្ថុ បច្ចេកវិទ្យាវិទ្យាសាស្ត្រ និងមធ្យោបាយ សម្ភារ សម្រាប់ការបំពេញបេសកកម្មក្នុងវិស័យនេះ ឱ្យបានកាន់តែប្រសើរឡើងថែមទៀត៕