(ព្រៃវែង)៖ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានចូលរួមចែករំលែកបទពិសោធន៍ និងចំណេះដឹងទាក់ទងនឹងការជួញដូរឧបករណ៍និស្សន្ទ ក្នុងខេត្តព្រៃវែង ដែលសិក្ខាសាលាតាមបណ្ដាខេត្តនេះ រៀបចំឡើងក្រោមប្រធានបទ «អ្វីជាការជួញដូរឧបករណ៍និស្សន្ទ៖ ការត្រៀមខ្លួន ការវិនិយោគ និងការយល់ដឹងពាក់ព័ន្ធ?»។
សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងចូលរួម ចែករំលែកចំណេះដឹង, ជំនាញ, បទពិសោធន៍ ក៏ដូចជាគន្លឹះល្អៗ សម្រាប់ការវិនិយោគដល់សាធារណៈជន គ្រប់ខេត្តក្រុងនៅកម្ពុជា។
លោកស្រី លៀង ស្រីម៉ុល អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង បានថ្លែងឲ្យដឹងថា ពីសក្ដានុពលនៃខេត្តព្រៃវែង និងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់គិតគូ ដល់ប្រជាពលរដ្ឋលើគ្រប់វិស័យ ពិសេសការអភិវឌ្ឍវិស័យសេដ្ឋកិច្ចដែលស្ដែងឱ្យឃើញ តាមរយៈការធ្វើកំណែទម្រង់សេដ្ឋកិច្ច ដែលជួយឱ្យប្រទេសកម្ពុជា បាននឹងកំពុងមានកំណើនសេដ្ឋកិច្ចនៅក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ។
លោកស្រីបន្ដថា តាមរយៈសិក្ខាសាលានេះរំពឹងថា សិក្ខាកាមនឹងទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងផ្នែកវិនិយោគបន្ថែម ជាពិសេសលើទីផ្សារឧបករណ៍និស្សន្ទ។
លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានបង្ហាញពីស្ថានភាពបច្ចុប្បន្ននៃ ទីផ្សារឧបករណ៍និស្សន្ទនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាគោលជំហររបស់គណៈកម្មការមូលបត្រ ក្នុងការពង្រីកការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទបន្ថែមទៀត។
លោកក៏បានលើកទឹកចិត្តឱ្យវិនិយោគិនបង្កើនចំណេះដឹង និងត្រៀមខ្លួនរួចរាល់ សម្រាប់ការវិនិយោគលើឧបករណ៍និស្សន្ទ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោក ស៊ូ សុជាតិ បានបញ្ជាក់ថា «ទីផ្សារឧបករណ៍និស្សន្ទផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតឱកាសការងារ សម្រាប់និស្សិតដែលបានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យ ការបង្កើតឱកាសរកប្រាក់ចំណូលពីការវិនិយោគ ការផ្លាស់ប្តូរទម្លាប់ពីការសន្សំមកជាការវិនិយោគ ការបង្កើតជម្រើសថ្មីនៃការវិនិយោគ ការបង្វែរការវិនិយោគពីក្រៅស្រុកមកក្នុងស្រុក និងការបង្កើនចំណូលជូនរដ្ឋតាមរយៈការបង់ពន្ធជាដើម»។
លោក រិន កន្និដ្ឋា អ្នកវិភាគផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានធ្វើបទបង្ហាញឱ្យសិក្ខាកាមងាយយល់ និងទទួលបានចំណេះដឹងពី ការវិនិយោគលើផលិតផលឧបករណ៍និស្សន្ទ ការទប់ស្កាត់ និងការកាត់បន្ថយហានិភ័យពីការវិនិយោគ និងយុទ្ធសាស្រ្តល្អៗ ដើម្បីទាញយកផលគាប់ប្រសើរពីការវិនិយោគ។
លោកបានបង្ហាញពីការប្ដេជ្ញារបស់ក្រុមហ៊ុន ក្នុងការបន្តរួមអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ឱ្យល្អប្រសើរដូចប្រទេសរីកចម្រើនផ្សេងទៀតផងដែរ។
សូមជម្រាបថា ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានចូលរួមសិក្ខាសាលាតាមបណ្ដាខេត្ត នៅខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន និងខេត្តកណ្ដាលរួចមកហើយ ក្រុមហ៊ុននឹងបន្តដំណើរ និងចែករំលែកចំណេះជំនាញវិនិយោគ ដល់សាធារណៈជននៅគ្រប់ខេត្តក្រុងនៃប្រទេសកម្ពុជា។
សម្រាបព័ត៌មានលម្អិតអំពីក្រុមហ៊ុន និងការចូលរួមក្នុងសិក្ខាសាលាតាមបណ្ដាខេត្តនេះ លោកអ្នកអាចទំនាក់ទំនងមកកាន់ក្រុមហ៊ុន តាមរយៈគេហទំព័រ www.goldenfxlink.com ឬទំព័រហ្វេសប៊ុក Golden FX Link Capital Co., Ltd. ឬទូរស័ព្ទមកលេខ ០២៣ ២២ ៦៦ ៦៦៕