(រតនគីរី)៖ ក្នុងឱកាសអញ្ជើញចូលរួមក្នុងសន្និបាទសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី អាណ្តត្តិទី៥ ក្រោមអធិបតីលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានកិត្តិយសសាខាខេត្តរតនគិរី ក្នុងនាមព្រះសង្ឃ និងប្រជាពលរដ្ឋខេត្តរតនគិរីទាំងអស់ បានសំដែងនូវកតញ្ញូតាធម៌ និងការដឹងគុណជូនចំពោះសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងផ្តល់ចិត្តមេត្តាធម៌ សណ្តោសប្រណី អាណិតអាសូរ ជួយសង្រ្គោះជីវិត និងសម្រាលបន្ទុកជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រៀបដូចជា «មាតាថែរក្សាបីចាច់កូនចៅ»។
ទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋខ្មែរជំនាន់នេះ ពិតជាមានភព្វសំណាងណាស់ ដែលមានសម្តេចទាំងទ្វេ ជួយបីបាច់ថែរក្សា គ្រប់គ្រង និងការពារពលរដ្ឋទាំងអស់គ្នា ក្នុងប្រទេសមួយ និងទឹកដីមួយ ដែលពោរពេញដោយសុខក្សេមក្សាន្ត និងសុខសន្តិភាពពេញលេញបរិបូរណ៍។ ជាមួយនឹងគំរូវីរភាព ការពលី និងសកម្មភាពជាប្រវត្តិសាស្រ្តដ៏អស្ចារ្យ របស់សម្តេចទាំងទ្វេជាទីស្រឡាញ់ ក្នុងនាមប្រជាពលរដ្ឋ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ នឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ។
ជាកិច្ចឆ្លើយតបឲ្យបានសក្តិសមទៅនឹងសេចក្តីទុកចិត្ត និងក្តីសង្ឃឹមជឿជាក់ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងនាមសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី អាណត្តិទី៥ លោក លី ធុជ បានប្តេជ្ញាខិតខំឲ្យអស់ពីកម្លាំងកាយចិត្តប្រាជ្ញាស្មារតី ចែករំលែកពេលវេលា ផ្តល់នូវការជួយឧបត្ថម្ភគាំទ្រឲ្យអស់ពីលទ្ធភាព ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ដោយសុច្ឆន្ទៈគោរពតាមគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សំដៅបម្រើឧត្តមប្រយោជន៍មនុស្សធម៌ រួមចំណែកធ្វើឲ្យសម្រេចតាមទស្សនវិស័យរបស់កាកបាទក្រហមកម្ពុជា ដោយឈរលើស្មារតីទទួលខុសត្រូវជាមូលដ្ឋាន មានជាអាទិ៍៖
១៖ ប្តេជ្ញាគាំទ្រដើរតាមមគ្គុទេសក៍ និងអនុសាសន៍ណែនាំរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។
២៖ ប្តេជ្ញាគាំទ្រ និងជួយជ្រោមជ្រែង ដល់សកម្មភាពសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ឲ្យមានវឌ្ឍនភាព និងសម្រេចតាមទិសដៅនានារបស់សាខា ដែលបានអនុម័តដោយសន្និបាតសម្រាប់អនុវត្ត៦ឆ្នាំ បន្តខាងមុខនេះ ឲ្យទទួលបានជោគជ័យ។
៣៖ ប្តេជ្ញាខិតខំ ការពារ លើកកម្ពស់កិត្តិនាម-កិត្តិសព្ទ កាកបាទក្រហមកម្ពុជា ពិសេសខិតខំ សម្របសម្រួល ទ្រទ្រង់ និងកៀរគររកមូលនិធិឲ្យបានច្រើនថែមទៀត ដើម្បីសាខាមានលទ្ធភាពបំពេញតម្រូវការមនុស្សធម៌ ទាន់ពេលវេលា។
ឆ្លៀតក្នុងឱកាសនេះ លោក លី ធុជ បានថ្លែងអំណរគុណ ប្រកបដោយការកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះ លោកស្រី ពុំ ចន្ទីនី និងសហការី ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានអញ្ជើញចុះដោយផ្ទាល់ ក្នុងបុព្វហេតុមនុស្សធម៌ ដើម្បីជួយសង្រ្គោះប្រជាជននៅខេត្តរតនគិរី ដែលជាខេត្តនៅភាគឦសាន និងឆ្ងាយជាងគេបំផុតនៅប្រទេសកម្ពុជា ជាពិសេសថ្មីៗនេះ ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ក្នុងខែសីហា ឆ្នាំ២០១៩ នាពេលកន្លងទៅនេះ។
ជាងនេះទៅទៀត លោក លី ធុជ ក៏បានវាយតម្លៃខ្ពស់ ជូនចំពោះសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ក្រោមដឹកនាំរបស់ លោក ថង សាវុន ជាប្រធាន មន្ទីរ/អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សប្បុរសជន សហភាពសហសម្ព័ន្ធយុវជនកម្ពុជា សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព និងយុវជនស្ម័គ្រចិត្តសាខាកាកបាទក្រហមខេត្ត ទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ជាកម្លាំងមនុស្សធម៌ និងជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ក្នុងខេត្តរតនគិរី៕