(សៀមរាប)៖ កូនឈើប្រណីតៗ និងប្រភេទឈើកម្រជាច្រើនពាន់ដើមតែងត្រូវបានបណ្ដុះជារៀងរាល់ឆ្នាំ សម្រាប់ដាំនៅតាមភ្នំគូលែន ដើម្បីចូលរួមស្ដារព្រៃឈើដែលបាត់បង់ឡើងវិញ ខណៈមូលនិធិបុរាណវិទ្យា និងការអភិវឌ្ឍ (ADF) ក្រុមហ៊ុន Kulara Water (ក្រុមហ៊ុនដែលផលិតទឹករ៉ែធម្មជាតិអូគូលែន) អាជ្ញាធរពាក់ព័ន្ធ ប្រជាសហគមន៍ និងសាលារៀននៅទីនោះ បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការនេះ។
ស្កាត់ពីបារាំងមករស់នៅកម្ពុជា ២០ឆ្នាំ ដើម្បីការពារព្រៃឈើនៅភ្នំគូលែននោះ លោក Jean Baotiste Chevance ប្រធានអង្គការ ADF បានឱ្យដឹងថា ថ្នាលដែលទុកសម្រាប់បណ្ដុះកូនឈើទាំងនោះ មាននៅសាលារៀនចំនួន៣ រួមមាន៖ សាលាបឋមសិក្សា និងអនុវិទ្យាល័យអន្លង់ធំ សាលាបឋមសិក្សាតាពេញ និងសាលាបឋមសិក្សាសង្កែឡាក់ ដែលមានទីតាំងនៅលើភ្នំគូលែនតែម្ដង។
លោកថា មួយឆ្នាំៗមូលនិធិរបស់លោកបានបណ្ដុះកូនឈើរាប់ពាន់ដើម សម្រាប់ដាំនៅលើភ្នំ និងលក់ចែកជូនស្ថាប័ននានាដែលមានសកម្មភាពដាំដើមឈើនៅភ្នំគូលែននេះ ក្នុងនោះក្រុមហ៊ុន Kulara Water ក៏បានទិញកូនឈើពីទីនេះយកទៅដាំនៅលើដីរបស់ក្រុមហ៊ុនជាបន្តបន្ទាប់ផងដែរ។
លោកថា រយៈពេលមួយឆ្នាំកន្លះ ដែលអង្គការ ADF របស់លោកបានដំណើរមកនេះ គឺបានដាំកូនឈើលើផ្ទៃដីប្រមាណ១៤ហិកតា ក្នុងនោះមានកូនឈើប្រមាណជាង១ម៉ឺនដើម។ ពូជកូនឈើដែលយកមកបណ្ដុះនោះ គឺកូនឈើប្រណីតៗ និងប្រភេទឈើកម្រ ហើយជាពូជដែលមាននៅលើភ្នំគូលែនស្រាប់។
លោកបានបន្តថា គោលដៅនៃការបង្កើតថ្នាល់បណ្ដុះកូនឈើនេះ គឺដើម្បីបានកូនឈើយកទៅដាំនៅតាមដីរបស់ក្រុមហ៊ុន Kulara Water និងនៅតាមខ្នងភ្នំគូលែន។ ម្យ៉ាងទៀត ថ្នាលទាំង៣នេះ ក៏ជាមូលដ្ឋានសម្រាប់ការអប់រំលើវិស័យបរិស្ថាន ការការពារបរិស្ថាន ការបណ្ដុះស្មារតីស្រលាញ់ព្រៃឈើទៅដល់សិស្សានុសិស្ស ដែលមានការថែទាំពីគ្រូបង្រៀន និងបុគ្គលរបស់អង្គការ ADF។
លោកបន្ថែមទៀតថា សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ក៏បានចេះពីបច្ចេកទេសកសិកម្ម ដើម្បីជួយស្រោចស្រង់ព្រៃឈើ និងបរិស្ថានឡើងវិញ។
ការបង្កើតនិងមើលថែថ្នាលបណ្ដុះកូនឈើក្នុងសាលាទាំង៣នេះ មានសិស្សានុសិស្សចូលរួមប្រមាណ ៤០០នាក់ ក្នុងចំណោម ៩០០នាក់ និងគ្រូបង្រៀនចំនួន ១៥នាក់ទៀត។
ប្រាក់ដែលបានពីការលក់កូនឈើ គឺបែងចែកទៅកាន់លោកគ្រូអ្នកគ្រូដែលថែទាំកូនឈើ ៤០ភាគរយ ការចំណាយលើសម្ភារថែទាំកូនឈើ ៣០ភាគរយ និង៣០ទៀត គឺប្រគល់ជូនសាលាទុកសម្រាប់ប្រើប្រាស់ក្នុងកិច្ចនានា។ ដោយឡែកសម្រាប់អង្គការវិញ គឺមិនយកកម្រៃពីការលក់កូនឈើទាំងនោះឡើយ ពោលគឺសម្រាប់ប្រយោជន៍សហគមន៍ សាលារៀន គ្រូ និងសិស្សានុសិស្ស។
បច្ចុប្បន្នក្នុងសាលាទាំងបីនេះ មាននៅសល់កូនឈើជិត៦ពាន់ដើម ហើយនៅពេលបញ្ចេញអស់ហើយ អង្គការ ADF នឹងរកកូនឈើមកបណ្ដុះបន្ថែមទៀត។
លោក Jean Baotiste Chevance បានបង្ហាញពីចក្ខុវិស័យរបស់អង្គការ ADF ថា នៅពេលដើមឈើលូតលាស់ធំធាត់ទៅ អង្គការរបស់លោកនឹងជំរុញឱ្យប្រជាសហគមន៍អភិវឌ្ឍន៍ទីនោះឱ្យក្លាយទៅជាតំបន់ដែលមានសកម្មភាពអេកូទេសចរណ៍មួយ ដើម្បីឱ្យគាត់រកប្រាក់ចំណូលបាន ជំនួសឱ្យការកាប់ព្រៃឈើធ្វើកសិកម្មដូចមុន ដែលមិនសូវបានកម្រៃច្រើនហើយ ហិនហោចព្រៃឈើទៅទៀត៕