(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២១៩ បានរៀបចំបើក «សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០» នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន ថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ តំណាងវិស័យឯកជន ភ្ញៀវកិតិ្តយសជាតិ អន្តរជាតិទាំងអស់ ជាច្រើននាក់។
លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ឱ្យដឹងថានេះ គឺជាវេទិកាដ៏វិសេសវិសាលមួយ សម្រាប់យើងទាំងអស់គ្នា ពិនិត្យនិងវាយតម្លៃលើសមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមក និងចូលរួមពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍ល្អ ដើម្បីរិះរកដំណោះស្រាយសមស្រប ចំពោះបញ្ហាប្រឈមនានា និងដាក់ចេញនូវទិសដៅការងារ សម្រាប់ការអនុវត្តបន្ត សំដៅលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ក្នុងឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី សាយ សំអាល់ បានថ្លែងថា តាមរយៈសន្និបាតនេះ យើងទាំងអស់គ្នានឹងមានឱកាសពេញលេញ ក្នុងការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធ ពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ដែលជាកិច្ចការចម្បងរបស់យើងទាំងអស់គ្នា ក្នុងការចូលរួម និងរិះរកដំណោះស្រាយសមស្របចំពោះបញ្ហានានា ឱ្យបានកាន់តែប្រសើរឡើងថែមទៀត។
ជាមួយគ្នានេះលោករដ្ឋមន្រ្តី លើកទឹកចិត្តឱ្យអង្គសន្និបាតទាំងមូលយកចិត្តទុកដាក់ខ្ពស់ ក្នុងការកំណត់បញ្ហាអាទិភាព និងវិធានការដោះស្រាយ ឱ្យបានផុសផុល និងស៊ីជម្រៅ ក្នុងលក្ខណៈស្ថាបនា ជុំវិញប្រធានបទនានាដែលបានរៀបចំជូន ដើម្បីឱ្យអនុសាសន៍ និងទិសដៅការងារដែលដាក់ចេញឆ្លើយតបនឹងលក្ខខណ្ឌសេដ្ឋកិច្ច សង្គមនៅកម្ពុជាផង និងកាតព្វកិច្ចរបស់កម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាអន្តរជាតិនានាដែលពាក់ព័ន្ធផង។
លោក សាយ សំអាល់ បញ្ជាក់ដែរថា ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានត្រៀមខ្លួនរួចជាស្រេចដើម្បីសហការជាមួយក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ទាំងអស់ ប្រែក្លាយអនុសាសន៍ ដែលកើតចេញពីសន្និបាតនេះ ទៅជាគំនិតផ្តួចផ្តើមគោលនយោបាយ ផែនការសកម្មភាព គម្រោង និងវិធានការជាក់ស្តែងនានា សំដៅធានាបាននូវកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ព្រមទាំងការអភិវឌ្ឍនិងការរស់នៅដោយចីរភាព សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់។
សូមបញ្ជាក់ថា «សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០» របស់ក្រសួងបរិស្ថាន ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានបទបង្ហាញ កិច្ចពិភាក្សា ផ្លាស់ប្តូរយោបល់ជាច្រើន លម្អិតអំពីបញ្ហាប្រឈម មេរៀន បទពិសោធន៍ សំណូមពរ និងអនុសាសន៍ផ្សេងៗ របស់អគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងអង្គភាពក្រោមឱវាទក្រសួងបរិស្ថាន៕