(កំពត)៖ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ដែលមានសមាជិកចូលរួមពីសំណាក់អភិបាលរងខេត្ត ថ្នាក់ដឹកនាំអង្គភាពចំណុះសាលាខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរ ក្រុង ស្រុកជិត៨០នាក់។
អង្គប្រជុំនេះ អភិបាលខេត្ត ក៏បានពិភាក្សាលើការទទួលបដិសណ្ឋារកិច្ចសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងពិធីសម្ភោធដាក់ឲ្យដំណើរការជាផ្លូវការ រោងចក្រស៊ីម៉ង់តិ៍ ថៃ ប៊ុនរ៉ុង ស្ថិតនៅឃុំល្អាងស្រុកដងទង់ខេត្តកំពត។
ទន្ទឹមនេះ ក៏បានធ្វើការផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការ ដើម្បីរៀបចំបដិសណ្ឋារកិច្ចសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសនេះផងដែរ រួមនិងការងារផ្សេងៗពិសេសការចូលរួមប្រារព្ធទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា និងទិវាកំណើត នៃកងយុទ្ធពលខេមរភូមិន្ទ ឆ្នាំ២០១៩។
អភិបាលខេត្តកំពត នៅក្នុងកិច្ចប្រជុំនេះ ក៏បានកោតសរសើរវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលរដ្ឋបាលខេត្តក៏ដូចជា មន្ទីរ អង្គភាពជំនាញ អាជ្ញាធរក្រុង ស្រុក សមត្ថកិច្ចកងកម្លាំងប្រដាប់ អាវុធទាំងអស់ ដែលបានយកចិត្តទុកដាក់សហការគ្នាបានល្អ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់នារយៈពេលកន្លងមកក្នុងដំណើរកិច្ចអភិវឌ្ឍខេត្ត ក៏ដូចជា ការធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងការបម្រើបានទាំងសេវារដ្ឋបាល និងសេវាសាធារណៈ ធ្វើឲ្យជីវភាពប្រជាពលរដ្ឋបានកាន់តែប្រសើរឡើងឆ្លើយតបបានទៅនឹងគោលនយោបាយ រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ។
លោកអភិបាលខេត្ត បានណែនាំដល់ជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវតែបន្តការខិតខំបន្ថែមទៀត ពិសេសរាល់បញ្ហាប្រឈមនានារបស់មន្ទីរ អង្គភាព ជំនាញ និងរដ្ឋបាលក្រុង ស្រុក ពាក់ព័ន្ធ ពីការងារ អនុវត្ត សកម្មភាពអភិវឌ្ឍ និងការងារបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងនោះ មានការងារអង្គភាពច្រកចេញចូលតែមួយ ការងារពន្ធដារ ការងារដីធ្លី ការងារធនធានទឹក និងបញ្ហាផ្សេងៗជាច្រើនទៀត ដោយធ្វើយ៉ាងណារួមពិភាក្សាគ្នាបង្កើនកិច្ចសហការ ឲ្យបានកាន់តែប្រសើរឡើងថែមទៀត ដើម្បីគោលដៅរួមគ្នាតែមួយ គឺកិច្ចអភិវឌ្ឍរីកចម្រើនរបស់ខេត្ត ក៏ដូចជាការផ្ដល់ភាពកក់ក្ដៅ ជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ជុំវិញជីវភាពរបស់ប្រជាពរដ្ឋយើង៕