(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរតាមមូលដ្ឋាន ក៏ដូចជា វិស័យឯកជន នឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក្នុងរយៈពេល ៤ថ្ងៃ ដោយចាប់ពីថ្ងៃទី៩-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ក៏ដូចជា ការផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យចូលមកទស្សនាប្រាង្គប្រាសាទ និងរមណីយដ្ឋាននានា នៅក្នុងខេត្តទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រមួយនេះ។
លិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងរយៈពេល ៤ថ្ងៃនេះ គឺក្នុងគោលបំណង ដើម្បីលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ក៏ដូចជា ការផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យចូលមកទស្សនាប្រាង្គប្រាសាទ និងរមណីយដ្ឋាននានា ក្នុងខេត្តឱ្យកាន់តែច្រើនកុះករនោះ រដ្ឋបាលខេត្ត នឹងរៀបចំពិធីប្រណាំងទូក «ង» តាមបណ្ដោយដងស្ទឹងសៀមរាប ពីស្ពានថ្មមន្ទីរទេសចរណ៍ចាស់ ដល់ស្ពានថ្មវត្តព្រះរាជបូព៌ ។
រីឯនៅស្រុកបន្ទាយស្រី នៅថ្ងៃទី៩ វិច្ឆិកា ២០១៩ខាងមុខនេះ អាជ្ញាធរ នឹងរៀបចំព្រឹត្តិការណ៍ «បុណ្យភូមិបឹងឈូក អុំទូកបន្ទាយស្រី»។ រដ្ឋបាលស្រុក បានរៀបចំការហែរក្បួនទូកចំនួន ២២ទូក ឆ្លងកាត់ទីប្រជុំជននានា នៅតាមបណ្ដាឃុំទាំង៦ ឆ្ពោះទៅកាន់បឹងឈូក ដើម្បីធ្វើការហាត់សម ហើយអាជ្ញាធរមានសង្ឃឹមយ៉ាងមុតមាំថា បងប្អូននឹងចូលរួមពិសារអំបុកខ្មែរ អំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ ទាំងអស់គ្នា ដើម្បីប្រទេសកម្ពុជាយើង ឱ្យបានច្រើនកុះករ។ សម្រាប់នៅខេត្តសៀមរាប ពិធីនេះ ក៏នឹងមានរៀបចំនៅតាមស្រុក ឃុំ/សង្កាត់ ទីវត្តអារ៉ាម មួយចំនួនទៀតផងដែរ។
ដោយឡែក តំណាងសណ្ឋាគារ មេម៉រផាឡេស (Memoire Palace Resort & Spa) ខេត្តសៀមរាប បានឱ្យដឹងថា សណ្ឋាគារនេះ នឹងមានរៀបចំពិធីអកអំបុក បណ្ដែតប្រទីប សំពះព្រះខែ ហើយមានការសម្ដែងល្ខោនស្បែក ទស្សនាកម្សាន្ត ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាប្រពៃណីយ វប្បធម៌ដូនតាខ្មែរ។ សណ្ឋាគារ នឹងមានរៀបចំអាហារប៊ូហ្វេបែបខ្មែរ សម្រិតសម្រាំងយ៉ាងពិសេសសម្រាប់ទទួលភ្ញៀវ។ វិធីនេះ ភ្ញៀវជាតិ-អន្តរជាតិ អាចចូលរួមដាល់អំបុកជាមួយក្រុមគ្រួសារ និងមិត្តភ័ក្រ បានយ៉ាងសប្បាយរីករាយ និងការរាំលេងកម្សាន្ត ជាមួយស្គរដៃបុរាណខ្មែរ រហូតដល់ចប់កម្មវិធី នៅថ្ងៃទី៩-១១ វិច្ឆិកា ២០១៩។
ដើម្បីលើកកម្ពស់បរិស្ថាន នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងអាជ្ញាធរខេត្ត ដែលដឹកនាំដោយលោក ទៀ សីហា អភិបាលខេត្តសៀមរាប បានបើកយុទ្ធនាការទិវាសម្អាតបរិស្ថានក្រុងក្រោមប្រធានបទ «សៀមរាបផ្ទះខ្ញុំ» ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិអញ្ជើញមកទស្សនាកម្សាន្តក្នុងឱកាសព្រះរាជពិធីនេះ។ អាជ្ញាធរ និងសមត្ថកិច្ច បាននិងកំពុងត្រៀមបំពេញភារកិច្ចតាមគោលដៅ ក្នុងការការពារ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងដើម្បីចូលរួមក្នុងការពារជាតិ សាសនា ព្រះមហាក្សត្រផងដែរ។
សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងរយៈពេល ៤ថ្ងៃ ខាងរដ្ឋបាលខេត្ត ក៏ដូចជាអាជ្ញាធរ និងគ្រឹះស្ថានឯកជន ខាងប្រតិបត្តិករទេសចរណ៍ មានសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ពិធីនេះ នឹងមានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ នឹងអញ្ជើញចូលរួមអបអរសាទរ និងទស្សនាកម្សាន្តសប្បាយរីករាយឱ្យបានអធិកអធម ដើម្បីជាការលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិយើងឱ្យបានថ្កុំថ្កើង គង់វង្ស និងស្ថិតស្ថេររហូតតរៀងទៅ៕