(ស្វាយរៀង)៖ គ្រោះចរាចរណ៍រវាងម៉ូតូ និងម៉ូតូព្រលះគ្នា បានបណ្តាលមេឃុំកណ្តៀងរាយ ស្លាប់ខណៈបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង១៨៖១០នាទីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើផ្លូវលំ ក្នុងភូមិកណ្តៀងរាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឲ្យដឹងថា លោក ឡឹក កង អាយុ៦២ឆ្នាំ បានបើកម៉ូតូទៅបុកម៉ូតូមួយគ្រឿងទៀតរបស់លោក ផាត់ សារ៉ា អាយុ៥៥ឆ្នាំ ក្នុងទិសដៅបញ្ចា្រស់គ្នាពីកើតទៅលិច បណ្តាលឲ្យដួល និងបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈភាគីម្ខាងទៀតរបួសស្រាល។
សមត្ថកិច្ចបានទៀតបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ អ្នករងរបួសបានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ចំណែកឯមធ្យោបាយទាំងពីរ ត្រូវបានរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលកណ្តៀងរាយរង់ចាំការដោះស្រាយ ហើយ ចំណែកសពរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕