(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសបំពេញបន្ថែម លើសន្ធិសញ្ញាកំណត់ព្រំដែនរជឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានរដ្ឋសភាអនុម័តគាំទ្រទាំងស្រុង នៅក្នុងសម័យប្រជុំ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
ការអនុម័តលើសេចក្តីព្រាងច្បាប់នេះ គាំទ្រដោយសំឡេងសមាជិកសភា១១០រូប ដែលចូលរួមកិច្ចប្រជុំសភាពេញអង្គនេះ។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។
តាមសេចក្តីថ្លែងហេតុ អំពីសេចក្តីព្រាងច្បាប់នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តដ៏មោះមុតក្នុងសុឆន្ទៈ ដើម្បីសម្រេចបានព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយម វៀតណាម ដើម្បីសុភមង្គលនិងភាពរុងរឿងរបស់ប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ និងដើម្បីបង្កើនទំនាក់ទំនងជិតខាងល្អ សាមគ្គីភាពជាប្រពៃណី ដែលនាំមកនូវព្រំដែនសន្តិភាព ស្ថិរភាពមិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍រឹងមាំ ស្របតាមគោលការណ៍ច្បាប់ និងការអនុវត្តជាអន្តរជាតិ ស្តីពីខ្សែព្រំដែនមិនកែប្រែនៅពេលដែលកម្ពុជាបានឯករាជ្យ។
សេចក្តីថ្លែងហេតុបានបញ្ជាក់ថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចុះហត្ថលេខាលើសន្ធិសញ្ញា បំពេញបន្ថែមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥។ ឈរលើមូលដ្ឋាននៃសន្ធិសញ្ញាបំពេញបន្ថែមខាងលើប្រទេសទាំងពីរ កម្ពុជា និងវៀតណាម បានដំណើរការចុះបោះបង្គោល និងខណ្ឌសីមាព្រំដែនគោក នៅលើដីជាក់ស្តែងពីខេត្តរតនគិរី ដល់ខេត្តកំពត ចាប់ពីខែមិថុនា ឆ្នាំ២០០៦ ដល់ខែកក្កដា ឆ្នាំ២០១៩ សម្រេចបានលទ្ធផល៨៤% នៃបង្គោលព្រំដែនធំដែលមានចំនួន ៣៧៥ បង្គោល លើដីជាក់ស្តែងដែលបានបោះនៅតាមបណ្តោយខ្សែព្រំដែនរួមរវាងប្រទេសទាំងពីរ ដែលមានប្រវែងប្រមាណជាង១២៧០ គីឡូម៉ែត្រ។ លទ្ធផលដែលសម្រេចបានមានដូចខាងក្រោម៖
* បង្គោលព្រំដែនធំចំនួន៣១៥ បង្គោល ស្មើនឹង៨៤% នៃបង្គោលព្រំដែនសរុបចំនួន៣៧៥ បង្គោល
* បង្គោលខណ្ឌសីមាព្រំដែនចំនួន១ ៥១១ ស្មើនឹង ៩៩,៩% បើបង្គោល១ ៥១២ នៃផែនការ
(ក្នុងនោះកម្ពុជាបោះលេខសេសចំនួន៧៩១ វៀតណាមបោះលេខតូ ចំនួន៧២១ បង្គោល)
* បង្គោលតម្រុយព្រំដែនចំនួន២២១ ស្មើនឹង ១០០% នៃផែនការ ក្នុងនោះកម្ពុជាបោះលេខសេស
ចំនួន ១២៦ បង្គាល វៀតណាមបោះលេខ ចំនួន៩៥ បង្គោល )
* ចំណុចពិសេសចំនួន១០០០។
ក្រៅពីសមិទ្ធផលដែលសម្រេចបាននៅលើដីជាក់ស្តែងខាងលើ គណៈកម្មការចម្រុះខណ្ឌសីមា និង
បោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរ បានបញ្ចប់សេចក្តីព្រាងសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ តទៅហៅថា សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ ហើយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩នេះ នៅរដ្ឋធានីហាណូយនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ ។
សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩នេះ មានគោលបំណង និងផលប្រយោជន៍ គឺដើម្បីរក្សាការគ្រប់គ្រងដដែលលើដីធ្លី ស្រែចម្ការរបស់ប្រជាពលរដ្ឋដែលបាន និងកំពុងរស់នៅ ដាំដុះបង្កបង្កើនផល ក្នុងគោលដៅធានាបានស្ថិរភាព របស់ប្រជាជននៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរនិងដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការលើគ្រប់វិស័យ និងដើម្បីជម្នះធ្វើបញ្ចប់ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកឱ្យបានឆាប់រវាងប្រទេសទាំងពីរ រដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជានិងវៀតណាមបានឯកភាពកែសម្រួលខ្សែព្រំដែនពីផែនទីបោនខ្នាត ១/១០០ ០០០ បោះពុម្ភដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន មកតាមការគ្រប់គ្រងកាន់កាប់ជាក់ស្តែងរបស់ប្រជាពលរដ្ឋទាំងសងខាងខ្សែព្រំដែន ដើម្បីបង្កលក្ខណៈងាយស្រួល និងផ្តល់ភាពសុខសាន្តដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរឱ្យបន្តគ្រប់គ្រងលើដីធ្លី ស្រែចំការដែលបាននិងកំពុងអាស្រ័យផលទាំងនោះជាបន្តទៀត។
សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩នេះ ត្រូវបានរៀបចំធ្វើឡើងជាទ្វេភាគី តាមរយៈកិច្ចប្រជុំពិភាក្សាប្តូរវេនចំនួន៥ដង តាមរយៈការផ្លាស់ប្តូរឯកសារតាមកំណត់ទូតចំនួន៤ដង និងតាមរយៈលិខិតឆ្លើយឆ្លងបញ្ជាក់ពីជំហររបស់ភាគីនីមួយៗនូវចំណុចមិនឯកភាពគ្នាចំនួន៣ដង។ ក្រៅពីការតាក់តែងរួមគ្នា ភាគីទាំងពីរក៏បានសិក្សានិងដកពិសោធន៍ពីសន្ធិសញ្ញាព្រំដែនដែលវៀតណាមបានធ្វើជាមួយចិននិងឡាវផងដែរ។
ឈរលើមូលដ្ឋានឯកសារដែលបានឯកភាពគ្ នានិងការកាន់កាប់ជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ រដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជានិងវៀតណាម បានធ្វើការកែសម្រួលខ្សែព្រំដែន ដែលបានកំណត់ក្នុងសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាមទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥ ទៅតាមការកាន់កាប់ជាក់ស្តែងរបស់ប្រជាពលរដ្ឋដោយឈរលើគោលការណ៍ស្មើភាព១១ ស្តីពីផ្ទៃដីដែលត្រូវដោះដូរ។
សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩នេះ ត្រូវផ្តល់សច្ចាប័ន និងចូលជាធរមានបន្ទាប់ពីផ្លាស់ប្តូរលិខិតូបករណ៍សច្ចាប័ននិងធ្វើជាបីច្បាប់ ជាបីភាសា គឺភាសាខ្មែរ ភាសាវៀតណាម និងភាសាបារាំង។ ក្នុងករណីមានការបកស្រាយខុសគ្នា អត្ថបទជាភាសាបារាំងត្រូវយកមកធ្វើជាឯកសារគោល។
សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩នេះ គឺជាឯកសារផ្លូវច្បាប់ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់បំផុតក្នុងការទទួលយកសមិទ្ធផលដែលប្រទេសទាំងពីរសម្រេចបានមកដល់បច្ចុប្បន្នគឺមាន៨៤% ហើយក៏ជាឯកសារគ្រឹះការពារបានបូរណភាពទឹកដីកម្ពុជា ដោយមានខ្សែព្រំដែន មិនឱ្យប្រែប្រួល ថែរក្សាបាននូវព្រំដែនសុខសន្តិភាពស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និងការអភិឌ្ឍលើគ្រប់វិស័យ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជាតរៀងទៅ។
កម្ពុជា-វៀតណាម កាលពីដើមខែតុលា ឆ្នាំ២០១៩ បានចុះកិច្ចព្រមព្រៀងចំនួន២ រួមមាន (១)៖ សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និង (២)៖ ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានគណៈរដ្ឋមន្រ្តីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រ ១៣កើតខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ដើម្បីបញ្ជូនទៅសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិដែលរួមមាន ៣មាត្រា៕