(បាត់ដំបង)៖ ដោយមានកិច្ចសហប្រតិបត្តិការជាមួយអង្គការឆឺជី សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះធ្វើសកម្មភាពមនុស្សធម៌ តាមរយៈការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃជាង៥ពាន់នាក់ ស្ថិតនៅក្នុងភូមិព្រែកហ្លូង ឃុំព្រែកហ្លូង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ពិធីដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមវត្តមានលោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ថ្នាក់ដឹកនាំក្រុមការងារអង្គការសឺជី មន្ត្រីរាជការអាជ្ញាធរ កម្លាំងស្ម័គ្រចិត្ត យុវជន និងប្រជាពលរដ្ឋជាច្រើននាក់។
ថ្លែងក្នុងឱកាសនោះ លោកស្រី ពេជ ចន្ទមុន្នី បានឲ្យដឹងថា សមាគមបង្កើតឡើងតាំងពីឆ្នាំ២០១២ ក្រោមគំនិតផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឲ្យលោក ហ៊ុន ម៉ាណែត និងលោកស្រីផ្ទាល់ ដើម្បីចុះជួយពិនិត្យ និងព្យាបាលប្រជាពលរដ្ឋ ចែករំលែកនៅក្តីស្រឡាញ់ ទៅដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនគិតពីនិន្នាការនយោបាយអ្វីឡើយ។
តំណាងអង្គការឆឺជី លោក ដេវីត លីវ បានឲ្យដឹងថា រយៈពេល៥ឆ្នាំមកហើយ អង្គការបានសហការជាមួយ TYDA ក្នុងការងារមនុស្សធម៌ ជាពិសេសផ្តល់សេវាកម្ម ព្យាបាល ជំងឺដោយគិតថ្លៃជូនប្រជាពលរដ្ននៅក្នុងប្រទេសកម្ពុជា។ តំណាងអង្កការរូបនេះ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលបានអនុញ្ញាតឲ្យមានការចុះ MoU ក្នុងគោលបំណងបង្កើនកិច្ចសហការដោយរីករាយជាមួយគ្នា។ ជាពិសេសការព្យាបាល និងវះកាត់ជំងឺផ្សេងៗ ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតថ្លៃនេះតែម្តង ដើម្បីចែករំលែកនូវក្តីស្រឡាញ់ និងស្នាមញញឹមដល់ប្រជាពលរដ្ឋកម្ពុជា។
ប្រជាពលរដ្ឋដែលទទួលការពិនិត្យ និងព្យាបាលជំងឺម្នាក់ៗ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់លោកស្រី ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត និងសប្បុរសជន ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរដល់ពួកគាត់ជានិច្ច។ ពួកគាត់បានប្តេជ្ញា រក្សាការពារ និងគាំទ្រជារៀងរហូតក្រោមការដឹកនាំរបស់សម្តេច។
សូមបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានធើ្វការពិនិត្យ និងព្យាបាលសុខភាពជូនប្រជាពលរដ្ឋ នៅក្នុងខេត្តបាត់ដំបង ដែលសកម្មភាពទាំងនេះ គឺជាការរួមចំណែកមួយរបស់រាជរដ្ឋាភិបាល ក្នុងការបង្ខិតសេវាសុខភាព ទៅគៀកប្រជាពលរដ្ឋ ក៏ដូចជារួមចំណែកកាត់បន្ថយភាពក្រីក្រផងដែរ៕