(បាត់ដំបង)៖ នាព្រឹកថ្ងៃអាទិត្យថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានដឹកនាំប្រតិភូខេត្តចុះបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកដោយចុះតាមស្រុកទាំង៣ ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ រួមមានស្រុកសំពៅលូន ភ្នំព្រឹក និងស្រុកកំរៀង ដើម្បីត្រួតពិនិត្យ និងតាមដានសកម្មភាព សន្តិសុខសណ្តាប់ធ្នាប់នៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃនៅស្រុកទាំង៣ ប៉ែកខាងលិច នៃខេត្តបាត់ដំបង។
លោក ងួន រតនៈ បានផ្តាំផ្ញើដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលឈរជើងការពារនៅតាមស្រុកគោលដៅ ត្រូវបន្តអនុវត្ត ពង្រឹងការប្រុងប្រយ័ត្ន និងត្រៀមបម្រុង ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពនៅក្នុងខេត្ត និងតាមបន្ទាត់ព្រំដែន ជាពិសេសទប់ស្កាត់ឱ្យបានរាល់សកម្មភាពដែលបង្កឡើងក្នុងរូបភាពដូចជាការញុះញង់ បង្កចលាចលធ្វើចលនាកៀងគរពលករនៅថៃចូលមកកម្ពុជា ពីសំណាក់ក្រុមឧទ្ទាមក្បត់ជាតិដែលដឹកនាំដោយ ទណ្ឌិត សម រង្សុី មកគាំទ្រចលនារបស់ខ្លួនចងើធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
លោកអភិបាលខេត្ត ក៏បានជំរុញឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកទាំង៣ជាប់ព្រំដែនថៃ ក៏ដូចជាអាជ្ញាធរមូលដ្ឋានធ្វើការណែនាំ និងផ្សព្វផ្សជូនដល់បងប្អូនប្រជាពលរដ្ឋ មិនត្រូវឲ្យចូលរួមក្នុងចលនាណាមួយជាដាច់ខាតនិងសូមកុំឲ្យចាញ់បោកការញុះញង់ ឃោសនារបស់ក្រុមឧទ្ទាមដែលដឹកនាំដោយទណ្ឌិត សម រង្សុី ព្រោះសកម្មភាពទាំងនេះជាអំពើក្បត់ជាតិ។
សូមបញ្ជាក់ថា នៅតាមច្រកទ្វារព្រំដែនខេត្តបាត់ដំបង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការដាក់ពង្រាយកងកម្លាំងមួយចំនួន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់នៅតាមច្រកទ្វារព្រំដែន ។ ការពង្រាយកម្លាំងដើម្បីពង្រឹងសន្តិសុខនេះ បានធ្វើឡើងបន្ទាប់ពីមានក្រុមជនក្បត់ជាតិ សម រង្ស៉ី បានបង្ហាញផែនការបង្កអសន្តិសុខក្នុងប្រទេស ដោយការធ្វើចលនាកៀរគរពលករនៅថៃឲ្យចូលកម្ពុជា ដើម្បីគាំទ្រចលនារបស់ខ្លួនធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់៕