(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការរងយោធភូមិភាគទី៤ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានដាក់បទបញ្ជាដល់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបឱ្យបាន រាល់ជនអគតិទាំងឡាយ ដែលប៉ុនប៉ងប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត។
បទបញ្ជារបស់ មេបញ្ជាការរូបនេះ បានធ្វើឡើង នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយនិងដាក់ផែនការ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅអង្គភាពវរសេនាតូចលេខ១ លេខ២ ដែលប្រចាំការតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកាឆ្នាំ២០១៩។
លោកឧត្តមសេនីយ៍ បានមានប្រសាសន៍លើកឡើងថា៖ សភាពការណ៍ចំពោះមុខដែលយើងទាំងអស់ត្រូវត្រៀមលក្ខណៈនោះគឺបង្ក្រាប និងទប់ស្កាត់រាល់ចលនាទាំងឡាយណា ដែលដែលដឹកនាំដោយទណ្ឌិតក្បត់ជាតិ សម រង្ស៉ី ដែលមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
លោកមេបញ្ជាការ បានបញ្ជាក់ទៀតថា ៖ក្នុងនាមយើងកងទ័ពត្រូវគោរពបទបញ្ជា រង់ចាំបទបញ្ជា និងអនុវត្តន៍បទបញ្ជាឱ្យមានប្រសិទ្ធភាព ពិសេសត្រូវស្មោះត្រង់ជានិច្ចជាមួយជាតិ សាសនា ព្រះមហាក្សត្យ ជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ដែលដឹកនាំដោយសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ដោយមិនត្រូវអនុញ្ញាតឱ្យជនណាមួយ ឬក្រុមណាមួយមកបំផ្លាញបានឡើយ។ ម្យាងវិញទៀតត្រូវការពារឱ្យបានសុខសន្តិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។
ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានធ្វើការផ្តាំផ្ញើដល់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវទប់ស្កាត់នូវរាល់បទល្មើសទាំងឡាយ ដែលកើតមានឡើងក្នុងភូមិសាស្ត្រឈរជើងរបស់ខ្លួន ឱ្យមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា នៅក្នុងឱកាសនោះ លោកមេបញ្ជាការក៏បានឧបត្ថម្ភថវិកាដល់កម្លាំងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនចំណុចអូរផ្កាស្នេហ៍ និងយោធិន ដែលមានជំងឺផងដែរ៕