(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ, នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងដៃគូសហការ បានរៀបចំយុទ្ធនាការអប់រំ ផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ និងការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ផ្តោតលើផលប៉ះពាល់ នៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។
យុទ្ធនាការនេះ រៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងជាសាធារណៈ តាមរយៈការអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ ផ្តោតលើហានិភ័យ នៃការបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ កំឡុងពេលព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០១៩។
ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ, លោកឧត្តមសេនីយ៍ទោ ហេង ផានិត្យ តំណាងប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ, លោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ, កញ្ញា អ៊ុច ធារី តំណាងរបស់ APIWSA, លោក ខឹម សុផល ប្រធានគម្រោងសុវត្ថិភាពចរាចរណ៍កាកបាទក្រហមកម្ពុជា និងជាទីប្រឹក្សាបច្ចេកទេសអង្គការ CaMSafe ព្រមទាំងមន្រ្តីថ្នាក់ដឹកនាំជុំវិញខេត្តជាច្រើនរូបទៀត។
ក្រោយបញ្ចប់កម្មវិធីបើកយុទ្ធនាការអប់រំ ផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ក្រុមយុវជនកាកបាទក្រហមកម្ពុជា និងដៃគូពាក់ព័ន្ធ ដែលបានចូលរួមកម្មវិធីទាំងអស់ បានបន្តចុះផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ តាមរយៈការចែកប័ណ្ណប្រកាស និងបិទស្ទីកឃ័រយានយន្ត ជូនដល់ប្រជាពលរដ្ឋនៅតាមផ្សារ ចំណតរថយន្តឈ្នួល និងម៉ូតូកង់បី ភោជនីយដ្ឋានតាមដងផ្លូវសំខាន់ៗ ព្រមជាមួយការដាក់រៀបចំនូវគោលដៅរបស់នគរបាលចរាចរណ៍ ដើម្បីផ្សព្វផ្សាយខ្លឹមសារអប់រំ ផ្សព្វផ្សាយនេះផងដែរ។
យុទ្ធនាការក៏មានចងបដាដែលមានខ្លឹមសារ «ពិសាគ្រឿងស្រវឹង កុំបើកបរ» ការរំលឹកតាមឧឃោសនស័ព្ទនូវសារអប់រំជាច្រើន ដែលក្នុងនោះ មានរំលេចនូវផលវិបាក ស្ដីពីការបើកបរក្រោយពេលទទួលទានគ្រឿងស្រវឹង បូករួមទាំងការចែកប័ណ្ណប្រកាសអប់រំឲ្យប្រជាពលរដ្ឋ អ្នកធ្វើដំណើរបានដឹង ពីឥរិយាបទខុសឆ្គងដែលនាំឲ្យមានគ្រោះថ្នាក់ ក្នុងពេលធ្វើដំណើរ និងចៀសវាងការប្រព្រឹត្តិកំហុសទាំងនោះ។
រៀងរាល់ឆ្នាំប្រជាពលរដ្ឋ តែងតែធ្វើដំណើរទៅជួបជុំគ្រួសារ ទៅកាន់រមណីយដ្ឋាននានា ឬទៅចូលរួមការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ នៅក្នុងរាជធានីភ្នំពេញ។ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ ចំនួនអ្នកបាត់បង់ជីវិត កើនឡើងក្នុងអំឡុងពេលពិធីបុណ្យជាតិនេះ ដោយហេតុរួមផ្សំច្រើនយ៉ាង ក្នុងនោះរួមមាន៖ ការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង មិនពាក់មួកសុវត្ថិភាព។ល។
ក្នុងរយៈពេល ត្រីមាសទី៣ឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៩៨៨លើក បណ្តាលឲ្យមានអ្នកស្លាប់ ចំនួន៤៨៨នាក់ និងរបួសចំនួន១,៤៩៤នាក់ ដែលក្នុងនោះ ខេត្តព្រះសីហនុ ស្លាប់ចំនួន៣៧នាក់។ មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ គឺនៅតែបណ្តាលមកអំពីបើកបរល្មើសល្បឿនកំណត់ ៣៣%, ការមិនគោរពសិទ្ធអទិភាព២៧%, ការមិនប្រកាន់ស្តាំ១៣%, ការវ៉ាជែង១០%, ការបត់៩%, ស្រវឹង៤%, កត្តាយានយន្ត៣% និងងងុយ១%។
ប្រៀបធៀបឆមាសទី៣ ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍កើន ចំនួន២៣៨លើក (៩៨៨/៧៥០លើក) ស្មើ៣២% ស្លាប់កើនឡើងចំនួន ១០៥នាក់ (៤៨៨/៣៨៣នាក់) ស្មើ២៧% និងរបួសកើន ៤៤៦នាក់ (១,៤៩៤/ ១,០២៨) ស្មើ៤៥%។ ពោលគឺចំនួននេះ គឺកើនឡើងគួរឲ្យព្រួយបារម្ភ ហើយអ្នកស្លាប់នាំមុខភាគច្រើន នៅក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។
សាលាខេត្តព្រះសីហនុ អង្គការ APIWSA ព្រមទាំងដៃគូ ដែលបានចូលរួមទាំងអស់ រំពឹងថា ផលដែលទទួលបានពីការងារអប់រំផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍នេះ នឹងអាចចូលរួមទប់ស្កាត់ឲ្យចំនួនអ្នកបាត់បង់ជីវិត និងរបួសធ្ងន់ធ្ងរដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងកំឡុងពេលបុណ្យទានធំៗ ឲ្យថយចុះជាងឆ្នាំមុនៗ៕