(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌកំបូល សហការជាមួយសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា និងសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ កម្មករ កម្មការនី នៅខណ្ឌកំបូល ចំនួន៦,២៣៩នាក់ នៅសាលាបឋមសិក្សាខណ្ឌកំបូល ភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្នុងពិធីនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក៏មានការចូលរួមពី លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងលោកស្រី គីម ស៉ីផាត់ រដ្ឋលេខាធិការក្រសួងកិច្ចការនារី, លោក នួន ផារ័ត្ន សមាជិកគណៈអចិន្ដ្រៃយ៍នៃសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

សូមជម្រាបថា ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះគឺកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែកផងដែរ។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ៕