(កំពត)៖ លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សា និងលោកស្រី, លោក ជាវ តាយ អភិបាលខេត្ត និងលោកស្រី លាង ហៃ ជាវតាយ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ បានអញ្ជើញចូលរួមសូត្រមន្តបុណ្យកឋិនទានសាមគ្គី នៅវត្តព្រះពុទ្ធជយមង្គលារាម (ហៅវត្តវាលពួច) ស្ថិតក្នុងភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត នៅល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។

អង្គកឋិនទានសាមគ្គីដង្ហែរចូលវត្តព្រះពុទ្ធជយមង្គលសតាម ហៅវត្តវាលពួច ដើម្បីវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមា និងប្រមូលបច្ច័យកសាងសមិទ្ធផលនានាក្នុងវត្ត ដែលកន្លងមកវត្តនេះ មានការខ្វះខាតជាច្រើន។ បច្ច័យដែលជួរថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទចំណុះជើងវត្ត ជាអ្នកផ្តើមបុណ្យ ប្រគេនជូនវត្តទុកជាគរុភណ្ឌក្នុងវត្តទួលខាងលើ។

ការរៀបចំផ្តួចផ្តើមអង្គកឋិនទាននេះ ក៏បានឧទ្ទិសជូននូវបុណ្យកុសលទាំងឡាយ ដែលកើតពីសទ្ធាជ្រះថ្លាធ្វើបុណ្យកឋិនទានសាមគ្គីនេះ ជូនចំពោះជីដូនជីតា ញាតិកាទាំងប្រាំពីសណ្តាន ដែលបានចែកឋាន ទៅកាន់លោកខាងមុខ ព្រមទាំងបានជូននូវបុណ្យកុសលចំពោះ លោក លោកស្រី និងពុទ្ធបរិស័ទចំណុះជើងវត្ត ជាអ្នកផ្តើមបុណ្យ សូមបានសុខ ចម្រុងចម្រើនជារៀងរហូតតទៅ។

ក្នុងនោះផងដែរ លោកអភិបាលខេត្តកំពត និងលោកប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ និងពុទ្ធបរិស័ទចំណុះជើងវត្ត នៅព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក៏បានចូលរួមដង្ហែរត្រៃចីវរប្រទក្សិណ៣ជុំព្រះវិហារ រួចយកមកតម្កល់ក្នុងព្រះវិហារ ដើម្បីវេរប្រគេនព្រះសង្ឃ ឧទ្ទិសកុសលផលបុណ្យជូនមាតា បិតាជីដូនជីតា បុព្វការីជននិងវេរដាឆ្លងជាកិច្ចបង្ហើយបុណ្យ។ បច្ច័យដែលប្រមូលបានក្នុងបុណ្យអង្គកឋិនទាននេះ គឺមានចំនួន៤៨,២១៩,៥០០រៀល៕