(កំពង់ធំ)៖ លោក ថោង ខុន ប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងត្រួតពិនិត្យការងារមួយចំនួនដែលថ្នាក់ដឹកនាំ និងសមាជិកគណបក្សស្រុកទាំងពីរខាងលើបានអនុវត្តកន្លងមក ព្រមទាំងបានដាក់ចេញនូវទិសដៅការងារថ្មីៗមួយចំនួនទៀត ដើម្បីឱ្យថ្នាក់ដឹកនាំ និងសមាជិកគណបក្សអនុវត្តបន្ត និងបានជំរុញឱ្យសមាជិកបក្សទាំងអស់ចូលរួមដឹកនាំប្រជាពលរដ្ឋរៀបចំពិធីហូបអំបុក ដើម្បីការពារជាតិ សាសនា និងព្រះមហាក្សត្រ ទាំងអស់គ្នាផងដែរ។
កិច្ចប្រជុំនេះ បានធ្វើឡើងនាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមណ្ឌលអភិវឌ្ឍន៍សម្ដេចតេជោ ហ៊ុន សែន ទី៥ ស្ថិតក្នុងស្រុកបារាយណ៍ ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនកម្ពុជាក្នុងស្រុកទាំងពីរប្រមាណ ២០០នាក់។
បន្ទាប់ពីស្ដាប់នូវរបាយការណ៍របស់គណបក្សស្រុកទាំងពីររួចមកលោក ថោង ខុន បានដាក់ចេញនូវទិសដៅការងារមួយចំនួនទៀតសម្រាប់ឱ្យថ្នាក់ដឹកនាំ និងសមាជិកគណបក្សអនុវត្តបន្តប្រកបដោយការយកចិត្តទុកដាក់ ក្នុងនោះរួមមាន៖
* រួមសហការគ្នារៀបចំពិធីហូបអំបុក ដើម្បីការពារជាតិ សាសនា និងព្រះមហាក្សត្រ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឲ្យបានផុលផុស និងទូលំទូលាយនៅគ្រប់ទីកន្លែងនៅតាមភូមិ ឃុំ ស្រុក វត្តអារាមផងដែរ។
* ត្រៀមលក្ខណៈដើម្បីដឹកនាំ និងសម្របសម្រួលដល់ក្រុមកីឡាករទូកងទាំង០៣ របស់ស្រុកបារាយណ៍ ដើម្បីទៅចូលរួមព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែនៅថ្ងៃទី ១០-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។
* បន្តក្តាប់ឱ្យជាប់សភាពការណ៍ និងសតិអារម្មណ៍នយោបាយនៅមូលដ្ឋាន។ គ្រប់គ្រងមូលដ្ឋានអោយបានរឹងមាំ ទប់ស្កាត់ រាល់សកម្មភាព ដែលប៉ុនប៉ង បោកប្រាស់ប្រជារាស្ត្រអោយគាំទ្រ និងដើរតាមសកម្មភាពក្បត់ជាតិរបស់សមរង្សី និងបក្សពួកក្បត់ជាតិរបស់ពួកគេ។
* ពង្រឹងរចនាសម្ព័ន្ធ របៀបរបបការងារ និងរបៀបរបបប្រជុំរបស់គណបក្សឃុំឲ្យបានល្អ និងមានប្រសិទ្ធភាព។ ពង្រឹងការគ្រប់គ្រង និងពង្រីកសមាជិកបក្ស (ឈរលើគោលការណ៍រក្សាចាស់ បង្កើនថ្មី) ដោយត្រូវបន្តខិតខំកសាងសមាជិកបក្សថ្មីឱ្យបាន ២០% ជារៀងរាល់ឆ្នាំ។
* ពង្រឹងសកម្មជនយុវជនឃុំ និងភូមិ ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងបក្សឱ្យបានរឹងមាំល្អ និងបន្តខិតខំកសាងសមិទ្ធផលចាំបាច់នានានៅមូលដ្ឋានតាមលទ្ធភាពដែលអាចធ្វើទៅបាន។ បន្តខិតខំដោះស្រាយបញ្ហាប្រឈម និងសំណូមពរចាំបាច់នានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
* បន្តចិញ្ចឹមចលនា និងកម្លាំងសំខាន់ៗរបស់គណបក្សនៅមូលដ្ឋាន ពិសេសផ្តោតលើយុវជន។ លុបបំបាត់នូវអំពើអសកម្មនានា ដែលនាំឱ្យប៉ះពាល់ដល់សតិអារម្មណ៍ និងជីវភាពរស់នៅរបស់ប្រជាជន។ ធ្វើអំពើល្អ និងផ្តល់សេវាសាធារណៈឲ្យកាន់តែខិតជិតដល់ប្រជាពលរដ្ឋ និងបម្រើប្រជាពលរដ្ឋឱ្យអស់ពីចិត្តពីថ្លើម។
លោក ថោង ខុន បានបញ្ជាក់បន្ថែមទៀតថា គ្រប់សកម្មភាពប្រមូលផ្តុំប្រកាសគាំទ្រអតីតបក្សសង្គ្រោះជាតិ ប្រកាសទៅទទួលការវិលត្រឡប់របស់សម រង្ស៉ី គឺសុទ្ធតែជាអំពើខុសច្បាប់ព្រោះ សម រង្ស៉ី ជាទណ្ឌិតក្បត់ជាតិ ដែលហ៊ានប្រមាថដល់អង្គព្រះមហាក្សត្រ ហ៊ានប្រកាសខ្លួនចង់ធ្វើរដ្ឋប្រហារ រលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើត ចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌ដែលនេះគឺសុទ្ធតែជាអំពើក្បត់ជាតិ។
លោកបានបញ្ជាក់ថា ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ ដោយមានគណបក្្សនយោបាយ ២០ ចូលរួម ហើយក្នុងដំណើរការបោះឆ្នោតក៏មានបណ្តាអ្នកសង្កេតការណ៍រាប់ពាន់នាក់ មកពីប្រទេសជាច្រើន ដែលបានចុះមកសង្កេតការណ៍ហើយក៏បានប្រកាសទទួលស្គាល់ និងគាំទ្រលទ្ធផលនៃការបោះឆ្នោតនៅកម្ពុជានេះផងដែរ។ ជាងនេះទៅទៀត លទ្ធផលនៃការបោះឆ្នោត និងរាជរដ្ឋាភិបាលថ្មី ដែលត្រូវបានបង្កើតឡើង គឺជារាជរដ្ឋាភិបាលស្របច្បាប់ដែលត្រូវបានប្រទេសជាច្រើនទទួលស្គាល់ជាអាទិ៍ សហគមន៏អាស៊ានទាំងមូល ចិន ជប៉ុន កូរ៉េ ឥណ្ឌា រុស្សី បារាំង អាល្លឺម៉ង់ និងប្រទេសមួយចំនួនទៀតនៅអីរ៉ុប អាសុី ។ល។
លោកក៏បានជំរុញឱ្យសមាជិកបក្សក្នុងស្រុកតាំងគោក និងស្រុកបារាយណ៍ទាំងអស់ត្រូវរួមគ្នាបន្តថែរក្សាការពារសុខសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងរដ្ឋធម្មនុញ ដែលដឹកនាំដោយរាជរដ្ឋាភិបាលស្របច្បាប់ និងចូលរួមទប់ស្កាត់ឱ្យបាននូវសកម្មភាពរបស់ពួកក្បត់ជាតិដើម្បីកុំឱ្យមានសកម្មភាពមិនប្រក្រតីណាមួយកើតឡើង។
នៅក្នុងឱកាសនោះទៀតផងដែរ លោក ថោង ខុន ក៏បានណែនាំក្រុមការងារ សហការជាមួយរដ្ឋអំណាចមូលដ្ឋាន ចូលរួមដាល់អំបុក និងទទួលទានអំបុក ដើម្បីការពារជាតិ សាសនា និងព្រះមហាក្សត្រ ឱ្យបានយ៉ាងសប្បាយរីករាយនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ៕