(ត្បូងឃ្មុំ)៖ បុណ្យកឋិនទានសាមគ្គីដែលផ្តួចផ្តើមឡើងដោយ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ ព្រមទាំងគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការអាជ្ញាធរដែនដី និងមន្ទីរអង្គភាពជុំវិញខេត្ត ប្រមូលបានបច្ច័យចំនួន ៥២,៩៩៩០០០រៀល ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា អស់កាលត្រីមាសក្នុងពុទ្ធសីមាវត្តចំនួនទួលព្រះពន្លា ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីបន្តកសាងសមិទ្ធិផលបន្ថែម និងជួយទ្រទ្រង់ក្នុងទីអារាមនេះ ដែលជាទីគោរពបូជារបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការបំរើឲ្យវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
ថ្លែងសំណេះសំណាលនាឪកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ពិធីបុណ្យកឋិនទាន និងពិធីបុណ្យផ្សេងៗកើតឡើងទូទាំងប្រទេស គឺសុទ្ធសឹងដោយសារប្រទេសជាតិមានសុខសន្តិភាព ពលរដ្ឋខ្មែរទូទៅ អាចប្រកបរបរ រកទទួលទានបានដោយសេរី ដែលធ្វើអោយជីវភាពធូរធា មានលទ្ធភាពប្រារព្ធធ្វើបុណ្យផ្សេងៗ តាមគន្លងវិស័យព្រះពុទ្ធសាសនា។
លោក ជាម ច័ន្ទសោភ័ណ ក៍បានអំពាវនាវដល់បងប្អូនពុទ្ធបរិស័ទទាំងអស់ ត្រូវជឿជាក់ និងគាំទ្រ រួមដំណើរជាមួយសម្តេចតេជោ ហ៊ុន សែន រក្សាឲ្យបាននូវសុខសន្តិភាពនេះ ដើម្បីបន្តចូលរួមចំណែកក្នុងការកសាងសមិទ្ធផលនានា ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ឲ្យមានការរីកចម្រើនបន្ថែមទៀត ឆ្ពោះទៅកាន់ត្រើយអភិវឌ្ឍន៍៕