(បាងកក, ថៃ)៖ កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី១៦ បានបើកជាផ្លូវការនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រោមវត្តមានរបស់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន និងលោកនាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី។ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី១៦ ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាន និងលោកនាយករដ្ឋមន្រ្តីឥណ្ឌា បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅលើវឌ្ឍនភាព និងការរីកចម្រើននានា នៃទំនាក់ទំនងរវាងអាស៊ាន-ឥណ្ឌា ក្នុងរយ:ពេលជាង១៦ឆ្នាំកន្លងមកនេះ។

ក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំដ៏មានសារសំខាន់នេះ នាយករដ្ឋមន្ត្រីឥណ្ឌា បានលើកយកមកពិភាក្សាពីបញ្ហាឥណ្ឌូ-ប៉ាស៊ីហ្វីក។ លោកនាយករដ្ឋមន្ត្រីឥណ្ឌា បានលើកពីការជាប់ពាក់ព័ន្ធរបស់ខ្លួន ជាមួយការច្របាច់បញ្ចូលជាមួយគោលនយោបាយធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើត (Act East Polocy) តាមរយៈវិស័យចំនួន៤ គឺការការពារសន្តិសុខមហាសមុទ្រឥណ្ឌា សមាហរណកម្មជាមួយអាស៊ីអាគ្នេយ៍ ការធ្វើឱ្យស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្រ្ត ជាមួយការធ្វើឲ្យមានតុល្យភាពរវាងមហាអំណាចនានា និងការគ្រប់គ្រងជម្លោះជាមួយប្រទេសចិន។

ថ្លែងទៅកាន់មេដឹកនាំអាស៊ាន-ឥណ្ឌា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាគាំទ្រដល់ការពិភាក្សា ដើម្បីរៀបចំផែនការសកម្មភាពថ្មី ឆ្នាំ២០២១-២០២៥ ជាឯកសារសម្រាប់អនុវត្តសកម្មភាពកិច្ចសហប្រតិបត្តិការរួម ដែលនឹងផ្តល់ផលប្រយោជន៍ឱ្យអាស៊ាន និងឥណ្ឌា។

សម្តេចតេជោ បានបន្ថែមថា កម្ពុជាលើកទឹកចិត្តអាស៊ាន និងឥណ្ឌា ផ្តល់អាទិភាពខ្ពស់ដល់ការពង្រឹង និងពង្រីកពាណិជ្ជកម្ម និងការវិនិយោគ រវាងអាស៊ាន និងឥណ្ឌា បន្ថែមទៀត ដើម្បីសម្រេចឲ្យបាននូវគោលដៅពាណិជ្ជកម្ម ២០០ពាន់លានដុល្លារនៅឆ្នាំ២០២២។ ជាពិសេសទៅទៀតនោះ កម្ពុជាលើកទឹកចិត្តឱ្យជំរុញកិច្ចសហប្រតិបត្តិការបន្ថែមលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្ត និងឌីជីថល រវាងអាស៊ាន និងឥណ្ឌា ជាពិសេសសម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ារ និងវៀតណាម តាមរយៈការផ្តល់ជំនួយហិរញ្ញប្បទាន និងជំនួយបច្ចេកទេសផ្សេងៗ។

ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ឥណ្ឌា លើក ទី១៦នេះដែរ មេដឹកនាំអាស៊ាន-ឥណ្ឌា បានឈានទៅចេញសេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៦ ក្នុងបរិយាកាសរីករាយ និងរ៉ាក់ទាក់បំផុត៕