(ភ្នំពេញ)៖ ពិធីបើកសន្និសីទស្តីពី «យុទ្ធសាស្ត្រផលិតភាពសម្រាប់កម្ពុជា-ការត្រួសត្រាយផ្លូវសម្រាប់ការប្រកួតប្រជែងជាសកល» ត្រូវបានរៀបចំឡើង នាព្រឹកថ្ងៃទី០៣ ខែ វិច្ឆិកា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពរបស់ លោក បណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល។
ថ្លែងក្នុងពិធីបើកសន្និសីទនេះ លោកបណ្ឌិត ពេជ សោភ័ន មានប្រសាសន៍ថា៖ «សន្និសីទនេះត្រូវបានធ្វើឡើងទន្ទឹមគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមកជាមួយ ពិព័រណ៍ការងារ រយៈពេល២ថ្ងៃដើម្បីបង្កើតឱ្យមានឥទ្ធិពល និងផលប្រយោជន៍ជាអតិបរមាដល់អ្នកចូលរួមនេះ គឺផ្តោតលើការចែករំលែកចំណេះដឹង ឯកទេស បទពិសោធន៍នៃការអនុវត្តជោគជ័យ ដើម្បីចូលរួមចំណែកជាមួយការខិតខំរបស់កម្ពុជាក្នុងការបណ្តុះផ្នត់គំនិត ឥរិយាបថ និងវប្បធម៌ក្នុងការលើកកម្ពស់ផលិតភាព និងការចាប់យកបច្ចេកវិទ្យាថ្មីៗ ដែលជាកត្តាចាំបាច់សម្រាប់ជំរុញភាពប្រកួតប្រជែង កំណើនសេដ្ឋកិច្ចខ្ពស់ ការកែលម្អគុណភាពការងារនិងជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាត្រៀមលក្ខណៈសម្រាប់ទាញយកសក្តានុពល និងជំនះហានិភ័យនៃការងារនាពេលអនាគត ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន និងសុខដុមរមនា»។
លោកបណ្ឌិត បានបន្តថា៖ «ផលិតភាពគឺជាការធ្វើការប្រកបដោយភាពឆ្លាតវៃ និងមានប្រសិទ្ធភាព មិនធ្វើការកាន់តែលំបាកទេ។ លើសពីនេះ យើងត្រូវចាប់ផ្តើមពីខ្លួនយើងម្នាក់ៗក្នុងការផ្លាស់ប្តូរឥរិយាបទមិនល្អ ឬទម្លាប់អាក្រក់ចេញ ការប្រើប្រាស់ទស្សនបែបវិជ្ជមាននៅកន្លែងធ្វើការ»។
ដើម្បីលើកកម្ពស់ផលិតភាព លោកបណ្ឌិត បានផ្តល់អនុសាសន៍៣ចំណុចគឺ៖
* លើកទឹកចិត្តដល់បុគ្គលិកឲ្យចូលរួម លក្ខខណ្ឌការងារល្អ
* ការចូលរួមដោយសកម្មដោយអ្នកគ្រប់គ្រង
* ត្រូវប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើការកាន់តែឆ្លាតវៃ
គួរបញ្ជាក់ផងដែរថា សន្និសីទនេះ ត្រូវបានសហការរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ក្រោយការឧបត្ថម្ភគាំទ្រពី កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) និងអង្គការអន្តរជាតិខាងការងារ (ILO)។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក៏ដូចជាគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលរួមបញ្ចូលគ្នានូវដំណោះស្រាយគ្រប់ជ្រុងជ្រោយ សំដៅជំរុញការកែប្រែរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិពីការពឹងផ្អែកលើកំណើនជំរុញដោយកត្តាផលិតកម្មទៅពឹងផ្អែកលើផលិតភាពនិងការបង្កើតតម្លៃបន្ថែម សំដៅពង្រឹងភាពប្រកួតប្រជែង បន្តធានាបានកំណើនខ្ពស់ បង្កើតការងារកាន់តែប្រសើរ និងបង្កើនប្រាក់ចំណូលប្រកបដោយស្ថិរភាពនិងបរិយាប័ន្ន និងឈានទៅសម្រេចបាននូវក្តីប្រាថ្នាក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០៕