(កំពង់ចាម)៖ ទីវត្តអារាមគឺជាកន្លែងអប់រំផ្លូវចិត្ត និងផ្ដល់ឱវាទឱ្យប្រជាពលរដ្ឋធ្វើអំពើល្អ និងចូលរួមអភិវឌ្ឍប្រទេសជាតិដោយអហិង្សា។ នេះជាការលើកឡើងរបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងពិធីបុណ្យកឋិនទាន នៅវត្តចំការអណ្ដូង ស្ថិតក្នុងឃុំចំកាអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម។
លោកអភិបាលខេត្តបានបញ្ជាក់ថា «ក្នុងការចូលរួមចំណែកថែរក្សាសុខសន្តិភាព ក្នុងប្រទេសរបស់យើង ទីវត្តអារាមពិតជាមានតួនាទីយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយព្រះធម៌ ដើម្បីអប់រំផ្លូវចិត្ត និងផ្ដល់ឱវាទដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួម ធ្វើអ្វីដោយអហិង្សា មិនបង្កភាពស្មុគស្មាញដល់សង្គមជាតិ ជាពិសេសគឺការចូលរួមអភិវឌ្ឍ នៅក្នុងមូលដ្ឋានរចស់ខ្លួន»។
លោកអភិបាលខេត្តបានថ្លែងបន្តថា ខណៈពេលដែលប្រទេសយើងកំពុងតែមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ធ្វើឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ នៅតាមមូលដ្ឋានគ្រប់ដណ្ដប់ទូទាំងប្រទេស ។
ជាមួយគ្នានេះដែរ ស្រុកចំការលើក៏ដូចជា ក្នុងខេត្តកំពង់ចាម ក៏ទទួលបានសមិទ្ធ ផលជាច្រើនតាមរយៈការខិតខំប្រឹងប្រែងរបស់ ក្រុមការងារ អាជ្ញាធរខេត្ត ស្រុក-ឃុំ មានដូចជា ផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន ទីវត្តអារាមជាដើម។ ដូច្នេះរាល់សមិទ្ធផលទាំងអស់នេះ គឺទាមទារឱ្យប្រជាពល រដ្ឋចូលរួមថែរក្សាឲ្យបានគង់វង្សទាំងអស់គ្នា ដើម្បីប្រើប្រាស់តាមសេចក្តីត្រូវការរបស់ខ្លួន ព្រោះសមិទ្ធផលទាំងអស់នោះ គឺជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា៕