(បាងកក)៖ បណ្តាមេដឹកនាំអាស៊ានទាំងអស់ បានចូលកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា បានចាប់ផ្តើមបើកជាផ្លូវការនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតអ៊ីមផែក ជាយរាជធានីបាងកក ក្នុងខេត្តនុនថាក់បូរី ប្រទេសថៃ។
ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន រួមទាំងអគ្គលេខាធិការអាស៊ាន ត្រូវបានទទួលនូវការស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុតពី ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥។
នៅក្នុងពិធីបើកកិច្ចកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា របស់អាស៊ាន រួមទាំងឥស្សរជនឆ្នើមអាស៊ាន និងគណ:ប្រតិភូចូលរួមទាំងអស់ បានអញ្ជើញគោរពភ្លេងជាតិអា ស៊ាននៅមុនការអញ្ជើញថ្លែងសុន្ទរកថាបើក កិច្ចកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា។
ថ្លែងសុន្ទរកថា គន្លឹ:ទៅកាន់ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន និងប្រទេសជាដៃគូ អាស៊ាន ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានមេដឹកនាំ និងប្រតិភូនៃបណ្ដាប្រទេសទាំងអស់ដែលបានមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នេះ។
លោកបានគូសបញ្ជាក់ថា បច្ចុប្បន្នអាស៊ាន និងពិភពលោកកំពុងតែប្រឈមនឹងបញ្ហា និងភាពមិនច្បាស់លាស់ជាច្រើន មិនថាផ្នែកសេដ្ឋកិច្ច ដែលកំពុងធ្លាក់ចុះដែលឆ្នាំនេះ ហាក់ដូចជាមានការលូតលាស់តិចតួច ហើយការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ ទាំងកម្រិតពិភពលោក និងតំបន់ ក៏បានបង្ហាញឲ្យឃើញពីជម្លោះរវាងបណ្ដាប្រទេសផ្សេងៗទាំងភេរវកម្មឆ្លងដែនបច្ចេកវិទ្យា។
លោកបន្តថា ការអភិវឌ្ឍយ៉ាងលឿន ការផ្លាស់ប្តូរធាតុអាកាសួ រួមទាំងបញ្ហាសំរាមទៅក្នុងសមុទ្រត្រូវទាមទារឲ្យពួកយើងរួមដៃគ្នាយ៉ាងជិតស្និទ្ធដោះស្រាយធ្វើឲ្យតំបន់របស់យើង ដែលគ្របដណ្តប់ដោយប៉ាស៊ីហ្វីច និងឥណ្ឌាត្រូវតែសម្រេចឲ្យបាននូវការប្រឈមទាំងនេះ។ មិត្តភាពរបស់អាស៊ានជាមួយនឹងសហគមន៍អន្តរជាតិ ក្នុងការរួមចិត្តគ្នាបន្តស្នាដៃរបស់អាស៊ានដែលបង្កើតបានក្នុងកិច្ចប្រជុំកំពូលកន្លងមកអាស៊ានមិនធ្វើសត្រូវជាមួយនឹងអ្នកណាដែលកើតឡើងក្នុងតំបន់និងពិភពលោកហើយនឹងធ្វើឲ្យមាននិរន្តភាពគ្រប់ទិដ្ឋភាពទាំងអស់ក្នុងវិស័យផ្សេងៗការបង្កើតឲ្យមានបរិស្ថានល្អជីវភាពសន្តិភាពទន្ទឹមជាមួយនឹងការពង្រឹងផ្នែកសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយនិរន្តភាព។
លោកបានបញ្ជាក់ថា ពេលនេះពួកយើងនឹងជំរុញឲ្យមានស្ថិរភាពបង្កើតបាននូវជំនឿទុកចិត្តគ្នាទៅវិញទៅមកគឺការគោរពគ្នាទៅវិញទៅមក ការជឿជាក់គ្នាទៅវិញទៅមក និងការស្វែងរកផលប្រយោជន៍រួមគ្នា។ក្រៅពីនេះយើងត្រូវគោរពច្បាប់បទដ្ឋានផ្សេងៗដែលមានស្រាប់ ដូចជាសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនានា យកមកប្រើក្នុងបរិបទដ៏ទូលំទូលាយនៅក្នុងអាស៊ាន ដើម្បីឆ្លុះបញ្ចាំងឲ្យឃើញការអនុវត្តនូវគោលការណ៍ស្ថាប័នរឹងមាំដែលមានប្រជាជនជាស្នូល រួមជាមួយនឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូនឹងសម្រេចអោយបាន DOC ស្ដីពីសមុទ្រចិនខាងត្បូងក៏ដូចជាទំនាក់ទំនងរវាងអាស៊ាននិងសហរដ្ឋអាមេរិកជាដើម។
នាយករដ្ឋមន្រ្តីថៃ បានថ្លែងថា អាស៊ានចាំបាច់ត្រូវតែមានផែនការដើម្បីសម្រេចសេដ្ឋកិច្ចប្រកបដោយភាពរឹងមាំដែលមានការចូលរួមពីគ្រប់ភាគីដោយគ្មានការបោះចោលអ្នកណាម្នាក់ឡើយនៅថ្ងៃក្រោយ។ការអភិវឌ្ឍធនធានមនុស្ស និងការថែរក្សាបរិស្ថានជាពិសេសដោះស្រាយសំរាមក្នុងសមុទ្រ បញ្ហាផ្សែងពុលអាកាសដែលកំពុងគ្របដណ្តប់ បញ្ហានៃការនេសាទសមុទ្រក្នុងតំបន់ប្រកបដោយនិរន្តរភាពដែលទាំងអស់នេះត្រូវពឹងផ្អែកលើកិច្ចសហប្រតិបត្តិការរបស់អាស៊ាននិងបណ្តាប្រទេសជាមិត្ត។
លោកបញ្ជាក់ទៀតថា ឆ្នាំកន្លងមក យើងសម្រេចបានស្នាដៃជាច្រើន ហើយឆ្នាំនេះអាស៊ាននឹងបើកមជ្ឈមណ្ឌល៨ ក្នុងចំណោមមជ្ឈមណ្ឌល៧នោះ ទី១ មជ្ឈមណ្ឌលអាស៊ានសម្រាប់មនុស្សចាស់ជរានិងមជ្ឈមណ្ឌលអាស៊ាន សម្រាប់ការសិក្សា និងការពិភាក្សា អំពីការអភិវឌ្ឍប្រកបដោយនិរន្តរភាពប្រយោជន៍ របស់មនុស្សគ្រប់គ្នា នៅក្នុងតំបន់ និងសម្រាប់កូនចៅរបស់ពួកយើងតទៅអនាគត។
នៅក្នុងពិធីបើកកិច្ចកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន រួមទាំង អគ្គលេខាធិការអាស៊ាន បានអញ្ជើញជូនពានរង្វាន់ដល់ឥស្សរជនឆ្នើមអាស៊ាន ដែលបានចូលរួមចំណែកយ៉ាងសកម្មដល់ដំណើរការរបស់អាស៊ាន ក្នុងរយ:ពេលកន្លងមក៕