(សៀមរាប)៖ សំណង់ខុសច្បាប់ចំនួន២កន្លែង ដែលបានសង់រំលោភបំពានលើទីទួលគោកគូ និងលើខ្នងទំនប់ត្រពាំងហែផ្កា ដែលសង់ឡើងក្នុងសតវត្សទី៩ ស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ត្រូវបានអាជ្ញាធរចុះរុះរើសម្រចជាស្ថាពរ។
ចំពោះសំណង់ខុសច្បាប់ទី១ ដែលត្រូវរុះរើជារបស់លោក ឃន់ សុខន ជាប្រភេទសំណង់របងបេតុងធ្វើរំលោភបំពានលើខ្នងទំនប់ត្រពាំងហែផ្កាខាងត្បូង មានកម្ពស់ ២,៥០ម៉ែត្រ (ចាក់ក្រវាត់កឥដ្ឋ) បណ្តោយ៨៧ម៉ែត្រ គុណនឹង៣៨ម៉ែត្រ រួមនឹងសំណង់ខ្ចុសមួយខ្នង ធ្វើពីថ្មប្រក់ក្បឿង មានទំហំប្រហែល៤ម៉ែត្របួនជ្រុង និងបង្គន់មួយ។
រីឯសំណង់ខុសច្បាប់ទី២ ជារបស់អ្នកស្រី ពុម សុគន្ធា ជាសំណង់របងធ្វើរំលោភព័ទ្ធជុំវិញទួលបុរាណ (គោកគូ) ស្ថិតនៅក្នុងតំបន់ការពារត្រពាំងហែផ្កា មានកម្ពស់២,៥០ម៉ែត្រ (ចាក់ក្រវ៉ាត់ កឥដ្ឋ) មានទំហំប្រហែល២៤ម៉ែត្របួនជ្រុង។
ប្រតិបត្តិកានេះធ្វើឡើងនាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩។
មុននឹងធ្វើការរុះរើនេះ អាជ្ញាធរជាតិអប្សរាធ្លាប់បានចេញលិខិតណែនាំនិងបានផ្តល់ពេលវេលាសមស្របឲ្យម្ចាស់សំណង់ខុសច្បាប់ខាងលើធ្វើការរុះរើដោយស្ម័គ្រចិត្តនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។ ប៉ុន្តែដោយសង្កេតឃើញថាពុំមានសកម្មភាពរុះរើ អាជ្ញាធរជាតិអប្សរាក៏បានអញ្ជើញម្ចាស់សំណង់ខុសច្បាប់ទាំងនេះមកជួបពិភាក្សាដោយផ្ទាល់ចំនួន២ដងដើម្បីជំរុញឲ្យមានការស្ម័គ្រចិត្តរុះរើសំណង់ដោយខ្លួនឯង គឺនៅថ្ងៃទី២២ និង ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩។
ក្នុងកិច្ចពិភាក្សានោះ លោក ឃន់ សុខន បានទទួលស្គាល់កំហុសដែលបានសាងសង់ខុសច្បាប់នៅលើខ្នងទំនប់ត្រពាំងហែផ្កា និងបានយល់ព្រមឱ្យក្រុមការងារចម្រុះរុះរើដោយគ្មានការតវ៉ា ប៉ុន្តែពុំព្រមរុះរើដោយខ្លួនឯងនោះទេ។ លុះនៅថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ នាពេលក្រុមការងារចម្រុះចុះអនុវត្តការរុះរើ ទើបលោក ឃន់ សុខន បានផ្តិតមេដៃអនុញ្ញាតឲ្យក្រុមការងារធ្វើការរុះរើ៕