(ភ្នំពេញ)៖ នៅថ្ងៃទី២ និងទី៣ ខែវិច្ឆិកា កណ្ដាលក្រុងច្បារមន ទីរួមខេត្តកំពង់ស្ពឺ មានប្រារព្ធពិធីបុណ្យអុំទូក អមដោយការតាំងពិព័រណ៍ យ៉ាងអធិកអធម យ៉ាងណាមិញនៅក្នុងពិធីនោះ គេចាប់អារម្មណ៍ថា ទីលានប្រដាល់អន្តរជាតិរបស់ប៉ុស្តិ៍លេខ៥ ដែលរៀបចំឡើងនៅបរិវេណកីឡដ្ឋានខេត្ត កកកុញដោយមនុស្សម្នាយ៉ាងច្រើនកុះករ ខណៈការប្រកួតនៅយប់ថ្ងៃទី២ ខែវិច្ឆិកា ស្ទើរមិនមានគូប្រកួតណាមួយ មិនធ្វើអោយអ្នកទស្សនាជក់ចិត្ត។
ការរៀបចំប្រដាល់នៅក្នុងពិធីនោះ ក្នុងថ្ងៃបើកឆាក គ្រាន់តែជាការប្រកួតមិត្តភាពរវាងកីឡាករក្នុងស្រុក និងក្នុងស្រុក និងរវាងកីឡាករក្នុងស្រុក និងបរទេសប៉ុណ្ណោះ។ ប៉ុន្តែថ្ងៃអុំទូកថ្ងៃចុងក្រោយ គឺថ្ងៃទី៣ វិច្ឆិកា កីឡាករដែលឡើងប្រកួតទាំងអស់ មិនគ្រាន់តែជាការប្រកួតមិត្តភាពអន្តរជាតិប៉ុណ្ណោះទេ តែជាការបើកប្រកួតព្រឹត្តិការណ៍ Khmer Fight ដែលជាការប្រកួតអន្តរជាតិកម្រិតពិភពលោកតែម្ដង។
លោក សេង កដិកា អ្នករៀបចំការប្រកួត និយាយថា ដោយសារតែខេត្តកំពុងស្ពឺរៀបចំពិធីបុណ្យអុំទូកចំពេលប៉ុស្តិ៍លេខ៥គ្រោងធ្វើព្រឹត្តិការណ៍ Khmer Fight លើកទី៣ ទើបចាប់ដៃជាមួយខេត្តរៀបចំតែម្ដង ដោយការប្រកួតប្រដាល់ក្នុងព្រឹត្តិការណ៍មួយនេះ គឺថ្ងៃទី១ ជាការប្រកួតមិត្តភាពជាតិ និងជាតិ ជាតិ និងបរទេស ចំណែកថ្ងៃទី២ គឺជាជំនួបកីឡាករមកពីច្រើនប្រទេស មកប្រកួតដណ្ដើមយកក្រេឌីតនៅកម្ពុជា។
លោកថាព្រឹត្តិការណ៍ Khmer Fight មិនខុសពីការប្រកួតអន្តរជាតិកន្លងមកនោះទេ គឺគ្រាន់តែការប្រកួត Khmer Fight តម្រូវអោយកីឡាករបរទេសដែលមកប្រកួត ត្រូវតែប្រើក្បាច់ប្រដាល់សេរី ឬក្បាច់គុនបុរាណខ្មែរ ត្រូវគោរពតាម ប្រកួតតែ៣ទឹក និងត្រូវគោលការណ៍របស់គណ:កម្មការខ្មែរ ដែលដូចគ្នានឹងកម្ពុជាទៅប្រកួតក្នុងព្រឹត្តិការណ៍ដែលរៀបចំដោយបរទេស ហើយត្រូវគោរពគោលការណ៍គេដូចគ្នា។
ជាមួយគ្នានោះ លោករំភើបចិត្តយ៉ាងខ្លាំង ដែលការប្រកួតមួយនេះ មានអ្នកទស្សនាកកកុញហើយ គ្រាដែលគណ:អធិបតីដែលចូលរួម រួមមានលោក តែម ម៉ឺន ប្រធានសហព័ន្ធ គណ:អភិបាលខេត្តកំពង់ស្ពឺ ក៏លាន់មាត់សរសើរថា ១គូៗប្រកួតគ្នាជក់ចិត្តដែរ៕