(ភ្នំពេញ)៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានជូនដំណឹងដល់សាធារណជនដោយប្រកាសលេខទូរស័ព្ទ និងបណ្តាញទំនាក់ទំនងសង្គម Facebook ឲ្យសាធារណជន និងអ្នកព័ត៌មាន ដែលមានចម្ងល់ និងចង់ដឹងព័ត៌មានផ្សេងៗ អាចបានទាក់ទង២៤/២៤ម៉ោង។
ការចេញមកប្រកាសយ៉ាងដូច្នេះរបស់មន្ទីរប្រឆាំងគ្រឿងញៀន ធ្វើឡើងបន្ទាប់ពីក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មន្ទីរប្រឆាំងគ្រឿងញៀន មានការសោកស្ដាយដោយឃើញថាមាន អ្នកបសារព័ត៌មានមួយចំនួន មានការភ័ន្តច្រឡំហើយ បានចុះផ្សាយតាមបណ្ដាញ Facebook និងតាមប្រម៉ាញ់ថតរូប អំពីសកម្មភាពពេលសមត្ថកិច្ច កំពុងបង្រ្កាបគ្រឿងញៀន និងបានប្រើពាក្យមិនសមរម្យឈ្លេចសួរ ដែលប៉ះពាល់ដល់ការងារស្រាវជ្រាវ ដោយសម្ងាត់ដើម្បីបន្តស្រាវជ្រាវ បង្ក្រាបមេក្លោងថែមទៀត។ ក្នុងករណីមានចម្ងល់ឬចង់ដឹង ព័ត៌មានផ្សេងៗ សូមសហការទាក់ទងមកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
សេចក្តីជូនដំណឹងរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំរីករាយរង់ចាំទទួលស្វាគមន៍រាល់ព័ត៌មាន និងមានមតិរិះគន់ដោយស្ថាបនា២៤/២៤ម៉ោង តាមរយៈ Facebook Page : Anti-Drug Department ឬ តាមទូរស័ព្ទដូចខាងក្រោម៖
១-ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (012 526911) និង២-លោកឧត្តមសេនីយ៍ត្រី អ៊ិន សុង នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (Mobitel: 011248888, Smart: 015222226)»។
ជាមួយគ្នានេះ មន្ទីរប្រឆាំងគ្រឿងញៀន ក៏បានថ្លែងអំណរគុណ ចំពោះមហាជន ប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្ស និសិ្សត ក៏ដូចជាសារព័ត៌មានបណ្តាញសង្គមផ្សេងៗ ដែលបានចូលរួមយ៉ាងសកម្មក្នុចងការបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀន និងបានអប់រំណែនាំកូនចៅ សាច់ញាតិឲ្យចៀសឆ្ងាយពីគ្រឿងញៀន និងបោះបង់ចោលគ្រឿងញៀន ហើយស្ម័គ្រចិត្តចូលទៅព្យាបាល បន្សាបគ្រឿងញៀន ស្ដារនីតិសម្បទាឡើងវិញ ។
លើសពីនេះ មន្ទីរប្រឆាំងគ្រឿងញៀន ក៏បានសំណូមពរដល់សារធារណជនជាតិ អន្តរជាតិ អ្នកសារព័ត៌មានបណ្តាញសង្គម មេត្តាបន្តចូលរួមអនុវត្តន៍គោលនយោបាយភូមិឃុំមាន សុវត្តិភាព និងផែនការយុទ្ធនាការបង្រ្កាបគ្រឿងញៀនខុសច្បាប់ របស់រាជរដ្ឋាភិបាល និងសូមបន្តសហការផ្ដល់ព័ត៌មាន រាល់សកម្មភាពបទល្មើសគ្រឿងញៀន ឬភាពអសកម្មរបស់មន្ត្រីអនុវត្តន៍ច្បាប់។
សូមជម្រាបថា អនុវត្តន៍តាមផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ និងមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាប្រធានយុទ្ធនាការ និង នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ជាអនុប្រធានយុទ្ធនាការ ក្នុងឆន្ទៈ «រូមគិត រួមធ្វើ រួមទទួលខុសត្រូវ» មហាជនគ្រប់ជាន់ថ្នាក់ រួមនឹងមន្ត្រីអនុវត្តន៍ច្បាប់ បានខិតខំធ្វើសកម្មភាពទទួលបានលទ្ធផល ជាទីពេញចិត្ត។
សរុបលទ្ធផលអនុវត្តច្បាប់ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១, ទី២,ទី៣ និងទី៤ (៩ខែដើមឆ្នាំ ២០១៩)៖ បង្រ្កាប២៣, ៤៦៣ករណី ឃាត់ខ្លួន ៤៩,៤៩៤នាក់ (ស្រី៣,៩៦៧នាក់) រឹបអូសគ្រឿងញៀនជាង១,១២១ គីឡូក្រាម បទល្មើសជួញដូរ-រក្សាទុក-ដឹកជញ្ជូនបង្រ្កាបបាន១៤,៦៥៦ករណី ឃាត់ខ្លួន ២៦,៩១៥នាក់ (ស្រី២,៧១៧នាក់) ជោគជ័យដ៍ធំធេងនេះធ្វើឲ្យសន្តិសុខ សុវត្ថិភាព សង្គមល្អប្រសើរ កាត់បន្ថយបានរាល់បទល្មើស៕