(ភ្នំពេញ)៖ ជាការលើកទឹកចិត្ត លោក ថេង សុថុល បានជួបសំណេះសំណាល និងផ្តល់រង្វាន់ដល់ប្រជាការពារសង្កាត់ទន្លេបាសាក់ និងសង្កាត់ផ្សារដើមថ្កូវ ដោយបានសរសើរដល់កម្លាំងសន្តិសុខសណ្តាប់ធ្នាប់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារក្នុងការចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវបច្ចុប្បន្ន ក៏ដូចកន្លងទៅ មិនថាយប់ថ្ងៃ ភ្លៀងខ្យល់នោះឡើយ គឺថា កម្លាំងបានបម្រើប្រជាពលរដ្ឋ និងអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំដែលបានដាក់ជូន។
ក្នុងឱកាសនោះដែរ លោក ថេង សុថុល ក៏បានពន្យល់អំពីអំពើក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី ក្នុងការបំផ្លិចបំផ្លាញជាតិ និងសូមជួយសហការរាយការណ៍ អំពីផែនការក្បត់ និងមុខសញ្ញាពាក់ព័ន្ធជូនទៅអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដើម្បីឈានទៅចាត់វិធានការច្បាប់ឲ្យមានប្រសិទ្ធភាព។
លើសពីនេះអភិបាលខណ្ឌចំការមន ក៏បានពន្យល់ដល់ក្រុមប្រជាការពារ ដាច់ខាតកុំចាញ់ឧបាយកលបោកបញ្ឆោតរបស់ឧក្រិដ្ឋជន ក្បត់ជាតិ សម រង្ស៊ី ព្រោះអាចនាំឲ្យខ្លួនជាប់ពាក់ព័ន្ធនឹងអំពើ «រួមគំនិតក្បត់» ដែលជាផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីការបោះឆ្នោតស្របច្បាប់។
ការពន្យល់យ៉ាងដូច្នេះរបស់លោក ថេង សុថុល ធ្វើឡើងក្នុងពេលលោកអញ្ជើញជួបសំណេះសំណាលជាប្រជាការពារសង្កាត់ទន្លេបាសាក់ និងសង្កាត់ផ្សារដើមថ្កូវ នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅស្នាក់ការប្រចាំការ២៤ម៉ោងលើ២៤ម៉ាង តាមសង្កាត់នីមួយៗ ក្នុងខណ្ឌចំការមន។
ដើម្បីចូលរួមរៀបចំសណ្តាប់ធ្នាប់របៀបរាបរយ ក្នុងមូលដ្ឋានខណ្ឌចំការមនយើងអោយបានល្អប្រសើរនោះ លោក ថេង សុថុល បានស្នើសូមដល់កម្លាំងសណ្តាប់ធ្នាប់ទាំងអស់ ហាមអវត្តមាន ព្រោះថា នៅពេលខាងមុខនេះ រាជធានីភ្នំពេញមានរៀបចំពិធីបុណ្យធំជាច្រើន។
ជាមួយគ្នានេះ លោកបានពន្យល់ដល់កម្លាំងសន្តិសុខថា មួយរយៈចុងក្រោយនេះ មានមនុស្សមួយក្រុម ដែលដឹកនាំដោយទណ្ឌិត ក្បត់ជាតិ សម រង្សី បានប្រកាស អំពីផែនការវិលត្រឡប់មកកម្ពុជាវិញ មានទាំងការកែនមហាជនឲ្យងើបឡើង, ប្រមូលកម្លាំងកងទ័ព, ប្រមូលលុយចិញ្ចឹមទ័ព និងផែនការមួយចំនួនទៀត ដែលអាចសន្និដ្ឋានបានថា ជាផែនការមួយធ្វើឡើង ក្នុងគោលបំណងផ្តួលរំលំ រាជរដ្ឋាភិបាល ដែលកើតឡើងពីការបោះឆ្នោត ដោយស្របច្បាប់។
លោកអភិបាលខណ្ឌបានស្នើឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរខណ្ឌ ក្នុងការផ្តល់ព័ត៌មានផ្សេងៗពាក់ព័ន្ធភាពមិនប្រក្រតីនៅក្នុងមូលដ្ឋាន ជាពិសេសមុនសញ្ញាមិនបទល្មើសដែលបង្កជាអសន្តិសុខសង្គម។ រាល់ការផ្តល់ព័ត៌មានរបស់បងប្អូន អាជ្ញាធរ និងរក្សាការសម្ងាត់ជូន ហើយក៏មានន័យថា បងប្អូនបានចូលរួមជាមួយអាជ្ញាធរក្នុងការអនុវត្ត គោលនយោបាយ (ភូមិសង្កាត់មានសុវត្ថិភាព) ឲ្យមានប្រសិទ្ធភាព៕