(ព្រៃវែង)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងឱកាសអញ្ជើញ សម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តឯកវចនារាម (ហៅវត្តបេងបូរី) ស្ថិតនៅឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានប្រាប់ប្រជាពលរដ្ឋ ឲ្យចូលរួមថែរក្សាការពារឲ្យបានដាច់ខាត នូវសន្ដិភាពដែលកំពុងមានសព្វថ្ងៃ ទោះក្នុងតម្លៃណាក៏ដោយ។
ក្នុងពិធីនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គ្រោះថ្នាក់នៃការបំផ្លាញសុខសន្ដិភាពនេះ មិនអាចកើតមានបានឡើយ ប្រសិនបើប្រជាពលរដ្ឋយល់ច្បាស់ពីតម្លៃនៃសន្តិភាព ហើយចូលរួមថែរក្សាការពារទាំងអស់គ្នា ដោយមិនចាញ់កលល្បិចញុះញង់ បំបែកបំបាក់របស់អ្នកនយោបាយស្រេកឃ្លានអំណាចទាំងអស់នោះ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្ថែមថា ប្រសិនប្រជាពលរដ្ឋខ្មែរទាំងអស់ មិនអាចការពារ សន្តិភាពបាន ដោយបណ្តោយឲ្យបាត់បង់ ដោយសារការញុះញង់នេះ នោះអ្វីៗដែលបានខិតខំកសាងបានកន្លងមក ហើយដែលយើងកំពុងរីករាយទទួលផល នឹងបាត់បង់ទៅសូន្យសុង និងមានតែការឈឺចាប់ខ្លោចផ្សា មិនអាចមានឱកាសត្រលប់ក្រោយវិញបានឡើយ។
បើតាមលោក ហ៊ុន ម៉ាណែត សម្តេចតេជោ នាយករដ្ឋមន្ត្រី បានយកអាយុជីវិតធ្វើជាដើមទុន ដើម្បីស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជា និងបម្រើប្រជាជន នៅក្នុងគ្រប់កាលៈទេសៈ ដែលខុសពីអ្នកនយោបាយមួយចំនួន បានយកជោគវាសនាប្រទេសជាតិ និងអាយុជីវិតប្រជាជន ជាល្បែងក្នុងនយោបាយបម្រើឲ្យ មហិច្ឆិតាល្មោភចង់បានអំណាចរបស់ខ្លួន ដោយមិនគិតពីការស្លាប់រស់របស់ប្រជាជន និងប្រទេសជាតិ។
លោកបានសង្កត់ធ្ងន់ថា ការបែកបាក់និរាសព្រាត់ប្រាស់ និងការវិនាសហិនហោចគ្រប់បែបយ៉ាង នឹងកើតមានប្រសិនបើសន្តិភាពត្រូវបានបំផ្លិចបំផ្លាញ។ សន្តិភាព គឺជាសមិទ្ធផលដែលត្រូវបានកសាងឡើង ដោយការលំបាកបំផុត ប៉ុន្តែអាចនឹងត្រូវដុតបំផ្លាញដោយងាយស្រួល។ ខ្មែរទាំងអស់គ្នាចង់រស់នៅ សុខសាន្តបន្តទៅមុខទៀត ដូច្នេះកុំបំផ្លាញអ្វីៗដែលមានស្រាប់ ត្រូវរួមគ្នាបន្តកសាងជាបន្តបន្ទាប់ លើមូលដ្ឋានកំពុងមាននេះ ជាពិសេស ការកសាងឱកាស សម្រាប់អ្នកជំនាន់ក្រោយ ក្នុងនោះមានឱកាសសិក្សារៀនសូត្រ ដើម្បីឲ្យពួកគេក្លាយខ្លួនជាអ្នកដឹកនាំនាពេលអនាគត អាចចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ និងស្រុកភូមិកំណើតរបស់ខ្លួន។
បន្ថែមពីនេះ លោក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណលោកយាយលោកតា អ៊ំពូមីង និងបងប្អូនប្រជាពលរដ្ឋទាំងអស់ បានចូលរួមចំណែកទាំងអស់គ្នា ក្នុងការកសាងប្រទេសជាតិ និងមូលដ្ឋានភូមិឃុំ មានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ ជាពិសេសតាមរយៈការចូលរួមគាំទ្ររាជរដ្ឋាភិបាល ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រី ដឹកនាំនាវាកម្ពុជាឆ្ពោះទៅមុខជានិច្ច។ ការសម្រេចចិត្តនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ សម្រាប់សេចក្តីសុខខ្លួនឯង គ្រួសារ និងសង្គមជាតិ៕