(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បង្ហាញលទ្ធផលផ្លូវការ ក្នុងការត្រៀមរៀបចំ កំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដែលឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមក្នុងកិច្ចប្រជុំលើកទី២០ របស់ក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន និងកិច្ចប្រជុំលើកទី២៤ របស់ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន។
បើតាមក្រសួងការបរទេស កិច្ចប្រជុំលើកទី២០ របស់ក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន បានពិភាក្សាលើបញ្ហាសន្តិសុខប្រពៃណី និងមិនប្រពៃណីនានា ដែលជះឥទ្ធិពលទៅដល់ការ វិវឌ្ឍថ្មីៗ ក្នុងបណ្តាផ្នែកចំណុះសហគមន៍នយោបាយ-សន្តិសុខអាស៊ាន និងវឌ្ឍនភាព នៃការអនុវត្តផែនការលម្អិតរបស់សហគមន៍នយោបាយ-សន្តិសុខ អាស៊ាន២០២៥។
ពាក់ព័ន្ធនឹងបញ្ហាប្រឈម និងផែនការនាពេលអនាគតត សម្រាប់ការអនុវត្តផែនការលម្អិតរបស់សហគមន៍ នយោបាយ-សន្តិសុខអាស៊ាន ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសង្កត់ទៅលើផលប៉ះពាល់ធ្ងន់ធ្ងរ នៃសន្តិសុខតាមប្រព័ន្ធអ៉ីនធឺរណែត និងភាពចាំបាច់ក្នុងកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹង បទឧក្រិដ្ឋឆ្លងដែន ជាពិសេសការរត់ពន្ធគ្រឿងញៀនខុសច្បាប់។
ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានជម្រាបជូនអង្គប្រជុំអំពីការរួមចំណែករបស់មជ្ឈមណ្ឌលអាស៊ាន សម្រាប់សកម្មភាពមីន (ARMAC) ក្នុងការលើកកម្ពស់ ការយល់ដឹងអំពីគ្រោះថ្នាក់ នៃគ្រាប់មីន និងសំណល់គ្រឿងផ្ទុះពីសង្រ្គាម នៅក្នុងតំបន់ និងពិភពលោក។ លោកក៏បានជម្រាបដល់អង្គប្រជុំ អំពីលទ្ធផល នៃសិក្ខាសាលាតំបន់ស្តីពីការអនុវត្តរបៀបវារៈស្រ្តី សន្តិភាព និងសន្តិសុខ នៅក្នុងអាស៊ាន ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីខែសីហា ឆ្នាំ២០១៩។
ដោយឡែក សម្រាប់កិច្ចប្រជុំលើកទី២៤ របស់ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន បានពិភាក្សាលើតួនាទី និងប្រតិបត្តិការរបស់លេខាធិការដ្ឋានអាស៊ាន ការអនុវត្តផែនការសកម្មភាព នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន (IAI) និងវឌ្ឍនភាព នៃការអនុវត្តផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន (MPAC) ២០២៥។
នៅក្នុងបទអន្តរាគមន៍ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអរគុណដល់រដ្ឋាភិបាលឥណ្ឌូនេស៊ី ដែលបានប្តេជ្ញាចិត្តចំពោះអាស៊ាន សម្រាប់អគារ នៃលេខាធិការដ្ឋានអាស៊ាន នៅទីក្រុងហ្សាការតា ដែលទើបបានសម្ពោធនាពេលថ្មីៗ កន្លងទៅនេះ។
ចំពោះ IAI លោក ប្រាក់ សុខុន បានអះអាងជាថ្មី អំពីសារសំខាន់ នៃគំនិតផ្តួចផ្តើមនេះ ក្នុងការជំរុញសមាហរណកម្មនៅក្នុងតំបន់ និងបានលើកទឹកចិត្ត ឲ្យផ្តោតការយកចិត្ត ទុកដាក់បន្ថែមទៀត លើការធ្វើឲ្យប្រសើរឡើងនូវកម្លាំងប្រកួតប្រជែងរបស់សហគ្រាសមីក្រូ តូច និងមធ្យម ការលើកកម្ពស់ ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅសមាហរណកម្មឌីជីថល និងកម្មវិធីកសាងសមត្ថភាព។
ចំពោះសមាជិកភាពទីម័រឡេស្តេ នៅក្នុងអាស៊ាន លោកបានបញ្ជាក់ថា កម្ពុជាគាំទ្រទីម័រឡេស្តេ ជាសមាជិកអាស៊ាន និងបានស្វាគមន៍នូវការវិវឌ្ឍជាវិជ្ជមាន តាមរយៈបេសកកម្មស្វែងរកការពិត ដែលបានធ្វើឡើងកាលពីខែកញ្ញា ឆ្នាំ២០១៩។ លោកក៏បានលើកទឹកចិត្តឲ្យសរសរស្តម្ភ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងក្រុមប្រឹក្សា សង្គម-វប្បធម៌ រៀបចំបេសកកម្មស្វែងរកការពិតនៅ ទីម័រឡេស្តេ ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាននៅដើមឆ្នាំ២០២០។
ដោយឡែក នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញ ចូលរួមក្នុងកម្មវិធីអាហារពេលល្ងាចការងារ សម្រាប់រដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលនៅក្នុងឱកាសនោះ បញ្ហាតំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់រួម ត្រូវបានលើកយកមកពិភាក្សា។
លុះនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រួមជាមួយរដ្ឋមន្រ្តី ការបរទេសអាស៊ានដទៃ បានចុះហត្ថលេខាលើលិខិតុបករណ៍ នៃការចូលជាភាគី នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ដោយសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងដោយ
ព្រះរាជាណាចក្របារ៉ែន៕