(បាងកក)៖ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបកំពុងតែពិភាក្សាក្នុងការដកការផ្តល់អនុគ្រោះផ្នែកសេដ្ឋកិច្ចពីប្រទេសកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងអ្វីដែលបានកើតឡើង ចំពោះការបោះឆ្នោតសកលកាលពីឆ្នាំ២០១៨។ គណបក្សកាន់អំណាចបានឈ្នះអាសនៈទាំងអស់នៅក្នុងរដ្ឋសភា ក្រោយបក្សប្រឆាំងត្រូវបានរំលាយដោយតុលាការកំពូល និងដកសិទ្ធិចូលប្រឡូកនយោបាយពីក្រុមថ្នាក់ដឹកនាំបក្ស។
តាមរយៈការលើកឡើងរបស់ប្រទេសលោកខាងលិច ការបោះឆ្នោតនៅកម្ពុជាមិនត្រឹមត្រូវតាមបែបបទនៃលទ្ធិប្រជាធិបតេយ្យនោះឡើយ។ ប៉ុន្តែអ្វីដែលចម្លែក បើទោះបីជាបែបនេះមែន គេមិនឃើញមានការតវ៉ាអ្វីកើតឡើងទាល់តែសោះ ហើយផ្ទុយទៅវិញប្រជាពលរដ្ឋទូទៅហាក់បង្ហាញអារម្មណ៍ធូរស្បើយ នៅពេលដំណើរការបោះឆ្នោតបានបញ្ចប់ទៅ។
ងាកទៅមើលផ្នែកសេដ្ឋកិច្ចវិញ កម្ពុជាបាននិងកំពុងទទួលកំណើនជាមធ្យម ៧.៧% នៅក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ដែលធ្វើឲ្យប្រទេសមួយនេះក្លាយជាប្រទេស មានកំណើនសេដ្ឋកិច្ចលឿនបំផុតមួយ ក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ច រហ័សផ្សេងទៀតៗនៅលើសកលលោក។ បន្ថែមពីនេះរាជធានីភ្នំពេញក៏ចាប់ផ្តើមអភិវឌ្ឍន៍ខ្លាំងក្លាដែលធ្វើឲ្យគ្រប់គ្នាមើលទៅ មានទិដ្ឋភាពមិនសូវខុសពីទីក្រុងទំនើបៗឯទៀតៗឡើយ ព្រោះតែវត្តមាននៃសំណង់អគារខ្ពស់ៗ សណ្ឋាគារលំដាប់ផ្កាយ៥ និងភោជនីយដ្ឋានប្រណិតៗជាដើម។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺភាពក្រីក្រត្រូវបានកាត់បន្ថយ ព្រោះជាធម្មតាទីក្រុងនៅតាមបណ្តាប្រទេសក្រីក្រ គឺគេតែឃើញស្ថានភាពក្រីក្រជាក់ស្តែង ប៉ុន្តែខេត្តសៀមរាបរបស់កម្ពុជា សំបូរទៅដោយភោគទ្រព្យដែលទាក់ទាញទេសចរអន្តរជាតិ ជាពិសេសទៅកាន់ប្រាសាទអង្គរវត្ត ដែលបានទាក់ទាញភ្ញៀវទេសចររាប់លាននាក់ នៅក្នុងមួយឆ្នាំៗ។ បន្ថែមពីនេះទីក្រុងព្រះសីហនុ ដែលស្ថិតនៅជាប់ឈូងសមុទ្រថៃនោះ ក៏កំពុងមានសន្ទុះរីកលូតលាស់ខ្លាំង ជាមួយនឹងកំពង់ផែដែលត្រូវបានពង្រីក ដោយសារតែកំណើតនៃចំនួនកុងតឺន័រ ដែលត្រូវដឹកសម្ភារៈប្រើប្រាស់ផ្សេងៗដូចជា សម្លៀកបំពាក់ កង់ និងទំនិញជាច្រើនទៀត ដើម្បីនាំចេញទៅផ្គត់ផ្គង់ទីផ្សារសកលលោក។ ក្រុមអ្នកវិនិយោគទាំងចិន និងជប៉ុនកំពុងតែសម្រុកទៅកាន់ទីនោះ ហើយមើលទៅហាក់ដូចជា ការប្រកួតប្រជែងគ្នាច្បាស់ណាស់។
ខ្ញុំបានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ក្នុងនាមជារដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរីកាលពីឆ្នាំ១៩៩៩។ នៅតាមផ្លូវធ្វើដំណើរទៅប្រាសាទអង្គរវត្ត លោករដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា ចម ប្រសិទ្ធ បានចង្អុលបង្ហាញពីទីតាំង ដែលនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរួចជីវិតពីការវាយប្រហារដោយគ្រាប់រ៉ុក្កែត កាលពីប៉ុន្មានសប្តាហ៍មុនខ្ញុំមកទស្សនកិច្ចទីនេះ។ កម្ពុជានៅពេលនោះគឺមិនទាន់មានសុខសុវត្ថិភាពពេញលេញនោះទេ ខណៈអាវុធវិញមាននៅគ្រប់ទីកន្លែង។
ប៉ុន្មានឆ្នាំបន្ទាប់មកទៀត ខ្ញុំបានសួរនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីការប៉ុនប៉ងយកជីវិតរបស់លោកពេលនោះ ហើយលោកបានជម្រាបខ្ញុំវិញថា លោកបានដឹងថានរណាជាអ្នកបញ្ជាឲ្យប្រព្រឹត្តទង្វើនេះ ប៉ុន្តែលោកនឹងមិនតបតវិញឡើយ ព្រោះគោលបំណងសំខាន់បំផុតរបស់លោកពេលនោះ គឺត្រូវស្វែងរកឲ្យបាននូវសន្តិភាព។
បើគ្មានស្ថិរភាពនយោបាយទេនោះ ប្រទេសកម្ពុជាក៏មិនអាចទទួលបានការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចបែបនេះដែរ។ ប៉ុន្តែប្រទេសតិចតួចប៉ុណ្ណោះបានហែលឆ្លងកាត់ឋាននរក ដែលបានកើតឡើង។ នៅក្នុងឆ្នាំ១៩៧០ លន់ ណុល ដែលត្រូវបានគាំទ្រដោយសហរដ្ឋអាមេរិកបានធ្វើរដ្ឋប្រហារទម្លាក់ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ចេញពីអំណាចព្រោះអាមេរិកគិតថា ព្រះអង្គបានកំពុងរារាំងមហាអំណាចនេះ ក្នុងការប្រយុទ្ធតទល់នឹងបក្សកុម្មុយនិស្ត នៅវៀតណាម។ កាលណោះបើសិនជាគ្មានសម្តេច សីហនុ ជាអ្នកបង្កើតឲ្យមានតុល្យភាពផ្នែកនយោបាយទេនោះ ប្រទេសកម្ពុជាច្បាស់ជាកើតមានសង្គ្រាមស៊ីវិលយ៉ាងឆាប់រហ័ស។
ពួកខ្មែរក្រហមកុម្មុយនិស្ត ប៉ុន្តែមានទំនោរប្រឆាំងនឹងវៀតណាម បានទទួលជ័យជម្នះ និងកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ មុនបក្សកុម្មុយនិស្តវៀតណាម គ្រប់គ្រងទីក្រុងសៃហ្គន (Saigon) តែប៉ុន្មានខែប៉ុណ្ណោះ ប៉ុន្តែកងទ័ពអាមេរិកបានចាប់ផ្តើមចាកចេញពីវៀតណាមខាងត្បូង រយៈពេលពីរឆ្នាំមុននេះទៅហើយ។ បន្ទាប់មកទៀតមានអ្វីកើតឡើងខ្លះនៅប្រទេសកម្ពុជា គឺអន្តរជាតិបានដឹងច្បាស់ណាស់នោះគឺរបបប្រល័យពូជសាសន៍ ដែលបានកាប់សម្លាប់ប្រជាជនខ្មែររាប់លាននាក់ និងសេដ្ឋកិច្ចធ្លាក់ដល់ចំណុចសូន្យ។
រហូតមកដល់សព្វថ្ងៃនេះ សហរដ្ឋអាមេរិកនៅតែទទូចឲ្យកម្ពុជាសងប្រាក់កម្ចីដែលអតីតរដ្ឋាភិបាល លន់ ណុល យកទៅទិញស្បៀងអាហារ និងសព្វាវុធនោះ ជាថ្នូរហ្នឹងការអនុញ្ញាតឲ្យមូលនិធិរូបិយវត្ថុអន្តរជាតិ IMF និងធនាគារពិភពលោក (World Bank) ផ្តល់ប្រាក់កម្ចីណាមួយដល់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។ ជាការពិតនាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន សុខចិត្តមិនអើពើនឹងការទាមទារប្រាក់កម្ចីទាំងនោះ ជាជាងការព្រមសងប្រាក់ទៅឲ្យអាមេរិក ដែលត្រូវបានខ្ចីដោយជនក្បត់ជាតិ ហើយយកមកបំផ្លាញប្រទេសកម្ពុជាយ៉ាងដំណំ។ ពិតណាស់ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មិនបានគិតដូចគ្នានោះឡើយ។
ទោះបីជាខ្មែរក្រហមបានបំផ្លាញស្ទើរខ្ទេចខ្ទីទាំងស្រុង នូវអ្វីៗគ្រប់យ៉ាងដែលកម្ពុជាបានកសាងនោះក៏ដោយ ប៉ុន្តែមកដល់ពេលបច្ចុប្បន្នយើងសង្កេតឃើញប្រទេសនេះ កំពុងព្យាបាលខ្លួនឲ្យបានជាសះស្បើយ គួរឲ្យកត់សម្គាល់។ វាពិតណាស់ថា ប្រវត្តិសាស្ត្រប្រទេសនេះពិតជាយូរលង់ និងមានវិសាលភាពទឹកដីធំធេងកាលពីសម័យអង្គរ ដោយចក្រភពខ្មែរធ្លាប់បានលាតសន្ធឹងដល់ទឹកដីថៃ ឡាវ និងវៀតណាមបច្ចុប្បន្ន។ ភាពរីកចំរើននាសម័យកាលណោះ គឺដោយសារតែការថែរក្សាបាននូវសន្តិភាព និងការចេះគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ទឹកពីទន្លេមេគង្គ និងបឹងទន្លេសាប ដែលធ្វើឲ្យអាណាចក្រខ្មែរអស្ចារ្យបំផុតប្រចាំតំបន់ ដូចដែលមន្ត្រីទូតចិនមួយរូបឈ្មោះ ចូវ តាក្វាន់ ដែលបានមកទស្សនកិច្ចក្រុងអង្គរកាលពីសតវត្សរ៍ទី១៣ និងស្នាក់នៅរយៈពេល ០៣ខែ បានសរសេររៀបរាប់ក្នុងសៀវភៅប្រវត្តិសាស្ត្រ យ៉ាងច្បាស់លាស់នោះឯង។
ប្រវត្តិសាស្ត្រកម្ពុជាបានងើបត្រដែត និងលិចចុះវិញស្ទើរដល់ចំណុចសូន្យ នៅសម័យខ្មែរក្រហម ហើយរហូតដល់ខ្មែរក្រហមដួលរលំ ដោយសារតែការចូលមកដល់នៃកងទ័ពវៀតណាម ដែលកាលណោះមានសហភាពសូវៀតជាខ្នងបង្អែក មតិភាគច្រើនក្នុងនោះមានទាំងនាយករដ្ឋមន្ត្រីសិង្ហបុរី លី ក្វាន់យូ ផងដែរបានគិតថា វៀតណាមប្រាកដក្លាយជាម្ចាស់អាណានិគមដ៏ធំមួយទៀតសម្រាប់កម្ពុជា ជំនួសឲ្យសម័យអាណានិគមនិយមបារាំងនៅឥណ្ឌូចិនមិនខាន។
រយៈពេល១០ឆ្នាំបន្ទាប់មកទៀត ក្រោយទទួលរងសម្ពាធរួមគ្នាពីចិន អាមេរិក និងអាស៊ាន វៀតណាមបានសម្រេចចិត្តដកខ្លួនចេញពីកម្ពុជា។
រយៈពេលក្រោយមកទៀត ជម្លោះព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ បានផ្ទុះឡើងនៅឆ្នាំ២០០៨ ហើយបន្ទាប់ពីសន្តិសុខត្រូវបានស្តារឡើងវិញ ក៏មានការព្រួយបារម្ភអំពីបញ្ហាផ្សេងពាក់ព័ន្ធនឹងកម្ពុជានោះគឺការមើលឃើញប្រទេស កំពុងខិតទៅកាន់តែជិតស្និទ្ធជាមួយប្រទេសចិន។ ជាក់ស្តែងនៅពេលកម្ពុជាបានរាំងខ្ទប់សេចក្តីថ្លែងការណ៍រួមរបស់បណ្តារដ្ឋមន្ត្រីការបរទេសអាស៊ាន ទៅលើបញ្ហានៅតំបន់សមុទ្រចិនខាងត្បូង កាលពីឆ្នាំ២០១២ និងឆ្នាំ២០១៦ មតិភាគច្រើនបានសម្តែងការយល់ឃើញថា សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងដើម្បីផ្គាប់ចិត្តចិន។
កាលពីពេលថ្មីៗនេះសហរដ្ឋអាមេរិក ក៏បានបង្ហាញការព្រួយបារម្ភផងដែរ ចំពោះការអភិវឌ្ឍកំពង់ផែ និងព្រលានយន្តហោះថ្មីនៅខេត្តព្រះសីហនុ ដែលត្រូវបានឧបត្ថម្ភដោយប្រទេសចិន ដោយថា វាអាចនឹងប្រែក្លាយទៅជាមូលដ្ឋានទ័ពរបស់ចិន។ ដើម្បីជាការឆ្លើយតបយ៉ាងសមរម្យនោះ កម្ពុជាបានប្រកាសបើកទ្វារស្វាគមន៍ការស៊ើបអង្កេត ព្រោះរដ្ឋាភិបាលកម្ពុជាចង់បង្ហាញថា ខ្លួនគ្មានអ្វីត្រូវលាក់បាំងឡើយចំពោះរឿងនេះ។
ងាកមកវិញដោយសារតែកត្តាសន្តិភាព និងការបង្កើនកិច្ចសហការនៃអាស៊ាន ដោយទទួលយកកម្ពុជានោះ សេដ្ឋកិច្ចប្រទេសនេះបានទទួលផលប្រយោជន៍ ពីការកើនឡើង នៃវិស័យទេសចរណ៍ ផលិតកម្ម និងកសិកម្ម។ កម្ពុជាស្ថិតនៅក្នុងចន្លោះប្រទេសថៃ វៀតណាម ឡាវ និងដែនសមុទ្រ ដែលជាទីតាំងយុទ្ធសាស្ត្រដឹកជញ្ជូនដ៏សំខាន់មួយ។ គ្មានប្រទេសក្នុងតំបន់អាស៊ានណា ចង់ឲ្យតំបន់អាស៊ីអាគ្នេយ៍នេះក្លាយជាតំបន់កើតមាន សង្គ្រាមជាថ្មីម្តងទៀតនោះឡើយ ក្នុងនោះរួមទាំងកម្ពុជាផងដែរ។
អ្វីដែលប្រទេសកម្ពុជាបានធ្វើយ៉ាងហោចណាស់នៅរយៈពេល ២០ឆ្នាំចុងក្រោយនេះ គឺពិតជាគួរឲ្យភ្ញាក់ផ្អើល។ ទោះបីជាយ៉ាងនេះក្តី មិត្តៗទាំងឡាយរបស់កម្ពុជាគួរតែចងចាំថា ប្រទេសនេះនៅតែស្ថិតក្នុងដំណើរការអភិវឌ្ឍ ប្រកបដោយភាពផុយស្រួយនៅឡើយ។ យើងគួរជួយប្រទេសមួយនេះ ឲ្យមានការអភិវឌ្ឍទៅមុខក្នុងទិសដៅត្រឹមត្រូវ និងមិនត្រូវធ្វើឲ្យដំណើរការនេះកាន់តែលំបាកនោះឡើយ។
បើយោងលើទស្សនវិស័យរបស់ប្រទេសលោកខាងលិចជាច្រើន, ប្រទេសអាស៊ានភាគច្រើន មិនបានស្ថិតនៅក្នុងលំដាប់ស្តង់ដាខ្ពស់របស់ពួកគេផង។ វាមិនអាចសម្រេចបានក្នុងពេលតែមួយយប់នោះឡើយ ប៉ុន្តែវាក៏មិនត្រឹមត្រូវនោះដែរ បើសិនជាមាននរណាម្នាក់ចង់ឲ្យប្រទេសទាំងនេះចុះខ្សោយ។ ជាការពិតណាស់ វានឹងប្រសើរខ្លាំងបើប្រទេសលោកខាងលិចគាំទ្រដល់អាស៊ាន ដែលជាតំបន់មិនចូលបក្សសម្ព័ន្ធ និងមានភាពរស់រវើកខាងសេដ្ឋកិច្ច៕
ដោយ៖ អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី George Yeo (Bangkok Post / Khmer Time)
បកប្រែ និងសម្រួល៖ Fresh News (ថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩)