(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរលោក ធូ ភា អភិបាលរងខេត្ត, លោក ឃ្លោ នួយ អភិបាលរងខេត្ត និងលោក លោកស្រី ប្រធានមន្ទីរអនុប្រធានមន្ទីរ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ស្រះទឹកទំហំបណ្តាយ ២៣ម៉ែត្រ និងទទឹង ១៧ម៉ែត្រ ជូនដល់ពន្ធនាគារខេត្ត ក្នុងការប្រើប្រាស់ប្រកបដោយអនាម័យ សុខភាពល្អ ស្ថិតនៅភូមិភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោក ផាន់ ចាន់ធុល បានថ្លែងថា ការផ្តល់ស្រះទឹកនៅពេលនេះដើម្បីឲ្យមន្រ្តីពន្ធដារ និងអ្នកទោសគ្រប់រូបទាំងអស់ប្រើប្រាស់ ទៅតាមតម្រូវការសំដៅថែរក្សា ការពារសុខភាពឲ្យបានរឹងមាំ អោយមានអនាម័យល្អ និងជាពិសេស សម្រួលដល់មន្រ្តីពន្ធធានាគារផងដែរ។
លោកបន្តថា ថ្នាក់ដឹកនាំពន្ធនាគារ ត្រូវបន្តការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នបន្ថែមទៀតទៅលើសន្តិសុខសណ្តាប់ធ្នាប់ ក្នុងមណ្ឌលអប់រំកែប្រែមួយនេះ ដើម្បីកុំឱ្យមានថ្លោះធ្លោយដោយ ប្រការណាមួយ ជាហេតុធ្វើឱ្យបាត់បង់ជំនឿទុកចិត្តពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដោយគ្រប់វិនាទីត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច តាមដានគ្រប់សកម្មភាព ទាំងនៅក្នុងមន្ទីរឃុំឃាំង និងនៅក្រៅ ហើយចំពោះមន្រ្តីអនុរក្សដែលមានក្រមសីលធម៌ល្អ បំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង គឺត្រូវរៀបចំ ឬស្នើសុំដំឡើងឋានៈបំពេញរចនាសម្ព័ន្ធ ព្រមទាំងពិនិត្យ និងរៀបចំកាំប្រាក់បៀវត្សមន្រ្តីឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់អ្នកជាប់ឃុំទាំងអស់ នៅពេលចាកចេញពីពន្ធនាគារវិញ ត្រូវមានស្មារតីភ្ញាក់រលឹកចេះកែខ្លួន ឈប់ប្រព្រឹត្តនូវអំពើខុសឆ្គងដូចកាលកន្លងទៅ ព្រោះថាបើយើងធ្វើខុស យើងនឹងទទួលទោស ទទួលកម្មពារដែលយើងបានសាង មិនអាចគេចផុតឡើយទាំងបច្ចុប្បន្នជាតិ និងអនាគតជាតិ»។
បើតាមការបញ្ជាក់របាយរបស់លោកឧត្តមសេនីយ៍ទោ លឹម វាសនា ប្រធានពន្ធនាគារខេត្តប៉ៃលិន បានឱ្យដឹងថា៖ បច្ចុប្បន្ននៅក្នុងពន្ធនាគារខេត្តប៉ៃលិន មានអ្នកជាប់ឃុំសរុបចំនួន ៣៣៨នាក់ ស្រី២៨នាក់ ក្នុងនោះជនត្រូវចោទ ៦៨នាក់ ស្រី ០៦នាក់ ជនជាប់ចោទ ១៩នាក់ ស្រី ០១នាក់ ពិរុទ្ធជន ៨៨នាក់ ស្រី ០៥នាក់ ទណ្ឌិត ១៦៣នាក់ ស្រី១៦នាក់ ជនបរទេស ០៧នាក់ អនីតិជន ១២នាក់ និងកូនតាមម្តាយ ០២នាក់៕