(កណ្ដាល)៖ ហាងលក់ទំនិញរបស់ជាជនជាតិចិន ត្រូវបានចោរគាស់ចូលដោយលួចទូដែកមួយគ្រឿង ដោយមានលុយ និងគ្រឿងអលង្កាមួយចំនួនធំ កាលពីថ្ងៃទី១ ខែវិច្ឆិកា នៅផ្សារទំនើបស៊ីងឡុង ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

នៅក្នុងទូដែកនោះមាន៖

*ប្រាក់រៀល ៤០ម៉ឺនរៀល
*ប្រាក់ដុល្លារ ប្រមាណជាង ១០.០០០ដុល្លារ
*ខ្សែក ផ្លាកទីន ០១ខ្សែ និងខ្សែ ដៃផ្លាកទីន ០១ខ្សែ
*លិខិតឆ្លងដែន (ប៉ាស្ព័រ) ២ក្បាល
*កាតធនាគារមួយចំនួន និងអត្តសញ្ញាណបណ្ណជនជាតិចិន ០១សន្លឹក។

ជនរងគ្រោះឈ្មោះ អ៊ូ លីនស៊ីវ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ-ឃុំកើតហេតុ មុខរបរលក់ដូរ។ រីឯជនសង្ស័យវិញ មិនស្គាល់អត្តសញ្ញាណនោះទេ ព្រោះគេចខ្លួនបាត់។

មុនពេលកើតហេតុ ជនរងគ្រោះបានមកបើកហាងលក់ដូរទំនិញគ្រប់មុខ ដែលមានយីហោផ្សារទំនើបស៊ីងឡុង លុះនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ជនរងគ្រោះ និងក្រុមគ្រួសារ បាននៅលក់ដូរធម្មតា រហូតដល់វេលាម៉ោង០១.០០នាទីថ្ងៃទី០១ ខែវិច្ឆិកា ជនរងគ្រោះបានបិទហាង ចាក់សោត្រឹមត្រូវ រួចនាំគ្នាទៅសម្រាកនៅបន្ទប់ជាន់ទី២។

លុះដល់វេលាម៉ោង១២ថ្ងៃត្រង់ ប្ដីរបស់ជនរងគ្រោះ បានចុះមកមើលហាង ស្រាប់តែបាត់មិនឃើញសោរដែលកិបទ្វារពីក្រៅ តែទ្វារនៅបិទ ពេលនោះនាំក៏គ្នារុញទ្វារចូលទៅមើលក្នុងហាង ស្រាប់តែបាត់ទូដែក ដែលដាក់នៅហាងនោះតែម្ដង រួមទាំងសម្ភារដែលមានក្នុងនោះ។ បន្ទាប់មកនៅវេលាម៉ោង១៦ល្ងាច ក៏បានរាយការណ៍មកកាន់សមត្ថកិច្ច នគរបាលប៉ុស្ដិ៍សំពៅពូន។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ និងប៉ុស្ដិ៍ បានកំពុងធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាយកមកចាត់ការតាមនីតិវិធី៕