(កំពង់ស្ពឺ)៖ រសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកយឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងលោក វ៉ី សំណាង អភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការជុំវិញខេត្ត ព្រមជាមួយភ្ញៀវកិត្តិយសមកពីគ្រប់អង្គភាព បានរៀបចំពិធីប្រណាំទូកនៅតាមដងស្ទឹងព្រែកត្នោត ដែលមានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។
មន្រ្តីសាលាខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា គណៈកម្មាការទូកបានរៀបចំទូក «ង» ចំនួន២៥គូស្មើនិង ៤៨ទូក ក្នុងនោះមានប្រភេទទូកផ្កាចារបុរស ៣៣ទូក, ទូកខ្នាតអន្តរជាតិចំនួន ៦ទូក, ទូកខ្នាតអន្តរជាតិនារីចំនួន ៦ទូក, ទូកត្នោតបុរសចំនួន ២ទូក, ទូកខ្ទះបុរចំនួន ២ទូក និងទូកខ្ទះនារីចំនួន ២ទូក។
លោក សរ សុពុត្រា អភិបាលរងខេត្តទទួលបន្ទុកការរៀបចំពិធីប្រណាំងទូកនេះ បានឲ្យដឹងថា ចំនួនទូក «ង» ទាំងអស់ ត្រូវជ្រើសរើសលេខរៀងចំណាត់ថ្នាក់ពីលេខ១ ដល់លេខ ៣ គ្រប់ខ្នាតទូក «ង» ទាំងអស់។
ដូចតាមផែនការគ្រោងទុក គណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ បានការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងពិធីប្រណាំងទូក ដែលធ្វើឡើងនាថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះស្របតាមបណ្តោយដងស្ទឹងព្រែកត្នោត មុខសួនច្បារសម្ដេចព្រះសង្ឃរាជ ជួន ណាត បានយ៉ាងល្អប្រសើរ ដែលមានកម្លាំងការពារសន្តិសុខជាង ៥០០នាក់។
ឆ្នាំនេះតាមរយៈលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បាននាំការប្រគុំតន្ត្រី ព្រមទាំងការប្រកួតកីឡាប្រដាល់អន្តរជាតិជាច្រើនគូរ និងមានការតាំងពិព័ណ៌ ជូនប្រជាពលរដ្ឋសប្បាយ រយៈពេល ២ថ្ងៃផងដែរ ក្រោមកិច្ចការការពារយ៉ាងយកចិត្តទុកដាក់ ហើយយប់នេះមានការប្រគុំតន្ត្រី និងល្បែងកំសាន្តជាច្រើនមុខនៅទីធ្លាសម្តេចសង្ស ជួន ណាត ផងដែរ៕