(ភ្នំពេញ)៖ យុវតី ផាន់ សុមនា គឺជាសិស្សម្នាក់ក្នុងចំណោមសិស្សសរុបចំនួន៨នាក់ ដែលបានប្រឡងជាប់កម្មវិធី ការផ្លាស់ប្តូរបទពិសោធន៍រវាងសាលារៀន និងសាលារៀន (International School to School Experience) ឬ «2019 ISSE Exange Program» រយៈពេល ៣សប្តាហ៍ នៅសហរដ្ឋអាមេរិក។
បន្ទាប់ពីបានផ្លាស់ប្តូរការសិក្សា នៅឯនាយសមុទ្រអស់មួយរយៈនោះ នាងបានធ្វើមាតុភូមិនិវត្តន៍វិញហើយដោយសុវត្ថិភាព កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សិលមិញ។ យុវតីរូបនេះ បានអះអាងថា ៣សប្តាហ៍នៅអាមេរិកនោះ ខ្លួនទទួលបានចំណេះដឹង និងបទពិសោធន៍យ៉ាងច្រើន។
ក្នុងកិច្ចសម្ភាសអំពីការផ្លាស់ប្តូរការសិក្សានេះ សុមនា ថែមទាំងបានប្រាប់ថា ខ្លួនបានស្វែងយល់ពីជីវភាព នៃការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋអាមេរិក ការសិក្សារៀនសូត្រ និងការផ្លាស់ប្តូរវប្បធម៌ប្រពៃណីពីគ្នាទៅវិញទៅមកផងដែរ។
ប្អូនស្រី សុមនា បញ្ជាក់ថា «ខ្ញុំបានរៀនសូត្រជាច្រើន ប៉ុន្តែនៅទីនោះត្រជាក់។ ខ្ញុំនៅជាមួយ Host family ដែលចាំទទួលខ្ញុំ ពួកគាត់ចិត្តល្អណាស់ យកចិត្តទុកដាក់ ហើយបានជូនខ្ញុំទៅកន្លែងប្លែកៗជាច្រើន ដែលខ្ញុំមិនធ្លាប់បានទៅ»។
ប្អូនស្រីបានលើកឡើងទៀតថា ខ្លួនបានជួបមិត្តភក្តិថ្មីៗជាច្រើននៅអាមេរិក និងបានចែករម្លែកវប្បធម៌កម្ពុជា ទៅសិស្សនៅទីនោះ។ អ្វីដែលបានចែករម្លែកនោះគឺ សម្លៀកបំពាក់ អំពីផ្ទៃដីប្រទេសកម្ពុជា ទង់ជាតិកម្ពុជា ព្រះមហាក្សត្រកម្ពុជា និងតំបន់ទេសចរណ៍កម្ពុជា ជាពិសេសគឺប្រាសាទអង្គរវត្តជាដើម។
បើតាម សុមនា បន្ទាប់ពីបានចែករម្លែកវប្បធម៌កម្ពុជា សិស្សអាមេរិកនិយាយថា ពួកគេចង់យល់ដឹងបន្ថែមពីកម្ពុជា ព្រោះថាវប្បធម៌កម្ពុជា គួរឲ្យចាប់អារម្មណ៍។ ប្អូនស្រីក៏បានអះអាងថា ខ្លួនចង់ទៅផ្លាស់ប្តូរការសិក្សា នៅប្រទេសជាច្រើនទៀត នៅលើពិភពលោក ជាពិសេសនោះគឺ ប្រទេសអូស្រ្តាលី និងបារាំងជាដើម។
សូមបញ្ជាក់ថា «2019 ISSE Exange Program» គឺជាកម្មវិធីមួយ ត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប សហការជាមួយសាលា Angevine Middle School នៅសហរដ្ឋអាមេរិក។ សិស្សដែលអាចចូលរួមកម្មវិធីនេះបាន លុះត្រាតែប្រឡងជាប់ ដែលត្រូវបានរៀបចំឡើងដោយតឹងតែងបំផុត។
សិស្សានុសិស្ស បានស្វែងយល់ពីវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់នៃប្រជាជនក្នុងតំបន់នៃរដ្ឋ ខូលូរ៉ាដូ (Colorado) ជាពិសេសបានយល់ដឹងស៉ីជម្រៅពីការរស់នៅប្រចាំថ្ងៃ តាមរយៈការស្នាក់នៅជាមួយក្រុមគ្រួសារ ដែលកំពុងរស់នៅសហរដ្ឋអាមេរិកផ្ទាល់។ បន្ថែមពីចំណេះដឹងទាំងនេះ សិស្សអាចទទួលបានបទពិសោធន៍ក្នុងការសិក្សាថ្មីៗ ដើម្បីមកចែករំលែកដល់សិស្សានុសិស្សដទៃទៀត ដែលពុំទាន់បានចូលរួមផងដែរ។
មួយវិញទៀត កម្មវិធីនេះត្រូវបានរៀបចំឡើង ដើម្បីជាការអបអរសាទរ ដល់សិស្សដែលតែងតែខិតខំប្រឹងប្រែង និងក្លាហាន ក្នុងការប្រកួតប្រជែងវិញ្ញាសា រហូតទទួលបានលទ្ធផលល្អ។ ក្នុងនោះ សិស្សត្រូវបានរៀបចំក្នុងការហ្វឹកហាត់ ឲ្យចេះរៀនរស់នៅដោយឯករាជ្យភាព ការចេះគោរពស្រលាញ់អ្នកដទៃ ការធ្វើការជាក្រុម ការហ្វឹកហាត់ភាសាអង់គ្លេស បែបប្រាស្រ័យទាក់ទង និងចំណេះដឹងពីវប្បធម៌ខ្មែរជាច្រើនទៀត ដើម្បីចែករំលែកដល់សិស្សានុសិស្ស នៅសហរដ្ឋអាមេរិក។
អ្នកគ្រូ អ៉ី សោភា តំណាងឲ្យក្រុមហ៊ុន បានថ្លែងថា បង្ហាញក្តីរីករាយជាខ្លាំង ដោយសារតែបានឃើញសិស្សទាំងអស់ ធ្វើមាតុភូមិនិវត្តន៍មកវិញដោយជោគជ័យ។ អ្នកគ្រូ ក៏បានថ្លែងអំណរគុណ ដល់មាតាបិតាសិស្សទាំងអស់ ដែលបានសហការសម្រួលឲ្យកូនរបស់ខ្លួន បានចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សានៅអាមេរិកលើកនេះ។
តំណាងអាណាព្យាបាល លោក ស សារ័ត្ន បានសម្តែងចំណាប់អារម្មណ៍ថា ការផ្លាស់ប្តូរបទពិសោធន៍រវាងសាលារៀន និងសាលារៀននេះ គឺជាកម្មវិធីដ៏ល្អមួយ ដើម្បីឲ្យកូនរបស់ខ្លួន បានស្វែងយល់ពីចំណេះដឹងខាងក្រៅ។ លោកបន្តថា កូនរបស់លោក ក៏ធ្លាប់បានផ្លាស់ប្តូរការសិក្សានៅក្រៅប្រទេសដែរ ហើយបន្ទាប់ពីមកដល់ប្រទេសខ្មែរវិញ កូនរបស់ខ្លួនមានភាពប្រែប្រួល ពោលមានចំណេះដឹងកាន់តែខ្ពស់ជាងមុន៕