(ភ្នំពេញ)៖ សមាគមសិល្បៈជប៉ុន-កម្ពុជា(JCPAA) បានរៀបចំកម្មវិធីសម្ដែងល្ខោនអូប៉េរ៉ា Madam Butterfly រយៈពេល ៣ថ្ងៃ នៅផ្សារទំនើបអ៊ីអន-សែនសុខ ចាប់ពីថ្ងៃទី០១-០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ ជាមួយការសម្ដែងសិល្បៈមានប្រភពពីបជ្ឈឹមប្រទេសនេះ មានការចូលរួមពីសិល្បករ-សិល្បការិនីល្បីៗរបស់ជប៉ុនជាច្រើន តែអ្វីដែលពិសេស ក៏មានវត្តមានតន្ដ្រីករឆ្នើមរបស់ម្នាក់ គឺលោក សោម ពិសិដ្ឋ ចូលរួមផងដែរ ។
អ្នកស្រី អ៊ីកិដា ហ៊ិសាកុ ប្រធានសមាគមសិល្បះជប៉ុនកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងចង់ផ្ដល់ឱកាសឲ្យតន្ដ្រីករខ្មែរ មានឱកាសបញ្ចេញសមត្ថភាពលើឆាកអន្ដរជាតិ បន្ទាប់ពីសមាគមបានខិតខំបណ្ដុះបណ្ដាលតន្ដ្រីករខ្មែរជាង ១ឆ្នាំកន្លងទៅ ។ ហេតុនេះហើយទើបសមាគមបានអញ្ជើញសិល្បករ-សិល្បការិនីអាជីពពីជប៉ុន ដើម្បីសម្ដែងរួមគ្នាក្នុងល្ខោនអូប៉េរ៉ារឿង “អ្នកស្រីមេអំបៅ” ខាងលើ ។
អ្នកស្រីថា «១ឆ្នាំកន្លងមកនេះ បន្ទាប់ពីយើងខិតខំបណ្ដុះបណ្ដាល យើងជ្រើសរើសបានតន្ដ្រីករឆ្នើមកម្ពុជាម្នាក់ គឺលោក សោម ពិសិដ្ឋ ហើយយើងចង់ឲ្យគាត់មានឱកាសសម្ដែងជាមួយសិល្បករ-សិល្បការិនីល្បីៗមកពីជប៉ុន ។ ការរៀបចំល្ខោនអូប៉េរ៉ានេះ ទោះបីមានការលក់សំបុត្រក៏ពិតមែន តែថវិកាទទួលបាន សមាគមនឹងយកថវិកាទាំងនោះ សម្រាប់ឧបត្ថម្ភដល់ ពិសិដ្ឋ ចូលរួមកម្មវិធីធំៗលើឆាកអន្ដរជាតិ ជាក់ស្ដែងកាលពីខែតុលា ពិសិដ្ឋ បានចូលរួមស្ដែងក្នុងកម្មវិធីដ៏ធំមួយ នៅប្រទេសជប៉ុនផងដែរ» ។
ទន្ទឹមជាមួយគ្នា លោក Miyasato Naoki ដែលសម្ដែងជាតួឯកប្រុសក្នុងរឿងនេះ បានបង្ហាញនូវអារម្មណ៍រំភើបក្រែលែង ក្រោយបានចូលរួមសម្ដែងល្ខោនអូប៉េរ៉ាលើកដំបូងនៅកម្ពុជា ។ ចំពោះសាច់រឿង “អ្នកស្រីមេអំបៅ” នេះ បានឆ្លោះបញ្ចាំងអំពីប្រវត្តិសាស្ដ្រជាក់ស្ដែងមួយ នៃទីក្រុងណាហ្គាសាគិ របស់ប្រទេសជប៉ុន ។ ហេតុនេះលោករំពឹងថា ការនិពន្ធ និងសម្ដែងជាល្ខោនអូប៉េរ៉ានេះ នឹងទទួលបានការគាំទ្រ ពិសេសប្រជាពលរដ្ឋកម្ពុជា ដែលមានយុវជនជាច្រើន កំពុងចាប់អារម្មណ៍អំពីសិល្បៈមួយនេះ ។
គួរបញ្ជាក់ថា សមាគមសិល្បៈជប៉ុន-កម្ពុជា គឺជាអង្គការមិនស្វែងរកបា្រក់ចំណេញ តែមានបំណងរួមចំណែកដល់ការកសាងភាពសុខសាន្ត និងស្ថេរភាពសង្គម ហើយកំពុងព្យាយាមជំរុញការសម្ដែងសិល្បៈ តាមរយៈកម្មវិធីផ្លាស់ប្តូរវប្បធម៌ និងតន្ត្រីមិត្តភាពអន្តរជាតិ រវាងជប៉ុន និងកម្ពុជា ។ ក្នុងឆ្នាំ២០១៩ នេះ សមាគមបានរៀបចំកម្មវិធី "Catch a Cambodian Star2019" ហើយចម្រាញ់បានបេក្ខជនជលាភីម្នាក់ គឺលោក សោម ពិសិដ្ឋ ហើយនៅថ្ងៃអនាគត សមាគមសង្ឃឹមថា នឹងបណ្ដុះបណ្ដាលតន្ដ្រីករខ្មែរ ដែលមានសមត្ថភាពដូច ពិសិដ្ឋ កាន់តែច្រើនផងដែរ៕