(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ និងពាំនាំអំណោយនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ដែលឈរជើងការពារខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ យ៉ាងរឹងមាំ ស្ថិតក្នុងភូមិសាស្រ្តស្រុកមណ្ឌលសីមា ខេត្តកោះកុង។
លោកស្រីអភិបាលខេត្ត បានថ្លែងថា នេះជាសក្ខីភាពមួយដែលលោកស្រីបានឃើញភាពអង់អាចក្លាហ៑ានរបស់កងកម្លាំងប្រដាប់អាវុធការពារបូរណភាពទឹកដី ការពារសុខសុវត្ថិភាពការពារសន្តិភាព ជូនប្រជាពលរដ្ឋ ការពារប្រទេសជាតិ ដើម្បីរក្សាតម្លៃនៃសន្តិភាពដែលបានមកដោយសារការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញមកពីបេះដូងប្រជាពលរដ្ឋកម្ពុជាពិតប្រាកដ ជាពិសេស ការស្វែងរកតម្លៃសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ និងបង្កើន ដើម្បីឈានទៅរកតម្លៃ នៃសន្តិភាពដែលធ្វើឲ្យទទួលស្គាល់នៅលើឆាកអន្តរជាតិ។
លោកស្រីបានថ្លែងថា កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវមានស្មារតីសេហ្នាជាតិការពារសន្តិភាពជូនប្រទេសជាតិ មិនត្រូវជឿលើសម្តីនៃការញុះញង់របស់ជនក្បត់ជាតិទណ្ឌិត សម រង្ស៊ី ជាជនក្បត់ជាតិ ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កំពុងមានសន្តិភាពឲ្យធ្លាក់ចូលក្នុងភាពវឹងវវិញ។
លោកស្រី បានបន្តទៀតថា កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ត្រូវប្តេជ្ញាចិត្តការពាររក្សាតម្លៃ នៃសន្តិភាពជាតិមាតុប្រទេសឲ្យបានសុខបូរណភាពសាច់ស្រស់ឈាមស្រស់ មិនឲ្យជនក្បត់ជាតិទណ្ឌិត សម រង្ស៊ី មកបំផ្លាញសន្តិភាពដែលកើតចេញពីការបោះឆ្នោតស្របច្បាប់ពិតៗ ហើយប្តេជ្ញាមិនឲ្យជនក្បត់ជាតិនេះចូលមកលើទឹកដីកម្ពុជាបានឡើយ៕