(កោះកុង)៖ រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកសាស្រ្តចារ្យ ធា គ្រុយ បានចេញការព្រមានផ្ទាល់មាត់ ទៅដល់ក្រុមគ្រូពេទ្យនៅកម្ពុជាទាំងអស់ ហាមអ្នកជំងឺពីមន្ទីរពេទ្យរដ្ឋ ទៅពិនិត្យព្យាបាលនៅគ្លីនិចឯកជនរបស់ខ្លួន ហើយថ្លែងទៀតថា ការប្រព្រឹត្តបែបនេះ គឺវាខុសក្រមសីលធម៌វិជ្ជាជីវៈ បង្កអត្រាគ្រោះថ្នាក់ដល់ជនរងគ្រោះកម្រិតខ្ពស់ ជាពិសេសប្រឈមចំពោះមុខច្បាប់តែម្តង។
ការព្រមានរបស់មន្ត្រីជាន់ខ្ពស់រូបនេះ បានឡើងថ្លែងក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវវេជ្ជសាស្រ្តបន្ត លើកទី៤ នៅខេត្តកោះកុង កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកសង្កត់ធ្ងន់ទៀតថា ប្រសិននៅតែបន្តប្រព្រឹត្តអំពើខុសឆ្គង ហើយបង្កគ្រោះថ្នាក់ដល់សុខសុវត្ថិភាពអ្នកជំងឺ និងប្រឈមចំពោះមុខច្បាប់ពុំរួចខ្លួនបានឡើយ ករណីធ្វើឱ្យអ្នកជំងឺស្លាប់ក្នុងប្រការណាមួយ។ ក្រុមគ្រូពេទ្យទាំងអស់ដែលកំពុងបំពេញការងារជួយសង្រ្គោះមនុស្ស កុំអួងអាងថាខ្លួនខ្លាំងពូកែ ឬគិតតែប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យប៉ះពាល់សុវត្ថិភាពអ្នកជំងឺ តាមរយៈការដឹកជញ្ជូនអ្នកជំងឺទៅគ្លីនិចផ្ទាល់ខ្លួន ដោយជាទង្វើខុសច្បាប់ និងខ្វះក្រមសីលធម៌វិជ្ជាជីវៈជាពេទ្យ។
រដ្ឋលេខាធិការកស្រួងសុខាភិបាល កត់សម្គាល់ដែរថា ទោះបីជាសព្វថ្ងៃនេះ ក្រុមគ្រូពេទ្យមួយចំនួនធំបានគោរពតួនាទីការងារ និងក្រមសីលធម៌វិជ្ជាជីវៈក៏ដោយ ក៏មានមួយចំនួនតូចនៅតែមានភាពខ្ជីខ្ជារ តាមរយៈបញ្ចូនអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋឲ្យទៅគ្លីនិចផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពអ្នកជំងឺ និងប្រយោជន៍អ្នកជំងឺយ៉ាងខ្លាំង ខណៈវិស័យឯកជនគ្មានឧបករណ៍បច្ចេកទេសវេជ្ជសាស្រ្តគ្រប់គ្រាន់នឹងជួយសង្រ្គោះព្យាបាល។
តបនឹងការព្រមានរបស់រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ហូរ សុហួន ប្រធានមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល និងលោកវេជ្ជបណ្ឌិត ពិន សិរីវឌ្ឍនៈ អនុប្រធានមន្ទីរបង្អែកខេត្តកោះកុង អះអាងរួមគ្នាថា បាតុភាពបញ្ចូនអ្នកជំងឺឲ្យទៅសម្រាកព្យាបាលនៅផ្ទះ ឬគ្លីនិចរបស់គ្រូពេទ្យ ពុំកើតមានទេ ដោយសារតែគណៈគ្រប់គ្រងមន្ទីរពេទ្យដាក់ចេញនូវវិធានការថ្មីៗ ទៅតាមគោលការណ៍ណែនាំរបស់ក្រសួង និងមន្ទីរសុខាភិបាលជាច្រើនដល់ក្រុមគ្រូពេទ្យនាពេលបច្ចុប្បន្ន។
អ្នកគ្រប់គ្រងសេវាសុខាភិបាលរដ្ឋទាំងអស់ គូសបញ្ជាក់ថា មន្ទីរពេទ្យបង្អែកពួកគាត់ បាននិងកំពុងយកចិត្តទុកដាក់ពិនិត្យ និងផ្តល់សេវាព្យាបាលអ្នកជំងឺ ទៅតាមលក្ខណៈបច្ចេកទេសវិនិច្ឆ័យ គោរពក្រមសីលធម៌វិជ្ជាជីវៈ និងឧបករណ៍វេជ្ជសាស្រ្តទំនើបៗដែលមាន ដើម្បីបង្កើនទំនុកចិត្តពីអ្នកមកទទួលសេវា ប្រសិនស្ថានភាពអ្នកជំងឺធ្ងន់ធ្ងរពេក នឹងបញ្ចូនទៅសង្រ្គោះបន្ទាន់នៅរាជធានីភ្នំពេញ។
កាលពីពាក់កណ្តាលខែកញ្ញាកន្លងទៅ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ធ្លាប់ស្នើដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុងទាំងមូល ចាំបាច់ត្រូវបានមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺផ្សេងៗនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក ខេត្ត ឬគ្លីនិចឯកជន ដែលមានលិខិតអនុញ្ញាតពីមន្ទីរសុខាភិបាល ជៀសវាងប៉ះពាល់សុខភាព និងគ្រោះថ្នាក់ប្រកាសណាមួយ។ ចំពោះអង្គភាពសេវាសុខាភិបាលឯកជនណា ហួសសុពលអាជ្ញាបណ្ណលិខិតអនុញ្ញាត ត្រូវប្រញាប់មកចុះស្ថិតបន្តសុពល ភាពប្រើប្រាស់របស់ខ្លួន។
តាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកោះកុង ប្រចាំខែសីហា ឆ្នាំ២០១៩ បង្ហាញថា បច្ចុប្បន្នមានឱសថស្ថាន សេវាពិគ្រោះព្យាបាលអ្នកជំងឺ កន្លែងធ្វើធ្មេញ និងព្យាបាលជំងឺភ្នែកសរុបជិត១១០ទីតាំង។ កន្លងទៅបានចុះបង្ក្រាប និងបិទទីតាំងបណ្តោះអាសន្ននូវពេទ្យធ្មេញចំនួន ២កន្លែង ក្នុងក្រុងខេមភូមិន្ទ។
ក្នុង១ឆ្នាំៗ ក្រសួងសុខាភិបាលកម្ពុជា ចុះបណ្តុះបណ្តាលបង្កើនចំណេះដឹងសមត្ថភាពវិជ្ជាជីវៈដល់ក្រុមគ្រូពេទ្យកម្រិតឧត្តមតាមបណ្តារាជធានី និងខេត្តជាប្រចាំ ក្នុងគោលបំណងដើម្បីផ្តល់ភាពមាំទាំ ពីវិធីសាស្រ្តពិនិត្យព្យាបាលរោគសញ្ញាអ្នកជំងឺ ដែលធ្លាប់កើតមាន និងមិនទាន់មានតាមជំនាញឯកទេសសំខាន់ៗ ដល់គ្រូពេទ្យឲ្យទាន់ស្ថានភាពការណ៍៕