Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តរតនគិរី ជំរុញសិស្សត្រូវប្រើប្រាស់តួនាទីឲ្យបានភាពថ្លៃថ្នូរ មានគុណធម៌ អភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពស័ក្តិសមជាអ្នកបន្តវេនដ៏ល្អ

02-11-2019 14:30

(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានជំរុញឲ្យសិស្សានុសិស្សទាំងអស់ ជាអ្នកបន្តវេនជំនាន់ក្រោយត្រូវប្រើប្រាស់តួនាទីរបស់ខ្លួនឲ្យបានច្បាស់លាស់ រក្សាឲ្យបាននូវភាពថ្លៃថ្នូរ មានគុណធម៌ អភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពរបស់ខ្លួន ស័ក្តិសមជាអ្នកបន្តវេនដ៏ល្អ។

លោកជំរុញបែបនេះ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងឱកាសបើកបវេនកាលឆ្នាំសិក្សា២០១៩-២០២០ នៅវិទ្យាល័យសម្តេចឪ សម្តេចម៉ែក្រុងបានលុង។
លោកបន្តថា សិស្សានុសិស្សជាយុវជនជំនាន់ក្រោយបង្កើនសមត្ថភាពចំណេះដឹង និងជៀសឲ្យឆ្ងាយនូវអំពើអបាយមុខនានាក្នុងសង្គម ត្រូវតែខិតខំធ្វើការអភិវឌ្ឍន៍សមត្ថភាព ចំណេះដឹង និងជំនាញឲ្យបានប្រសើរ ដើម្បីក្លាយជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេនអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។

លោកបានបញ្ជាក់ទៀតថា «ក្មួយៗសិស្សានុសិស្សនិងយុវជនយុវនារីទាំងអស់ ត្រូវខិតខំរៀនសូត្រឲ្យបានខ្ជាប់ខ្ជួន ត្រូវចូលរួមឲ្យបានគ្រប់សកម្មភាព ដើម្បីគាំទ្រដំណើរការអភិវឌ្ឍន៍សាលារៀន និងសង្គមជាតិយើង។ ក្មួយៗត្រូវចងចាំថាបើស្រឡាញ់ខ្លួនយើង ស្រឡាញ់ឪពុកម្តាយ និងស្រឡាញ់អនាគតរុងរឿង ក្មួយៗត្រូវនៅឲឆ្ងាយពីគ្រឿងញៀន ត្រូវចេះណែនាំមិត្តភក្តិពីគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀន»

លោកអភិបាលខេត្តផ្តាំថា សិស្សត្រូវមានការភ្ញាក់រលឹកចេះ ស្រវាស្រទេញយកចំណេះដឹងជំនាញវិជ្ជាជីវៈ សម្រាប់ជីវិតផ្ទាល់ខ្លួនឲ្យបាន ប្រកបដោយភាពថ្លៃថ្នូរ ហើយក្មួយៗត្រូវយល់ឲ្យបានច្បាស់ថា ចំណេះវិជ្ជាគឺជាទ្រព្យដ៏មានតម្លៃ ជាទ្រព្យគាប់ប្រសើរពុំអាចចោលួច ឬឆក់យកបានឡើយ។ ប្រើច្រើនកាន់តែកើនឡើង និងអាចរួមចំណែកអភិវឌ្ឍសង្គមលើកតម្កើងកិត្យានុភាពជាតិ ឲ្យកាន់តែខ្ពស់ត្រដែត និងចម្រើនរុងរឿងប្រកបដោយសុខដុមរមនា។

លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តរតនគិរី បានឲ្យដឹងថា វិស័យអប់រំនៅខេត្តរតនគិរី បច្ចុប្បន្នទទួលបាននូវការអភិវឌ្ឍន៍ជាបន្តបន្ទាប់ មានគ្រូល្អ សិស្សពូកែ សាលាល្អ ដែលទាំងនេះគឺជាការវិវឌ្ឍន៍ថ្មីមួយ នៃវិស័យអប់រំនៅខេត្តដាច់ស្រយ៉ាលមួយនេះ ដែលកត្តានេះបានឆ្លើយតបទៅចក្ខុវិស័យរបស់ ក្រសួងអប់រំយុវជន និងកីឡា ឆ្លើយទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលជាមួយ និងការប្តេជ្ញាឲ្យបានមុំទី១ គឺការពង្រឹងគុណភាពអប់រំវិទ្យាសាសស្រ្ត និងបច្ចេកវិទ្យា៕