(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រុមគ្រូពេទ្យភ្នែកកម្ពុជា សហការជាមួយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ចុះវាស់ភ្នែក និងចែកវ៉ែនតាសម្រាប់អានអក្សរ និងវ៉ែនតាការពារពន្លឺកុំព្យូទ័រ ដោយគិតឥតថ្លៃ ជូនមន្រ្តីរាជការ កងកម្លាំងទាំងបីប្រភេទជាង២០០នាក់ នៅសាលខេត្តបាត់ដំបង។
ពិធីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត តំណាងក្រុមយុវជនស.ស.យ.ក ខេត្ត លោកចក្ខុបណ្ឌិត ប៉ាង សាម៉ន ប្រធានមន្ទីរពេទ្យភ្នែកគៀនឃ្លាំង ពេទ្យភ្នែកកម្ពុជា និងក្រុមការងារជាច្រើនរូបទៀត។
លោកចក្ខុបណ្ឌិត ប៉ាង សាម៉ន ក្នុងនាមក្រុមការងារពេទ្យភ្នែក ដោយកិច្ចសហការជាមួយដៃគូរជាច្រើនទៀត ក្រុមការងារលោកតែងបានចុះជួយពិនិត្យភ្នែក និងចែកវ៉ែនតាជូនមន្រ្តីរាជការ កងកម្លាំងទាំងបី និងប្រជាពលរដ្ឋរហូតមក។ លោកបញ្ជាក់ថា វ៉ែនតាដែលត្រូវយកមកចែកជូននេះ គឺបានពីការចូលរួមពីសប្បុរសជន ក្រុមគ្រូពេទ្យផ្សេងៗ ក្រុមជំនុំគ្រីស្ទាន និងដៃគូរផ្សេងទៀត បានចូលរួមបរិច្ចាក។
លោក អ៊ុយ រី ក្នុងនាមរដ្ឋបាលខេត្ត និងក្រុមប្រឹក្សា ជួសមុខឲ្យមន្រ្តីរាជការខេត្តបាត់ដំបង សូមថ្លែងអំណរគុណ ដល់ក្រុមការងារក្រុមគ្រូពេទ្យភ្នែក សហការជាមួយក្រុមការងារយុវជន ស.ស.យ.ក ខេត្ត បានចុះមកជួយដល់អ្នកដែលមានបញ្ហាភ្នែក នៅក្នុងខេត្តរហូតមក។
ឆ្លៀតក្នុងឱកាសនោះ លោកក៏បានជម្រាបជូន អ្នកចូលរួមពីសភាពនយោបាយថ្មីៗនេះថា ក្រុមបក្ខពួកក្បត់ជាតិ ដែលមានទណ្ឌិត សម រង្សី ជាមេក្លោង បាននិងកំពុងផ្សព្វផ្សាយឃោសនាឲ្យអតីតសកម្មជនរបស់ខ្លួន ដើរគៀងគរប្រមូលផ្តុំក្នុងគោលបំណង ធ្វើសកម្មភាពរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។
លោកបានបន្តថា ដើម្បីជៀសវាងមានទោសទណ្ឌដល់ខ្លួនទាំងមន្រ្តីរាជការ កងកម្លាំងទាំងអស់ និងប្រជាពលរដ្ឋផងដែរ សូមកុំចាញ់បោកជឿឃោសនារបស់ក្រុមក្បត់ជាតិ កុំដើរធ្វើសកម្មភាពអ្វីដែលខុសច្បាប់ឲ្យសោះ ព្រោះបក្ខពួកក្រៅច្បាប់ទាំងនេះ គ្មានសិទ្ធធ្វើអ្វីខុសច្បាប់ទៀតឡើយ៕