(ភ្នំពេញ)៖ ដើម្បីជាការចូលរួមលើកកម្ពស់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមការអប់រំជាលក្ខណៈអន្តរជាតិ ក្រុមហ៊ុន RIELLIONAIRE បានឧបត្ថម្ភមុខវិជ្ជា រ៉ូបូទិក និងកម្មវិធីសរសេរកូដជាមួយនឹងឧបករណ៍សិក្សា និងកែលម្អរបន្ទប់រៀនកុំព្យូទ័ដែលមានស្រាប់ ទៅជាបន្ទប់សិក្សាមួយទំនើបដល់សាលាបឋមសិក្សាព្រះនរោត្តម រាជធានីភ្នំពេញ។
ពីធីបើកសម្ភោធដាក់ឱ្យដំណើរការ បន្ទប់សិក្សាមុខវិជ្ជា រ៉ូបូតស៉ីង ធ្វើឡើងស្របជាមួយនឹងការបើកបវេនកាលឆ្នាំសិក្សាថ្មី របស់សាលាបឋមសិក្សាព្រះនរោត្តម នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកស្រី នូ ថាវរី អភិបាលរងខណ្ឌដូនពេញ, លោក មាស ឆពណ្ណ នាយកសាលាបឋមសិក្សាព្រះនរោត្តម, លោក គុយ ប៉ាន់ឆ័យ នាយកក្រុមហ៊ុន RIELLIONAIRE ព្រមទាំងមានការចូលរួមពីលោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។
លោក មាស ឆពណ្ណ បានឱ្យដឹងថា សម្រាប់ឆ្នាំសិក្សាថ្មី២០១៩ ២០២០នេះ សាលាបានដាក់កម្មវិធីសិក្សាថ្មីចំនួន៤រួមមាន៖ កម្មវិធីរ៉ូបូស៊ីងដែលក្រុមហ៊ុនបានផ្តល់អាហារូបករណ៍ជូនដល់សិស្សក្រីក្រចំនួន៨០នាក់ ចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៤មានរយៈពេល១ឆ្នាំ, ការសិក្សាស្ទែមរយៈពេល៣ឆ្នាំឧបត្ថម្ភដោយTAICA, កម្មវិធីភាសាអង់គ្លេស ដែលឧបត្ថម្ភដោយគម្រោងអូស្ត្រាលី និងកម្មវិធីកុំព្យូទ័រដែលឧបត្ថម្ភដោយអង្គការ JICAជប៉ុន។
លោកនាយកសាលាបានបន្ថែមទៀតថា ជាងនេះទៅទៀត សាលាបានសហការជាមួយក្រុមហ៊ុនបង្កើតថ្នាក់សិក្សាទំនើបមួយ ដោយបញ្ចូលកម្មវិធីសិក្សាភាសាអង់ គ្លេស ចិន កុំព្យូទ័រ ទៅលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា និងកម្មវិធីរ៉ូបូស៊ីង ដើម្បីឲ្យសិស្សមានជំនាញ និងសមត្ថភាពគ្រប់គ្រាន់ឆ្លើយតបទៅនឹងការវិវត្តន៍នៃបដិវត្តឧស្សាហកម្ម៤.០។ កម្មវិធីសិក្សាទាំងនេះនឹងមានការចូលរួមប្រើប្រាស់ថវិកាបដិភាគរបស់មាតាបិតាសិស្ស ហើយថ្នាក់ទំនើបនេះនឹងបើកបវេសនកាលនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ និងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ។
លោកបានបញ្ជាក់ថាការដែលក្រសួងជ្រើសរើសសាលាព្រះនរោត្តមសម្រាប់អនុវត្តសាកល្បងកម្មវិធីសិក្សារ៉ូបូស៊ីងនេះដោយសារតែសាលាមានលទ្ធភាពគ្រប់គ្រាន់ពិសេសអគារសិក្សាថ្មីមួយខ្នងកម្ពស់២ជាន់មាន១២បន្ទប់ ដែលក្រសួងបានផ្តល់ឲ្យកុំព្យូទ័រចំនួន២០គ្រឿង ថេបប្លេកចំនួន៣០គ្រឿងសម្រាប់ឈានទៅបង្កើតសាលាជំនាន់ថ្មី ក្នុងពេលឆាប់ៗនេះ។
លោក មាស ឆពណ្ណបានស្នើឲ្យក្រុមហ៊ុនរៀលលាននែរកម្ពុជា បន្តជួយផ្តល់អាហាររូបករណ៍ដល់សិស្សក្រីក្រ និងគ្មានលទ្ធភាពឲ្យបានច្រើនថែមទៀតដើម្បីឲ្យពួកគេទទួលបានឱកាសសិក្សាពីបច្ចេកវិទ្យាថ្មីៗនិងទំនើបនាសម័យបច្ចុប្បន្ន និងអនាគតផងដែរ។
លោក គុយ ប៉ាន់ឆ័យ បានឱ្យដឹងថា ការដាក់ឱ្យដំណើរការកម្មវិធីសិក្សារ៉ូបូស៉ីង (RoboThink) នៅសាលាបឋមសិក្សាព្រះនរោត្តមនេះ គឺដោយមានការអនុញ្ញាតពីលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ហើយកម្មវិធីសិក្សារ៉ូបូតស៊ីងនេះ គឺជាកម្មវិធីអប់រំបែបស្ទែម ដែលនាំចូលពីសហរដ្ឋអាមេរិក ហើយការដែលលោកបានយកមកជួយឧបត្ថម្ភដល់សាលាព្រះនរោត្តមនេះ គឺដើម្បីជាការចូលរួមមួយជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រីកវិស័យអប់រំនៅកម្ពុជា ស្របតាមគោលនយោបាយ ក្នុងទិភាពភាពទាំង៤របស់រាជរដ្ឋាភិបាល ពោលគឺ មនុស្ស ទឹក ផ្លូវ និងភ្លើង។
លោកបានបញ្ជាក់ទៀតថា មុខវិជ្ជា រ៉ូបូស៊ីង និងកម្មវិធីសរសេរកូដនេះ មានលក្ខណៈពិសេសៗដូចជា ជាឧបករណ៍សិក្សាដែលមានស្តង់ដារខ្ពស់នាំចូលពីប្រទេសកូរ៉េខាងត្បូង, មានកម្មវិធីសិក្សាច្បាស់លាស់, គ្រូបង្រៀនបានទទួលការបណ្តុះបណ្តាលពីគ្រូជំនាញមកពីសហរដ្ឋអាមេរិក។
កម្មវិធីនេះអាចដាក់បង្រៀនដល់សិស្សានុសិស្ស ចាប់ពីកម្រិតបឋមរហូតដល់កម្រិតមធ្យមសិក្សា ដែលជួយបណ្តុះភាពវៃឆ្លាតដល់ពួកគេ ស្របតាមបដិវត្តន៍ឧស្សាហកម្មទី៤ នៃវិស័យបច្ចេកវិទ្យាទំនើបនាសតរត្សទី ២១ ទាក់ទងនឹងការសាងសង់គ្រឿងយន្ត កាច្នៃប្រឌិតដោយប្រើប្រាស់ការស្រមើស្រម៉ៃផងដែរ។
លោក គុយ ប៉ាន់ឆ័យ បានបញ្ជាក់ឱ្យដឹងទៀតថា កម្មវិធីសិក្សា រ៉ូបូស៊ីង នេះបាននឹងកំពុងពង្រីកសាខារបស់ខ្លួនជុំវិញពិភពលោក ហើយក៏មានបណ្តាប្រទេសនៅតំបន់អាស៊ីកំពុងដំណើរការកម្មវិធីនេះយ៉ាងពេញនិយមដូចជា កូរ៉េខាងត្បូង ម៉ាឡេស៊ី និងចិន ជាដើម។ កម្មវិធីសរសេរកូដក៏និងជួយអភិវឌ្ឍសមត្ថភាពខួរក្បាលកុមារ និងយុវជនបានយ៉ាងមានប្រសិទ្ធភាព តាមរយៈការសិក្សាបែបអនុវត្តផ្ទាល់ព្រមទាំងលាយឡំនឹងភាពកម្សាន្តសប្បាយផងដែរ៕