(ភ្នំពេញ)៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្ដែងការជឿជាក់យ៉ាងមុតមាំថា ផលិតផល «មីជាតិ» នឹងទទួលបានការគាំទ្រច្រើនពីប្រជាជនកម្ពុជា ព្រោះផលិតផលនេះពិតជាសមស្របចំពោះប្រជាជនទូទៅគ្រប់កម្រិត ទាំងជីវភាពទាប មធ្យម និងខ្ពស់ ដែលអាចបរិភោគសឹងគ្រប់ពេលវេលាមិនថាព្រឹក ថ្ងៃ ល្ងាច ឬយប់នោះឡើយ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រោងចក្រ «មីជាតិ» របស់ក្រុមហ៊ុន ONE MORE MANUFACTURING CO.,LTD នៅថ្ងៃទី២ ខែវិច្ឆិកានេះ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា នេះជាមោទកភាពមួយរបស់កម្ពុជាផងដែរ ដែលមានក្រុមហ៊ុនខ្មែរក្នុងស្រុករបស់យើងអាចមានសមត្ថភាពបង្កើតផលិតផលដោយខ្លួនឯងបាន តាមស្តង់ដាអន្តជាតិ ជំនួសការនាំចូលពីបរទេស នៅក្នុងវិស័យឧស្សាហកម្មម្ហូបអាហារនេះ។
ជាមួយគ្នានេះ កិច្ចដំណើរការនៃរោងចក្រផលិតមីក្នុងស្រុកដ៏ធំ និងទំនើបនេះក៏បានបង្ហាញពីការរួមចំណែកមួយថ្មីទៀត ពីវិស័យឯកជន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេស ការធ្វើពិពិធកម្មមូលដ្ឋាន សេដ្ឋកិច្ច ក៏ដូចជា ការបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាជនកម្ពុជា ដែលការណ៍នេះបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជនយើង។
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងបញ្ជាក់ថា «ខ្ញុំជឿជាក់ថា ផលិតផល មីជាតិ ថ្មីនេះ ពិតជានឹងទទួលបានការគាំទ្រពីប្រជាជនកម្ពុជា ពីព្រោះ មីជាតិ ត្រូវបានផលិតឡើង ប្រកបដោយស្តង់ដាអន្តរជាតិខ្ពស់ពោល គឺគុណភាពត្រូវបានឆ្លងកាត់ការសិក្សាស្រាវជ្រាវ យ៉ាងល្អិតល្អន់ហើយរោងចក្រ បំពាក់ដោយម៉ាស៊ីន និងបច្ចេកវិទ្យាទំនើបរបស់ជប៉ុន។ ឯរសជាតិទៀតសោត ក៏ធ្វើឡើងតាមតម្រូវចំណង់ចំណូលចិត្ត របស់ប្រជាជនកម្ពុជា ដូចទៅនឹងពាក្យស្លោកមីជាតិ ដែលថា ស្នាដៃខ្មែរ រសជាតិខ្មែរ»។
ចំណែកលោកស្រី ជឹង សុគន្ធាវី នាយិកាក្រុមហ៊ុន ONE MORE MANUFACTURING CO., LTD.បានថ្លែងថា ក្រុមហ៊ុន One More Manufacturing Co., Ltd បានសម្ភោធជាផ្លូវការ នូវរោងចក្រដ៏ទំនើប និងដំបូងគេក្នុងប្រទេសកម្ពុជា ដែលផលិតមីកញ្ចប់មានគុណភាពខ្ពស់ ក្រោមស្លាកសញ្ញា «មីជាតិ»។ នេះជាសមិទ្ធិផលថ្មី ដែលបាននាំមកនូវមោទនភាពស្នាដៃខ្មែរ និងតម្លៃនៃប្រជាជាតិខ្មែរ ដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា។ ជាការពិតណាស់ការវិនិយោគទុននេះ មិនមែនជាការវិនិយោគដោយឯកឯង និងគ្មានផែនការច្បាស់លាស់នោះទេ។ ការវិនិយោគទុននេះ ធ្វើឡើងស្របតាមស្ថេរភាព សន្តិភាព និងការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ដែលកំណើនសេដ្ឋកិច្ច ត្រូវបានរក្សាក្នុងចន្លោះប្រមាណ ៧% នៅអំឡុងពេលជាងមួយ ទសវត្សរ៍ចុងក្រោយនេះ និងដោយផ្អែកលើកម្រិតជីវភាព របស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ។
លោកស្រីថ្លែងបន្ថែមថា លើសពីនេះទៅទៀតនោះយើងក៏សង្កេតឃើញ ពីតម្រូវការឥតឈប់ឈរ ផ្នែកចំណីអាហារ ក្នុងស្រុកផងដែរ។ នេះជាពេលដ៏សមស្របបំផុត ដែលកម្ពុជា គួរមានរោងចក្រផលិតចំណីអាហារក្នុងស្រុក ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ប្រជាជនប្រមាណជាង ១៦លាននាក់ និងកាត់បន្ថយការពឹងផ្អែកលើសង្វាក់ ផលិតកម្ម របស់បរទេស ឬប្រទេសជិតខាង។ ការបង្កើតផលិតផលមីជាតិនេះឡើង គឺជាបំណងប្រាថ្នា និងជាការខិតខំប្រឹងប្រែងដ៏មុះមុតរបស់ក្រុមការងារ ដែលប្តេជ្ញាចិត្តបង្កើតផលិតផលជាតិ ដែលមានគុណភាពខ្ពស់ និងការទទួលស្គាល់ពីសំណាក់មហាជន ប្រជាពលរដ្ឋខ្មែរ នៅក្នុងទីផ្សារជាតិយើង។ មីជាអាហារប្រចាំថ្ងៃ ដែលមានប្រជាប្រិយ បន្ទាប់ពីបាយហើយ ក៏ជាអាហារដែលចំណាយពេលតិចក្នុងការចំអិន និងងាយស្រួលរៀបចំសម្រាប់បរិភោគ។ ហើយផលិតផលមួយនេះ ពិតជាសមស្រប ចំពោះប្រជាជនទូទៅគ្រប់កម្រិត ទាំងជីវភាពទាប មធ្យម និងខ្ពស់ ដែលអាចបរិភោគសឹងគ្រប់ពេលវេលា មិនថាព្រឹក ថ្ងៃ ល្ងាច ឬយប់។ នេះជាចំណុចលេចធ្លោមួយ ដែលផ្តល់ជាថាមពល ដល់ក្រុមការងារខិតខំប្រឹងប្រែង ក្នុងការបន្តបេសកម្មមួយនេះឲ្យបានជោគជ័យ។
លោកស្រីថ្លែងបន្តថា ក្រុមការងារ បង្កើតផលិតផលិតនេះឡើង ដោយប្រកាន់ភ្ជាប់នូវគោល បំណងចម្បង៣រួមមាន៖
*ទី១៖ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យផលិតចំណីអាហារ ក្នុងស្រុកឲ្យមានភាពជឿនលឿន មិនចាញ់ប្រទេសជិតខាង។ ពោលគឺសំដៅកាត់បន្ថយការ ពឹងផ្អែកទៅលើការនាំចូលផលិតផល ពីបរទេស
*ទី២៖ ដើម្បីផ្គត់ផ្គង់បំពេញតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ តាមរយៈការផលិតចំណីអាហារនៅក្នុងស្រុក ដែលប្រកបដោយអនាម័យ សុវត្ថិភាព និងស្តង់ដាសមស្រប
*ទី៣៖ ដើម្បីចូលរួមបង្កើតឱកាសការងារថ្មីៗបន្ថែមទៀត ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របតាមគោលការណ៍អភិវឌ្ឍន៍ វិស័យឧស្សាហកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា។
ដោយផ្អែកលើស្មារតីខាងលើផលិតផលមី ជាតិត្រូវបានផលិតជាផលិតផលខ្មែរ ដំបូងគេនៅលើទីផ្សារកម្ពុជា ដែលបង្កើតឡើងដោយស្នាដៃខ្មែរ ដើម្បីបំពេញតម្រូវការរបស់អតិថិជន ដែលជាប្រជាពលរដ្ឋខ្មែរ។ មីជាតិត្រូវបានបង្កើតឡើងតាមរយៈការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ផ្ចិតផ្ចង់ សម្រិតសម្រាំងបំផុត និងផលិតដោយប្រើប្រាស់ម៉ាស៊ីន នាំចូលពីប្រទេសជប៉ុន និងបច្ចេកវិទ្យាទំនើបរបស់ប្រទេសជប៉ុន ដើម្បីផ្តល់នូវផលិតផលគុណភាពខ្ពស់ មានអត្ថប្រយោជន៍ដល់សុខភាព និងរសជាតិខ្មែរពិតៗ។
លោកស្រីសូមអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់ទាំងអស់ឲ្យចូលរួមគាំទ្រផលិតផលស្នាដៃខ្មែរនេះ ដើម្បីចូលរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក៏ដូចជាគាំទ្រផលិតផលក្នុងស្រុក។ ក្រុមហ៊ុនមីជាតិ នឹងបន្តអភិវឌ្ឍខ្លួនទៅមុខទៀត ដើម្បីឲ្យក្លាយជាក្រុមហ៊ុនជាតិ ដែលត្រូវបានទទួលស្គាល់ក្នុងវិស័យផលិតមីកញ្ចប់ នៅទីផ្សារក្នុងស្រុក ។ ក្រុមហ៊ុនមីជាតិ ប្តេជ្ញាថានឹងបន្តខិតខំពង្រឹង គុណភាពផលិតផល ផ្តល់ជូនសេវាកម្មកាន់តែប្រសើរ និងបង្កើតកម្មវិធីថ្មីល្អៗជាច្រើនទៀត ដើម្បីបម្រើ អតិថិជនឲ្យបានល្អបំផុត និងបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋកម្ពុជា ក្រោមពាក្យស្លោកថា «មីជាតិ ស្នាដៃខ្មែរ រសជាតិខ្មែរ»។
ក្រោមរូបភាពជាផលិតផលជាតិ យើងប្រកាន់នូវឆន្ទៈខ្មែររួបរួម ខ្មែរជួយខ្មែរ ដើម្បីមោទនភាពជាតិខ្មែរ។ ដូច្នេះ មីជាតិ ក៏មិនខុសពីផលិតផលទឹកពិសាវីតាល់នោះដែរ គឺបានយកចិត្តទុកដាក់ទៅលើការ ចូលរួមក្នុងសកម្មភាពជួយសង្គម និងសប្បុរសធម៌។ នៅឆ្នាំ២០២០ខាងមុខនេះ ក្រុមហ៊ុនមីជាតិ នឹងចូលរួមសហការ រៀបចំព្រឹត្តិការណ៍ សប្បុសរធម៌ថ្នាក់ជាតិ ដើម្បីជាចលនារបស់ប្រជាជនកម្ពុជា រួមគ្នាប្រមូលថវិកាជួយទ្រទ្រង់មន្ទីរពេទ្យ គន្ធបុប្ផា ជាមួយនឹងមូលនិធិគន្ធបុប្ផាកម្ពុជា។
គួរបញ្ជាក់ថា មីជាតិត្រូវបានផលិតដោយមានរសជាតិបីជម្រើស គឺរសជាតិខគោ សាច់ជ្រូកចិញ្រ្ចាំ និងស៊ុបមាន់ ដែលរសជាតិទាំងបីនេះ ត្រូវបានឆ្លងកាត់ការពិសោធន៍ ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីឲ្យសមស្របទៅតាមបែបបទរសជាតិខ្មែរ និងការពេញនិយមរបស់អតិថិជន។ដើម្បីជានិរន្តរភាព និងភាពយូរអង្វែងនៃផលិតផលមីជាតិ ដែលជាផលិតផលស្នាដៃខ្មែរ រសជាតិខ្មែរ៕