(ភ្នំពេញ)៖​ នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃកំណត់​ នៃការប្រកាសវិលចូលស្រុករបស់ទណ្ឌិត សម រង្ស៊ី​ មេចលនាឧទ្ទាមក្រៅច្បាប់​ ដែលបានរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា​ នៅថ្ងៃទី០៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៩។

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ​ បានបង្ហាញវីដេអូផ្លូវការមួយ​ ដោយបង្ហាញថា​ «ភ្ញាក់រលឹកសារភាពកំហុសជាគុណសម្បត្តិដ៏ប្រពៃដើម្បីការពារជាតិ សាសនា និងព្រះមហាក្សត្រ»។

តាមរយៈវីដេអូ ដែលមានរយៈពេល១៧នាទីនេះ​ បានបង្ហាញនូវចម្លើយសារភាពរបស់អតីតថ្នាក់ដឹកនាំ និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិជាច្រើនដែលប្រកាសឈប់គាំទ្រ និងពួកគេក៏បានបកអាក្រាតអំពីផែនការរដ្ឋប្រហារដែលគ្រោងធ្វើនៅថ្ងៃ ៩ វិច្ឆិកា ២០១៩ក្រោមលេសនៃការវិលចូលប្រទេសរបស់ទណ្ឌិតសម រង្ស៊ី និងគូកន។

នៅក្នុងចម្លើយសារភាព ក៏បានបញ្ជាក់ផងដែរថា មូលហេតុដែលធ្វើឱ្យពួកគេឈប់គាំទ្រ និងចូលមកសារភាព គឺដោយសារអ្នកទាំងនោះមានស្មារតី ភ្ញាក់រលឹក ហើយពួកគេមិនចង់ចូលរួមក្នុងសកម្មភាពខុសច្បាប់ និងខុសពីអ្វីដែលពលរដ្ឋខ្មែរទូទៅចង់បាន។

នៅក្នុងវីដេអូនោះ ក៏បានបញ្ជាក់ផងដែរថា ការចូលខ្លួនមកសារភាពកំហុសគឺជាការកសាងគុណសម្បត្តិដ៏ប្រពៃក្នុងការចូលរួមថែរក្សាភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ។ ជម្រើសល្អបំផុតសម្រាប់ខ្សែបណ្តាញរបស់ទណ្ឌិត សម រង្ស៊ី ក៏ដូចជាអ្នកគាំទ្រសម រង្ស៊ី ផ្សេងទៀតដែលពាក់ព័ន្ធក្នុងផែនការរដ្ឋប្រហារនេះ គឺការចូលមកសារភាពចំពោះមុខអាជ្ញាធរមានសមត្ថកិច្ចដើម្បីទទួលបានការលើកលែងទោសផង និងដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រផង និងការពារសុខសន្តិភាព សម្រាប់កូនចៅយើងផង។

រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ បានចាត់ទុកថា ការប៉ុនប៉ងធ្វេីរដ្ឋប្រហាររបស់​ ទណ្ឌិត​ សម​ រង្ស៊ី​ និងបក្ខពួក​ ជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិនិងប្រជាពលរដ្ឋ​ ដែលត្រូវតែមានវិធានការតាមផ្លូវច្បាប់។

ខាងក្រោមនេះជាវីដេអូបង្ហាញពីការភ្ញាក់រលឹកចូលសារភាពកំហុស​របស់សមាជិកក្រុមឧទ្ទាម៖