(ភ្នំពេញ)៖ សំរាមជាច្រើនមានដូចជាថង់ដាក់ចំណី ចានស្នោ កំប៉ុងប៊ីយៀ និងដបទឹកសុទ្ធផងដែរ ត្រូវបានពង្រាយរាយប៉ាយនៅបរិវេណអាកាសយានដ្ឋានអន្តរជាតិច្រកពិសេស ដែលជាច្រកមួយប្រើសម្រាប់ថ្នាក់ដឹកនាំធ្វើដំណើរចេញចូលក្រៅប្រទេស។
មន្ត្រីបម្រើការងារនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញច្រកពិសេសនេះ បានប្រាប់អ្នកព័ត៌មាន Fresh News ឱ្យដឹងថា សំរាមរាយប៉ាយយាយីបរិវេណដ៏ស្រស់ស្អាតនេះ គឺបន្សល់ដោយក្រុមគ្រួសារ សាច់ញាតិរបស់កងកម្លាំងរក្សាសន្តិភាព ដែលអញ្ជើញមកជូនដំណើរកងកម្លាំងមួកខៀវចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅក្រៅប្រទេសកាលពីយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩។
ដើម្បីសំអាតបរិវេណនេះឱ្យបានស្អាតឡើងវិញ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្របពេលដែលសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូត្រូវប្រើច្រកនេះ ដើម្បីហោះចេញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននាទីក្រុងបាងកក ប្រទេសថៃផងនោះ ក្រុមអនាម័យជាច្រើន ត្រូវបានខាងអាកាសយានដ្ឋានបញ្ចេញមកបោសសំអាត និងប្រមូលសំរាម ក៏ដូចជាបាញ់ទឹកលាងសំអាតបែកញើសទាំងព្រឹកព្រលឹម។
ក្រោយពីការប្រមូល បោសសំអាត និងលាងជម្រះមួយប្រាវទៅ បរិវេណក្នុងអាកាសយានដ្ឋានច្រកពិសេសនេះ ក៏បានស្អាតបាតដូចធម្មតាវិញ។
តាមរយៈទិដ្ឋភាពនៃការចោលសំរាមរាយប៉ាយ បានស្តែងឱ្យឃើញថា ប្រជាពលរដ្ឋខ្មែរយើងមួយចំនួនទៅតែខ្វះស្មារតីក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ពោលហូបហើយ គឺបោះស្រេចតែចិត្តមិនបានគិតគូរពីការយកទុកដាក់នៅតាមធុងសំរាមដែលគេពង្រាយនៅទីនោះឱ្យបានសមរម្យនោះឡើយ។
តាមរយៈអត្ថបទនេះ គេរំពឹងថា ប្រជាពលរដ្ឋជាសាច់ញាតិកងទ័ពមួកខៀវទាំងអស់ នឹងមានការផ្លាស់ប្តូរឥរិយាបថ ពេលទៅទទួល ឬជូនដំណើរសាច់ញាតិលើកក្រោយ ពេលហូបចុកហើយនឹងមិនបោះសំរាមពាសវាលពាសកាលបែបនេះទៀតនោះឡើយ។ មានតែការចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវនោះទេ ទើបសំរាមមិនរាយប៉ាយនៅកន្លែងដែលយើងរស់នៅ ឬកន្លែងដែលយើងមានវត្តមាន៕